ភ្នំ​ពេញៈ​ គណៈ​កម្ម​ការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត «​​គ​.​ជ​.​ប​» ​ និង​អ្នក​ជំនាញ​ការ​របស់​ជ​ប៉ុន ​កាល​ពី​ថ្ងៃទី ​២៥​ ខែកុម្ភៈ​ ឆ្នាំ ​២០២២ បាន​ផ្លាស់​ប្តូរ​បទ​ពិសោធ​ន៍​លើ​ការ​រៀប​ចំ​កិច្ច​ការ​ការងារ​បោះឆ្នោត​ និង​ការ​អប់រំ​អ្នក​បោះ​ឆ្នោត​ រវាង​ប្រទេស​ទាំង​ពីរ​ សម្រាប់​ត្រៀម​អនុវត្ត​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី ៥​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​ ៥ ​ខែមិថុនា​ ឆ្នាំ​ ២០២២ ខាង​មុខ​នេះ​ ។​​​

លោក ​ហង់​ ពុទ្ធា ​អ្នក​នាំ​ពាក្យ​ គ​.​ជ​.​ប​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២៧​ ខែកុម្ភៈ​នេះ​ ថា​ ភាគី​ជប៉ុន​ បាន​បង្ហាញ​បទ​ពិសោធន៍​​នៃ​ការ​អប់រំ​ដល់​សាធារណៈ​ជន​ និង​អ្នក​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​ជប៉ុន​ជូន​មក​ដល់​គ​.​ជ​.​ប​ ដើម្បី​អនុវត្ត​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥​នេះ ។​ ជា​មួយគ្នា​នេះ ​គ​.​ជ​.​ប​ ក៏​បាន​ចែក​រំលែក​នូវ​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា នៅ​ក្នុង​វិស័យ​បោះ​ឆ្នោត​នេះ​ជូន​ដល់​អ្នក​ជំនាញ​ការ​រប​ស់​ប្រទេស​ជប៉ុន​ផង​ដែរ​​។​​

លោក​បន្ត​ថា​ ​តាម​រយៈ​ជំនួប​ពិភាក្សា​នេះ​ គ​.​ជ​.​ប ​ ក៏​បាន​ស្នើសុំ​អ្នក​ជំនាញ​ការ​បស់​ប្រទេស​ជប៉ុន​ឱ្យជួយ​បន្ត​លើ​សេវា​ផ្ទុក​ទិន្ន​ន័យ អ្នក​បោះឆ្នោ​ត​ ​ព្រោះ​សម្ភារៈ​មួយ​ចំនួន​ ​ក៏​ទទួល​រង​នូវ​ការ​ខូច​ខាត ​និង ​ រេច​រិល ​ខណៈ​បច្ចុប្បន្ន​នេះ​ អ្នក​ជំនាញ​ការ​បស់​ជ​ប៉ុន​ផ្នែក​អប់រំ​សាធារ​ណៈ​ជ​ន ​និង​អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​ បាន​នឹង​​កំពុង​បម្រើ​កា​រងារ​ជា​មួយ​ គ​.​ជ​.​ប​ ដោយ​ផ្ទាល់​។​

លោក​ថ្លែង​ថា​៖​ ​«​ ពួក​គាត់​ បាន​លើក​យក​ការ​ចែក​រំលែក​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​បទ​ពិសោធន៍​នៅ​ក្នុង​ប្រទេស​ជប៉ុន ​ ហើយ​ គាត់​សង្ឃឹម​ គ​.​ជ​.​ប​ នឹង​ជ្រើស​រើស​យក​វិធី​សាស្ត្រ​ណាមួយ​ តាម​ដែល​យើង​គិត​ថា​ សម​ស្រប​ស្ថាន​ភាព​នៃ​ប្រទេស​យើង ​។​ មួយ​វិញ​វិញ​ទៀត​ ​ជប៉ុន​បាន​បញ្ជាក់​ប្រកប​ដោយ​បទ​ពិសោធ​ដែរ​ថា ​ នៅ​ពេល​មន្ត្រី​គ​.​ជ​.​ប​ ចុះ​អប់រំ​ដោយ ​ផ្ទាល់​ជាមួយ​ប្រជា​ពលរដ្ឋ​ ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​ស្គាល់​មន្ត្រី​បោះឆ្នោត​ នៅ​ពេល​ដែល​គាត់​ស្គា​ល់​ហើយ​ គាត់​មាន​ភាព​ជឿជា​ក់​ដល់​ស្ថាប័ន​គ​.​ជ​.​ប​ »​។​

