កំពង់ធំៈ ​សមត្ថកិច្ច​នគរបាល​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​កំពង់បន្ត​នីតិវិធី​ស្រាវជ្រាវ លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹកឈើ​ដ៏​ធំ​មួយគ្រឿង បុក​រះ​រថយន្ត​Lexus 330 និង រថយន្ត RAV4​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​-​ស្រី​៤​នាក់​រងរបួស​ធ្ងន់ និង​ស្រាល​។​

លោក ទូច ដា​រា អធិការរង​ស្រុក​បារាយណ៍ ទទួលបន្ទុក​ផ្នែក​ចរាចរណ៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ​ថា ក្រោយពេល​កើតហេតុ​ភាគី​អ្នកបើកបរ​រថយន្ត​ដឹកឈើ បាន​រត់គេចខ្លួន បន្សល់ទុក​តែ​រថយន្ត​មាន​ពាក់​ស្លាក​លេខ ភ្នំពេញ​3A-9224​ក្រឡាប់​ផ្ងារជើង និង ឈើ​ដ៏​ច្រើនសន្ធឹក​សន្ធាប់ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦A ត្រង់ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​១២៦ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ស្វាយ​ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ ចំណែក​ភាគី​រថយន្ត Lexus 330 និង រថយន្ត​RAV4 បាន​រងរបួស​ធ្ងន់​និង​ស្រាល​។

លោក ដា​រា បាន​បញ្ជាក់ថា​៖«​តំណាង​ភាគី​រថយន្ត Lexus330 និង RAV4 បាន​អះអាងថា រថយន្ត​ដឹកឈើ​ដ៏​ធំ​នោះ ជា​អ្នកបង្ក​គ្រោះថ្នាក់​ចរាចរណ៍ មកលើ​ពួកគេ​។ ទោះយ៉ាងណា មកទល់ពេលនេះ យើង​នៅ​មិនទាន់​សម្រេច​ធ្វើការ​សន្និដ្ឋាន ឬ ដាក់បន្ទុក​ទៅលើ​ភាគី​ណាមួយ​នៅឡើយ​ទេ​។ យើង​កំពុង​រង់ចាំ​ភាគី​អ្នកបើកបរ​រថយន្ត​ដឹកឈើ ចូលខ្លួន​មក​ឆ្លើយបំភ្លឺ​ជា​មុនសិន​»​។​

បើតាម​លោក ដា​រា នៅពេលនេះ សមត្ថកិច្ច​បាន​ស្ទូច​រថយន្ត​វត្ថុតាង​នៃ​បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៣​គ្រឿង ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ ដើម្បី​រង់ចាំ​គ្រប់ភាគី​ទាំងអស់​ចូលខ្លួន​មក​សម្របសម្រួល​ដំណោះស្រាយ​តាមផ្លូវ​ច្បាប់​។

ជុំវិញ​ករណីនេះ អ្នកស្រី មាស មុន្នី​ឡែ​ន តំណាង​ភាគី​រថយន្ត Lexus 330 បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គាត់​និង​ប្ដី​របស់គាត់ គឺ​លោក នឹង ម៉ា​រី​ណា បាន​រងរបួស​ស្រាល ប៉ុន្តែ​រថយន្ត​របស់គាត់​ខូចខាត​យ៉ាងដំណំ ក្រោយពី​រថយន្ត​ឡាន​ដឹកឈើ បាន​បុក​ទង្គិច​បណ្ដាល​ឲ្យ​ដាច់​កង់​មុខ​ផ្នែក​ខាងឆ្វេង​។​

អ្នកស្រី​បាន​ថ្លែងថា​៖«​ខ្ញុំ​បាន​ចូលខ្លួន​ឆ្លើយបំភ្លឺ​ប្រាប់​សមត្ថកិច្ច​នគរបាល​រួចហើយ​លើ​ករណីនេះ គឺ រថយន្ត​ឡានធំ​ដឹកឈើ​នោះ បាន​បើក​មក​បុក​រថយន្ត​របស់​ពួកយើង រួច​បន្ត​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត មុនពេល​ក្រឡាប់​»​។​

