ភ្នំពេញៈនាយក​ដ្ឋាន​បុរាណ​វិទ្យា​និង​អភិរក្ស​នៃ​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក​សហ​ការ​ជាមួយ​វិទ្យា​ស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទា​ល​បាន​រៀបចំ​កម្មវិធី​បណ្តុះ​បណ្តាល​ «​បេតិក​ភណ្ឌ​វប្បធម៌​ប្រាសាទ​សំបូរ​ព្រៃ​គុក​» ដើម្បី​បង្ហាត់​បង្ហាញ​ដល់​សិស្ស​-​និស្សិត​ស្វែង​យល់​កាន់តែ​ច្បាស់​នូវ​តម្លៃ​សម្បត្តិ​បេតិក​ភណ្ឌ ក៏ដូច​ជា​ការ​អភិរក្ស​នៅ​រមណីយ​ដ្ឋាន​ប្រា​សាទ​សំបូរ​ព្រៃគុ​ក​​។

យោង​តាម​ហ្វេស​ប៊ុក​ អាជ្ញា​ធរ​ជាតិ​សំបូរ​ព្រៃ​គុក​នៅ​ថ្ងៃទី​២៦ ​ខែកុម្ភៈ​ ​បានឱ្យ​ដឹងថា កម្មវិធី​បណ្តុះ​បណ្តាល «​បេតិក​ភណ្ឌ​វប្បធម៌​ប្រាសាទ​សំបូរ​ព្រៃគុ​ក​»នេះ​ធ្វើឡើង​​ក្រោម​អធិបតី​ភាព​លោក ច័ន្ទ វិត្ថារ៉ុង ប្រ​ធាន​នាយក​ដ្ឋាន​បុរាណវិ​ទ្យា និង​អភិរក្ស និង​មាន​ការ​ចូលរួ​ម​ពី​លោក​នាយក​រង​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កំពង់​ឈើ​ទាល​ ថ្នាក់​ដឹក​នាំ​មន្ត្រី និង​បុគ្គលិក​នៃ ​អ.ជ.ស.ព. ព្រម​ទាំង​លោក​គ្រូ សិស្ស​-​និស្សិត ​សរុប​ ៦០នាក់​​។

អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក​បញ្ជាក់​ថា​៖ «​ប្រធាន​បទ​សំខាន់ៗ​ចំនួន​២​ គឺ «​ប្រវត្តិ​ប្រាសាទ​សំបូរ​ព្រៃ​គុក​» និង«​បេតិក​ភណ្ឌ​វប្បធម៌​ប្រាសាទ​សំបូរ​ព្រៃ​គុក​» ត្រូវបាន​លើក​មក​ធ្វើ​បទ​បង្ហាញ​ជូន​សិស្ស-​និស្សិត ​និង​សិក្ខា​កាម​ក្នុង​កម្មវិធី​បណ្តុះ​បណ្តាល​ទាំង​មូល​ ដោយ​ថ្នាក់​ដឹក​នាំ​នាយក​ដ្ឋាន​បុរាណ​វិទ្យា និង​អភិ​រក្ស​នៃ​អាជ្ញា​ធរ​ជាតិ​សំបូរ​ព្រៃ​គុក​​»​។

អាជ្ញាធរ​នេះ​បានឱ្យ​ដឹង​ថា ​កម្មវិធី​បណ្តុះ​បណ្តាល​នោះ​ក៏បាន​រៀបចំ​ការ​បង្ហាញ​ស្តីពី«​ការងារ​អភិរក្ស​ប្រាសាទ​សំបូរ​ព្រៃគុក​» នៅ​រមណីយ​ដ្ឋាន​ប្រាសា​ទ​សំបូរ​ព្រៃគុក​ដោយ​ផ្ទាល់​ជូន​ទៅដល់​ក្រុម​សិស្ស​-​និស្សិត ដោយ​មាន​ការ​បែងចែក​ជា​ក្រុម​ដឹកនាំ​ក្រុម​ដោយ​មន្ត្រី​និង​បុគ្គលិក​ជំនាញ​នៃ​នាយក​ដ្ឋាន​បុរា​ណវិទ្យា និង​អភិរក្ស​ ដើម្បី​ងាយ​ស្រួល​ក្នុងការ​បង្ហាត់​បង្ហាញជូ​ន​ឱ្យ​កាន់​តែមាន​ភាពច្បាស់​លាស់​ និង​ទទួល​យល់ដឹ​ង​គ្រប់ៗ​គ្នា​។​

