សៀមរាបៈ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ដឹកនាំ​កម្លាំង​ចុះ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បង្ក្រាប​បាន​ឈើ​ប្រណីត​ ១៨ ​ដុំ នៅ​ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ តាមផ្លូវ​ជាតិ​លេខ​ ០៦ ស្ថិតនៅ​ភូមិ​រកាកំបុត ឃុំ​ត្រពាំងធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

របាយការណ៍​របស់​អគ្គស្នងការ​នគរបាលជាតិ​បានឱ្យដឹងថា នៅ​ថ្ងៃទី ​២៤ ខែកុម្ភ: ឆ្នាំ​ ២០២២ វេលា​ម៉ោង​ ១៥:០០​ នាទី​ល្ងាច លោក​វរសេនីយ៍ត្រី ព្រាប រីសារ៉េត នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ដឹកនាំ​កម្លាំង​ចុះ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បង្ក្រាប និង​ប្រគល់​ទទួល​ករណី​បទល្មើស​ដឹក​ផល អនុផល​ព្រៃឈើ​ខុសច្បាប់​។

ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បង្ក្រាបបាន​រថយន្ត​ម៉ាក​កាម៉ារី​បាឡែន​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q 5242 ដែល​បាន​ដឹកឈើ​ធ្នង់ ចំនួន​ ១៨​ ដុំ គ្មាន​លិខិត​អនុញ្ញាត​ក្នុង​ពេល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​ ១៩ ខែកុម្ភៈ ឆ្នាំ​ ២០២២ វេលា​ម៉ោង​ ២០ និង​ ០០ ​នាទី តាមផ្លូវ​ជាតិ​លេខ​ ០៦ ស្ថិតនៅ​ភូមិ​រកាកំបុត ឃុំ​ត្រពាំងធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

សូមបញ្ជាក់ថា វត្ថុតាង​ដែល​កម្លាំងចម្រុះ​រកឃើញ​រួមមានៈ រថយន្ត​ម៉ាក​កាម៉ារីបាឡែន ចំនួន ១ ​គ្រឿង ឈើ​ធ្នង់ ចំនួន ១៨ ​ដុំ ស្មើនឹង ​០,៨៩១ ​ម៉ែត្រគុប​។ ក្រោយ​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​រួច សមត្ថកិច្ច​ចម្រុះ​បានប្រគល់​ទៅឱ្យ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ប្រាសាទបាគង ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​៕