បន្ទាយ​មាន​ជ័យៈតុលា​ការ​ខេត្ត​បន្ទាយ​មាន​ជ័យ​សម្រេច​ឃុំខ្លួន​បុរស​ស្រវឹង​ខួប​ម្នាក់​ក្នុង​ពន្ធ​នាគារ​ខេត្ត ​បន្ទា​ប់ពី​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន២​ថ្ងៃ​ ពាក់ព័ន្ធ​ចាប់​ក្មេងស្រី​វិកល​ចរិត​ម្នាក់​រំលោភ​សេព​សន្ថវៈ​ប្រព្រឹត្ត​នៅ​ឃុំ​ណាំ​តៅ ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយ​មាន​ជ័យ​។

លោក​ស្រី ឌី សុជាតិ ស្នង​ការរង​ទទួល​ផែន​ការងារ​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​ ខេត្ត បន្ទាយ​មាន​ជ័យ​ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​នៅ​ថ្ងៃទី​២៧ កុម្ភៈ​ថា បុរស​ឈ្មោះ ​ដូ​ត ពៅ ​អាយុ​៥៤​ឆ្នាំ ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ នៃ​សា​លាដំ​បូង​ខេត្ត​បន្ទាយ​មាន​ជ័យ​ចេញ​ដីកា​ឃុំ​នៅ​ពន្ធនា​គារ​ហើយ​។

លោក​ស្រី​ថ្លែង​ថា៖«ករណី​ជន​សង្ស័យ​ម្នាក់​នេះ​ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​សម្រេច​ចេញ​ដីកា​ឃុំ​ព្រឹក​មិញ​នេះ​ឯង(ថ្ងៃទី​២៧​កុម្ភៈ)។ ការ​ឃុំខ្លួន​នេះ​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សេព​សន្ថវៈ​»។

លោក​ ឃុំ វ៉ា​យ ​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ ​ណាំ​តៅ ក្នុង​ស្រុក​ភ្នំព្រឹក បាន​ប្រាប់​នៅ​ថ្ងៃទី​២៧​ កុម្ភៈ​ថា ​ក្មេង​ស្រី​រងគ្រោះ​ឈ្មោះ ​ម.ណ​ អាយុ​១៥​ឆ្នាំ រស់​នៅ​ក្នុង​ឃុំ ណាំ​តៅ ស្រុក​ភ្នំ​ព្រឹក ខេត្ត​បន្ទាយ​មាន​ជ័យ និង​មាន​ឪពុក​ម្តាយ​ជា​អ្នក​ស៊ី​ឈ្នួល​ធ្វើ​ចម្ការ​ដំបូង​មី​ឱ្យ​គេ​ប៉ុន្តែ​ក្មេង​រង​គ្រោះ​ជា​មនុស្ស​សតិ​មិន​គ្រប់​ទេ។​

លោក​បន្ត​តាម​សម្តី​សាច់​ញាតិ​របស់​ក្មេង​ស្រី​រងគ្រោះ​ថា​ជន​សង្ស័យ​ឈ្មោះ​ដូ​ត ពៅ ​ជា​មនុស្ស​ញៀន​ស្រា​ស្រវឹង​ខួប​ស្ទើរ​តែ​បាត់​ស្មារ​តី​ទៅ​ហើយ​ ហើយ​ក្មេង​ស្រី​រងគ្រោះ​ក៏​ជាម​នុស្សវិ​កល​ចរិត​ដែរ។ នៅ​មុន​ពេល​កើត​ហេតុ​ថ្ងៃទី​២៥ កុម្ភៈ​ ឆ្នាំ​២០២២ ​ក្មេង​ស្រី​រងគ្រោះ​បាន​ដើរ​លេង​ក្នុង​ភូមិ​ ហើយ​ក៏​ត្រូវបាន​ជន​សង្ស័យ​ចាប់​អូស​ចូល​ក្នុង​ផ្ទះ ​និង​ធ្វើ​សកម្ម​ភាព​ចាប់​បង្ខំ​រំលោភ​ក្មេង​រង​គ្រោះ​រហូត​បាន​សម្រេច​តែ​ម្តង​។

លោក​បន្ត​ទៀត​ថា តែ​ចៃ​ដន្យ​ ខណៈ​ជន​សង្ស័យ​កំពុងធ្វើ​សកម្ម​ភាព​ពោប​លើ​នាង ​ស្រាប់​តែមាន​បុរស​ម្នាក់​ឈ្មោះ​ឆាវ​ ឈួ​រ អាយុ​៤០ឆ្នាំ ​ដែលជា​​មនុស្ស​ញៀន​ស្រា​ដូចគ្នា​បាន​ដើរ​ចូល​ទៅ​ទាន់​ ហើយបាន​​ស្រែកប្រា​ប់​ជន​សង្ស័យ​កុំឱ្យ​ធ្វើបា​ប​ក្មេង​រង​គ្រោះ​។ ភ្លាមៗនោះ​បុរស​ដែល​បាន​ឃើញ​ហេតុកា​រណ៍​នោះបា​ន​ទៅ​ប្រាប់​យាយ​របស់​ក្មេង​រង​គ្រោះ និង​ប្តឹង​មក​សមត្ថ​កិច្ច​របស់​លោក​នៅ​ថ្ងៃទី​២៥​ កុម្ភៈ​តែ​ម្តង​។

លោក​​ឃុំ វ៉ា​យ ​បញ្ជាក់​​ថា៖«យាយ​របស់​ក្មេងរងគ្រោះ​បានមក​ប្តឹង​ខ្ញុំ​ហើយ​ខ្ញុំ​បាន​សុំ​គោល​ការណ៍​ពី​លោក​ ប៉ិក គឹម​ហ៊ា​ក អធិកា​រន​គរបាល​ស្រុក​ភ្នំស្រុក​ចុះ​ចាប់​ខ្លួន​នៅថ្ងៃនោះ​​ឯង។គាត់​បាន​សារ​ភាព​ប្រាប់​យើង​អំពី​រឿង​នេះ​អស់​ហើ​យ»​។

បើ​តាម​លោក​ឃុំ វ៉ា​យ ជន​សង្ស័យ​ម្នាក់​នេះ​មាន​ប្រពន្ធ​កូន​ដែរ​ ប៉ុន្តែ​ដោយ​សារតែ​គាត់​ញៀន​ស្រា​ចេះតែ​ដើរ​ផឹក​ដែល​ហាក់​ក្លាយ​ទៅជា​មនុស្ស​វិក​លចរិត​ទៅ​ហើយ។ដោយឡែ​ក​ក្មេងស្រី​រងគ្រោះ​ក៏បាន​ឆ្លើយ​ស៊ីចង្វា​ក់​នឹង​ចម្លើយ​របស់​ជន​សង្ស័យ​ដែរ​ ទើប​សមត្ថ​កិច្ច​សម្រេច​ឃាត់​ខ្លួន​ទៅ​៕