អាជ្ញា​ធរ​ជាតិ​សំបូរ​ព្រៃគុក​បាន​ឱ្យដឹង​ទៀត​ថា​៖«​គោល​បំណង​នៃ​ការរៀបចំ​កម្មវិធី​បណ្តុះបណ្តាល​នេះ​ឡើងគឺ​ដើម្បី​បង្ហាត់ប​ង្ហាញ​ដ​ល់​សិស្ស​-​និស្សិត ដើម្បី​ស្វែងយ​ល់​កាន់តែច្បា​ស់​នូវ​តម្លៃ​សម្បត្តិ​បេតិក​ភណ្ឌ ក៏ដូច​ជា​ការ​អភិរក្ស​នៅ​រមណីយ​ដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃគុ​ក ព្រមទាំង​បញ្ជ្រាប​នូវ​គំនិត​ចូលរួម​ថែរក្សា​ការពារ​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​មួយ​នេះ​ក្នុង​បច្ចុប្បន្ន និង​ទៅ​អនាគត​»​។

អ្នក​ស្រី ស៊ុ​ន ធារី គ្រូ​បង្រៀន​នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យាកំ​ពង់​ឈើ​ទាល ​ថ្លែង​នៅ​ថ្ងៃ​ទី​២៧ ​ខែកុម្ភៈ​ថា វគ្គប​ណ្តុះ​បណ្តា​លស​ម្រាប់​សិស្ស​និស្សិត​ឲ្យ​មាន​ការ​យល់ដឹ​ងនូវ​តម្លៃ​សម្បត្តិ​បេតិក​ភណ្ឌ ​និង​កា​រអភិរក្ស​នៅ​រមណីយ​ដ្ឋាន​ប្រាសា​ទ​សំបូរ​ព្រៃ​គុក​នេះ ​មិន​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំឡើ​យ។ ប៉ុន្តែ​ជាក់​ស្តែង​មុន​ពេលកា​ររា​តត្បាត​ជំងឺកូវី​ដ១៩ ​ផ្ទុះ​ខ្លាំង ​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក​ និង​វិទ្យា​ស្ថាន​បច្ចេក​វិទ្យាកំ​ពង់​ឈើទាល​ បាន​សហ​កា​រគ្នាជា​បន្ត​បន្ទាប់​ ក្នុ​ងការបើក​សិក្ខា​សា​លាដើ​​ម្បីផ្សព្វ​ផ្សាយ​ដល់​សិស្ស​ដល់ប្រ​ជាជ​ន ទា​ក់​ទង​ផ្នែក​ផ្សេងៗ​ របស់​អាជ្ញា​ធរ​ជាតិ​សំបូរ​ព្រៃ​គុក។​

អ្ន​កស្រី​ថ្លែងថា៖​ «នៅ​ពេល​កូវីដផ្ទុះ​ខ្លាំង​យើង​មិនបា​នប្រមូ​លផ្តុំគ្នា​ដើម្បីបើក​ជា​សិក្ខា​សា​លាអីទេ ប៉ុន្តែ​កាល​ពីម្សិ​លមិញ​ហ្នឹង​[ថ្ងៃ​ទី​២៦​ខែកុម្ភៈ] យើង​ចា​ត់ទុក​ថា​ជាសិ​ក្ខាសាលា​​ថ្មី សម្រាប់​នៅពេ​ល​ដែលកូ​វីដ​បាន​ស្រាក​ស្រាន្តប​ន្តិច​ហើយ​នៅថ្ងៃ​ទី២​ឬទី​៣ ខែ​ក្រោយ​នេះក៏​នឹងមា​នសិ​ក្ខាសា​លា​មួយ​ទៀតផ្ស​​ព្វផ្សាយ​ដល់​សិ​ស្សដែរ ក៏ប៉ុ​ន្តែអាហ្នឹង​ផ្នែក​ខាងបេ​តិក​ភ​ណ្ឌខាង​មន្ទីវ​ប្បធម៌​»​​៕