​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ប្តេជ្ញា​រួមគ្នា​រៀបចំ​គម្រោង​ផែនការ អប់រំ​អ្នកបោះឆ្នោត និង​អនាគត​អ្នកបោះឆ្នោត​ឱ្យបាន​ហ្មត់ចត់ ច្បាស់លាស់ មាន​ប្រសិទ្ធភាព និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។​

យោងតាម​លិខិត​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប​. នៅ​ថ្ងៃទី ២៥ ខែកុម្ភៈ បានឱ្យដឹងថា សិក្ខាសាលា​រយៈពេល ២ ថ្ងៃ ស្តីពី​ការអប់រំ​អ្នកបោះឆ្នោត​ជាប្រចាំ​នៅ​កម្ពុជា សម្រាប់​មន្ត្រី គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវបាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។​

លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ដោយស្មោះ​ចំពោះ​មន្ត្រី គ​.​ជ​.​ប គ្រប់លំដាប់​ថ្នាក់ ប្រធាន​លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល ជាពិសេស គណៈកម្មការ​រៀបចំ​កា​រ បោះឆ្នោត​ទីក្រុង​តូ​ក្យូ (ECT/ គ​.​ជ​.​ប ជប៉ុន​) តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា តំណាង​ទីស្នាក់ការ កណ្តាល និង​ការិយាល័យ JICA ព្រមទាំង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បានរួម​សហការគ្នា​ខិតខំ ផ្តល់​គំនិត​ដ៏​ឧត្តុង្គឧត្តម ដើម្បី​ធ្វើឱ្យ​សិក្ខាសាលា​មួយ​នេះ​ទទួលបាន​លទ្ធផល​ល្អ​។​

លោក ទេព នីថា បាន​ថ្លែងថា នេះ​គឺជា​សិក្ខាសាលា​លើកដំបូង​នៃ​ការអនុវត្ត​កម្មវិធី​រួមគ្នា​របស់ គ​.​ជ​.​ប និង JICA ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​សមត្ថភាព ចំណេះដឹង ក្នុង​គោលដៅ ធានា​ឱ្យបាន​នូវ​ផែនការ កម្មវិធី​អប់រំ​អ្នកបោះឆ្នោត​ជាប្រចាំ​មាន​ភាព​ពេញលេញ​គ្រប់គ្រាន់ គ្រប់​ជ្រុងជ្រោយ ច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព ជាមួយ​ការគោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ការគោរព​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ ដើរ​ទន្ទឹមគ្នា​នឹង​បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង​ព័ត៌មានវិទ្យា នាពេល​បច្ចុប្បន្ន​។​

អគ្គលេខាធិការ គ​.​ជ​.​ប បាន​លើកឡើងថា ផ្អែក​តាម​របាយការណ៍​សង្ខេបនៃ​អង្គសិក្ខាសាលា​នេះ អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា​សម្រេច​ឱ្យបាន​នូវ​ទិសដៅ​សំខាន់ៗ​ចំនួន​៣ រួមមាន​ទី​១ ត្រូវខិតខំ​រួមសហការ​គ្នា​រៀបចំ​គម្រោង​ផែនការ​អប់រំ​អ្នកបោះឆ្នោត និង​អនាគត​អ្នកបោះឆ្នោត​ឱ្យបាន​ហ្មត់ចត់ ច្បាស់លាស់ មាន​ប្រសិទ្ធភាព និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​គ្រប់ ជ្រុងជ្រោយ​។

ទី​២ រៀបចំ​បង្កើត​ឯកសារ​មេរៀន​អប់រំ និង​ឯកសារ​បណ្ដុះបណ្ដាល​ឱ្យបាន​ល្អ​គ្រប់គ្រាន់ ផ្អែក​តាមច្បាប់ បទបញ្ជា និង​នីតិវិធី​បច្ចុប្បន្នភាព និង​តាមរយៈ​ស្មារតី​នៃ​អង្គសិក្ខាសាលា​នាពេលនេះ​ផងដែរ​។ និង​ទី​៣ បង្កើត​ក្រុម​គ្រូឧទ្ទេស​បណ្តុះបណ្តាល ក្រុម​គ្រូ​បង្គោល​អប់រំ​ដែលមាន​ជំនាញ​ច្បាស់លាស់ មាន​គរុកោសល្យ​ត្រឹមត្រូវ មានបទពិសោធន៍ ច្នៃប្រឌិត និង​មាន​ភាពវាងវៃ​គ្រប់គ្រាន់ ដែល​អាចឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​ចាំបាច់​។

