តាកែវៈ អភិបាលខេត្តតាកែវនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាទៅចែកជូន ស្ដ្រីទើបសម្រាលកូនចំនួន ៤០ នាក់ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកអង្គរកា នៅថ្ងៃទី ២៦ ខែកុម្ភៈនេះ ដើម្បីអបអរសាទរទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ។
លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមដំណើរដោយលោក លោកស្រី សមាជិក សមាជិកា នាយកប្រតិបត្តិសាខា និង អភិបាលក្រុងដូនកែវ រួមជាមួយមន្ត្រីពាក់ព័ន្ធបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកឃីត ព្រមទាំងថវិកាកាកបាទក្រហមកម្ពុជាមួយចំនួនផ្ដល់ជូនស្ដ្រីទើបសម្រាលកូនចំនួន ៤០ នាក់ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកអង្គរកា។
លោកអភិបាលខេត្តបានឱ្យដឹងថា ការផ្តល់ជូននេះដើម្បីចូលរួមអបអរសាទរទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ ២០២២ ក្រោមប្រធានបទ «ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ»។
លោក អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តតាកែវបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករឭកពីសំណាក់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការ សកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា មកជម្រាបជូនបងប្អូនស្ត្រី។ លោកក៏បានណែនាំឱ្យបងប្អូនរៀនរស់នៅតាមគន្លងថ្មី ៣ កុំ ៣ ការពារ ក្នុងបរិបទនៃជំងឺកូវីដ ១៩ ផងដែរ។
លោកបញ្ជាក់ដែរថា៖ «អំណោយមនុស្សធម៌ដែលបានយកមកផ្ដល់ជូនដល់ស្ត្រីទើបសម្រាលកូនរួមមាន៖ សារុង ១ ទឹកដោះគោ ២ កំប៉ុង ស្ករស ១ គីឡូក្រាម សាប៊ូ ១ កញ្ចប់ ម្សៅកូនក្មេង ១ កំប៉ុង ខោអាវទារក ១ សម្រាប់ និងថវិកាចំនួន ២ ម៉ឺនរៀលផងដែរ»៕