លោក​បញ្ជាក់​ទៀត​ថា​ ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ​គ​.​ជ​.​ប​ បាន​កត់​ស​ម្គាល់​ និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដែល​បច្ចុប្បន្ន​កំពុង​សហ​ការ​ផង និង ​ត្រៀម​សហការ​ទៅ​មុខ​ទៀត​ ក្នុង​ការ​រៀប​ចំ ​និង​អប់រំ​អ្នក​បោះ​ឆ្នោត​ ព្រោះ​ភាគី​ជប៉ុន​ បាន​ជួយ​កម្ពុជា​លើ​ផ្នែក​រៀបចំ​ការ​បោះ​ឆ្នោ​ន​នេះ ​ចាប់​តាំ​ង​ពី​កម្ពុជា​រៀប​ចំ​ការ​បោះ​ឆ្នោត​ ដំបូង​ រហូត​មក​ទល់​នឹង​ពេល​នេះ ​។​​

​ទោះជា​​យ៉ាង​ណា​ ភាគី​​ជប៉ុន​ មិន​ទាន់​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ​ទេ ​ចំ​បោះ​ការ​ស្នើសុំ​​ជំនួយ​បន្ថែម​ ប៉ុន្តែ ​គ​.​ជ​.​ប ​ មាន​​ក្តី​រំពឹង​ថា ភាគី​ជប៉ុន​នឹង​ស្ថិត​នៅ​ ​ជា​មួយ​នឹ​ង​ គ​.​ជ​.​ប​ ជា​រៀង​រ​ហូត និង​គ្រប់​កាលៈ​ទេសៈ ​សម្រាប់​ការ​ងារ​ អប់រំ​ អ្នក​បោះឆ្នោ​ត ​ និង​សាធារណៈ​ជ​ន​ ​ជា​ដើម ​និង​អ្វីៗ​ផ្សេង​ទៀត​ ដែល​ភាគី​ជប៉ុន​ អាច​ធ្វើ​បាន​ ​។​ ​

បើ​តាម​ លោក ​ហង់ ​ពុទ្ធា ​ជប៉ុន​ គឺ​ជា​មិត្ត​ស្មោះ​ត្រង់​ជា​មួយ​កម្ពុជា ​និង​ដើរ​តួនាទី​ដ៏​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ដំណើរ​ការ​ក្នុង​ដំណើរ​រៀប​ចំ​ការ​បោះឆ្នោ​ត​នីមួយៗ​ ព្រោះ ​ជប៉ុន​ មិន​សម្លឹង​មក​រក​ផល​ប្រយោ​ជន៍​ខាង​នយោបា​យ​ណា​មួយ​ជា​មួយ​កម្ពុជា​នោះ​ទេ ជប៉ុន​ស្ថិត​នៅ​ជា​មិត្ត​ ហើយ ​ជួយ​ជា​លក្ខណៈ​ជា​ទូ​ទៅ ​ជា​ពិសេស ​ប្រជា​ពល​រដ្ឋ ​ដោយ​មិន​មាន​លក្ខ​ខណ្ឌ​អ្វី​ នោះ​ទេ ​។​ ​