ជាមួយគ្នានេះដែរ ឯកឧត្តម ទេព នីថា បាន​ជម្រាបជូន​អង្គសិក្ខាសាលា​ថា ក្នុង​រយៈពេល​ចាប់ ពី​ឆ្នាំ​២០២២ រហូតដល់​ឆ្នាំ​២០២៤ គ​.​ជ​.​ប ត្រូវ​រៀបចំ​ការបោះឆ្នោត​ចំនួន ៤ ទៅតាម​ការកំណត់​នៃ​ច្បាប់​ដែល​រួមមាន​៖ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ និង ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ លើក​ទី​៤ ឆ្នាំ​២០២៤​។​

លោក ទេព នីថា បាន​សង្កត់ធ្ងន់ថា​៖«​តាម​បទពិសោធន៍​ដើម្បី​សម្រេចបាន​ជោគជ័យ លើ​ការងារ​រៀបចំ​ការបោះឆ្នោត​ទាំងអស់នេះ គឺ​មានតែ​ការរួម​សហការគ្នា អនុវត្ត​ប្រកបដោយ ការទទួលខុសត្រូវ​តាម​តួនាទី​តាម​ការកំណត់​នៃ​ច្បាប់ និង​សមស្រប​តាម​សភាពការណ៍​ជាក់ស្តែង​»​។

លោក ប៉ា ចន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ថ្លែង​នៅ​ថ្ងៃទី ២៧ ខែកុម្ភៈ​ថា ជា​រឿង​ល្អ​មួយ​ដែល គ​.​ជ​.​ប​. និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួន​ប្តេជ្ញា​រួមគ្នា​បង្កើត​គម្រោង​ផែនការ​អប់រំ​អ្នកបោះឆ្នោត​ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​ការចូលរួម​ការបោះឆ្នោត​នៅពេល​ខាងមុខ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ត្រូវ​ឲ្យ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន នៅក្នុង​ការធានាបាន​នូវ​លំហ​ប្រជាធិបតេយ្យ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អាចធ្វើ​សកម្មភាព​លើកកម្ពស់​ការ យល់ដឹង​និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​។

លោក​ថ្លែងថា​៖«​កន្លងមកនេះ ក៏មាន​ការគាបសង្កត់ ឬក៏​ការរំខាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ទាក់ទង​នឹង​សកម្មភាព​របស់​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ដែល​ធ្វើ​សកម្មភាព​ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​សម្រាប់​ការបោះឆ្នោត​នៅពេល​ខាងមុខ​» ។

លោក ឡឹ​ក សុធា អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ថ្លែង​នៅ​ថ្ងៃទី ២៧ ខែកុម្ភៈ​ថា បើសិនជា គ​.​ជ​.​ប បង្កើត​វគ្គ​បណ្តុះបណ្តាល ឬ​ផ្សព្វផ្សាយ​អំពី​ការបោះឆ្នោត​នោះ​ជា​រឿង​ល្អ ព្រោះ​ការធ្វើ​បែបនេះ​ជាហេតុ​នាំ​ឲ្យ​មានការ​ជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ​មួយចំនួន​ចាប់ផ្តើម​យល់​អំពី​សិទ្ធិ​របស់ខ្លួន ដើម្បី​អនុវត្ត​សិទ្ធិ អនុវត្ត​កត​ព្វ​កិច្ច​ក្នុងការ​ជ្រើសរើស​អ្នកដឹកនាំ​បានល្អ​តាំងពី​ថ្នាក់មូលដ្ឋាន រហូតដល់​ថ្នាក់ជាតិ​។

លោក​ថ្លែងថា​៖«​វា​ជា​រឿង​ល្អ ជាទូទៅ​ប្រសិនបើ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​អំពី​ការបោះឆ្នោត សារៈប្រយោជន៍​នៃ​ការបោះឆ្នោត នីតិវិធី​នៃ​ការបោះឆ្នោត និង​ចំណុច​ផ្សេងៗ​ទៀត​ដែល​ធានាបាន​ដល់​តម្លាភាព សេរីភាព និង​យុត្តិធម៌​នៅក្នុង​ការបោះឆ្នោត​» ៕