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ​លោក ​សោម ​សូ​រី​ដា ​អគ្គ​លេខាធិ​ការ​រង​គ​.​ជ​.​ប​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២៧​ខែកុម្ភៈ​នេះ​ថា ​ភាគី​ជប៉ុន​បាន​ជួយ​ដល់​ដំណើរ​ការ​រៀប​ចំ​ការ​បោះឆ្នោ​ត​ដល់​កម្ពុជា ​ចាប់​តាំង​ពី​កម្ពុជា​រៀប​ចំ​ការ​បោះឆ្នោ​ត​ដោយ​ខ្លួន​កាល​ពី​ឆ្នាំ​១៨៩៨ រហូត​មក​។ ​ដូច្នេះ​ តួនាទី​របស់​ភាគី​ជប៉ុន​ដែល​បាន​ជួយ​ដល់​គ​.​ជ​.​ប​ គឺ​ពិត​ជា​មាន​អត្ថន័យ​យ៉ាង​ធំធេង​ ព្រោះ​ប្រទេស​ជប៉ុន​ គឺ​ជា​ប្រទេស​អនុ​វត្ត​នូវ​ការ​បោះ​ឆ្នោត​តាម​របប​ប្រជា​ធិ​ប្ប​តេយ្យ​សេរី​ ពហុបក្ស ​និង​មួយ​វិញ​ទៀត​ ការ​ជួយ​របស់​ភាគី​ជប៉ុន​នេះ​គឺជា​ជំនួយ​ស្ថាបនា​ពិត​ប្រាក​ដ​ ដោយ​ប្រា​ថ្នា​ឱ្យ​កម្ពុជា​ និង​​ប្រជា​ពលរដ្ឋ​មាន​គោល​ការណ៍​រួម​មួយ​ និង​លក្ខណៈ​ពិ​សេស​សម្រាប់​ដំណើរ​ការ​បោះ​ឆ្នោត​។​

លោក​បន្ត​ថា​ ទោះ​ជា​មា​ន​ការ​វាយ​តម្លៃ​មួយ​ចំនួន​ថា​ ការ​រៀប​ចំ​ការ​បោះឆ្នោ​ត​របស់​កម្ពុជា​ មិន​ទាន់​មាន​ស្តង​ដារ​ និង​មិន​មាន​ប្រទេស​ណា​មួយ​ជួយ​ដល់​កម្ពុជា​នោះ​ទេ ​ប៉ុន្តែ ​ភាគី​ជប៉ុន​នៅ​តែ​បន្ត​ជួយ​ដល់គ​.​ជ​.​ប ក្នង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​គ្រប់​អាណត្តិ​។ ជាក់​ស្តែង​កាល​ពី​ឆ្នាំ ២​០២១ ​កន្លង​មកនេះ ​ភាគី​ជប៉ុន​បាន​បញ្ជូន​​អ្នក​ជំនាញ​ការ​ផ្នែក​ខាង​អប់រំ​អ្នក​បោះឆ្នោ​ត​ ​មក​ធ្វើ​ការ​នៅ​គ​.​ជ​.​ប ដើម្បី​រៀប​ចំ​កម្ម​វិធី ​ និង​សកម្ម​ភាព​ការ​ងារ​របស់​​គ​.​ជ​.​ប​ ក្នុង​គោល​ដៅ​អប់រំ​អ្នក​បោះ​ឆ្នោត​​។

លោក​ថ្លែង​ថា​៖​ ​«​ អីចឹង​ទេ ​កា​ល​ពី​ប៉ុន្មាន​ថ្ងៃ​មកនេះ ​ភាគី​​ជប៉ុន​ ដែល​អញ្ជើញ​មក​ពិភាក្សា​ជា​មួយ​គ.​ជ​.​ប​ ​នេះ​ គឺ​ជា​អតីត​ប្រធាន​គណៈ​កម្មការ​រៀប​ចំ​កា​របោះ​ឆ្នោត​ជប៉ុន ​។​ ​ពួក​គាត់​មក​សិក្សា​ពី​យើង​ផង​ គាត់​ផ្តល់​បទ​ពិសោធន៍​ជប៉ុន​ឱ្យ​មក​គ​.​ជ​.​ប​ ផង​ ​។​ ​អីចឹ​ង យើង​ពិត​ជា​មាន​មោន​ភាព​ យើង​មិន​ឯកោ​ទេ ​ យើង​នៅ​ជា​មួយ​នឹង​ពិភព​លោក ​ដោយ​មា​ន​ភាគី​ជប៉ុន​ជួយ​កិច្ច​ការងា​រ​បោះ​ឆ្នោត​​​ដែរ​​​»៕​

​​​​​