ជាមួយគ្នានេះ តំណាង​ភាគី​ខាង​រថយន្ត RAV4 លោក អ៊ឹង ស៊ី​គ័ង អាយុ​៥៧​ឆ្នាំ ជា​ជន​ជាតិចិន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គាត់​រងរបួស​ស្រាល ប៉ុន្តែ​ប្រពន្ធ​របស់គាត់ គឺ​លោកស្រី ហ្វូ ម៉ី​លី​ញ អាយុ​៥៥​ឆ្នាំ បាន​រងរបួស​ធ្ងន់ ក្រោយ​ពី​រថយន្ត​ដឹកឈើ​ដ៏​ធំ​នោះ បាន​បុក​មកលើ​រថយន្ត​របស់​គាត់​។ បច្ចុប្បន្ន ពួកគាត់​កំពុង​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​។​

លោក​ស៊ី​គ័ង បាន​បញ្ជាក់ថា​៖«​ប្រពន្ធ​ខ្ញុំ​ជា​អ្នកបើកបរ គាត់​បាន​រងរបួស​បាក់ឆ្អឹង​ជំនី និង​ឆ្អឹងត្រគាក។ ចំណែក​ខ្ញុំ​ជា​អ្នករួមដំណើរ​លើ​រថយន្ត RAV4 រងរបួស​ដៃ​បន្តិចបន្តួច​ប៉ុណ្ណោះ​»​។

លោក​បាន​បន្ថែមថា​៖«​ឡានធំ​ដឹកឈើ​នោះ បើក​លឿន​ណាស់​។ បន្ទាប់មក​បាន​បុក​ជាមួយ​ឡានតូច​មួយគ្រឿង នៅ​ពីមុខ​ឡាន​របស់​ពួកយើង ហើយ​ឡានធំ​នោះបាន​បន្ត​មក​បុក​ឡាន​ពួកយើង រួច​ហើយក៏​ក្រឡាប់​តែម្ដង​»​។

បើតាម​លោក​ស៊ី​គ័ង នៅពេលនេះ ខាង​ក្រុមហ៊ុន​ធានារ៉ាប់រង​មួយ ដែល​លោក​និង​ភរិយា​បាន​ទិញ​សេ​វ៉ា​ធានារ៉ាប់រង​ជីវិត និង​គ្រោះថ្នាក់​ផ្សេងៗ កំពុង​ចុះ​ធ្វើការ​លើ​ករណីនេះ ជំនួស​លោក​និង​ប្រពន្ធ​របស់លោក ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ឡានធំ​បុក​រះ​ហើយ​ក្រឡាប់​ផ្ងារជើង ធ្លាយ​ចេញ​ឈើ​ជាច្រើន​ម៉ែត្រគូប​នេះ​ផងដែរ លោក ដា​រា បាន​និយាយថា ឡាន​ដឹកឈើ​នោះ ធ្វើដំណើរ​មកពី​ខេត្តព្រះវិហារ​។ ឈើ​ទាំងនោះ​ត្រូវបាន​ក្រុម​សមត្ថកិច្ច​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម នាំយកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ម្ចាស់​ឈើ​មក​បំភ្លឺ​។​

ជុំវិញ​ករណី​ឈើ​នេះ ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ បាន​ព្យាយាម​ទាក់ទង​តាម​ទូរ​សព្ទ័​ជាច្រើន​ដង ទៅ​លោក មុំ សុផល នាយផ្នែក​រដ្ឋបាល​ព្រៃឈើ កំពង់ថ្ម និង លោក ប៊ុន សុ​ទ្ធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ដើម្បី​ស្នើសុំ​ការបំភ្លឺ ថា​តើ​ឈើ​ទាំងនោះ​មាន​ចំនួន​ប៉ុន្មាន​ម៉ែត្រគូប និង មានច្បាប់​អនុញ្ញាត​ឲ្យ​ដឹកជញ្ជូន​ដែរ​ឬ​យ៉ាងណា​? ប៉ុន្តែ លោក​ទាំង​២ មិនបាន​លើក​ទូរស័ព្ទ​នោះទេ​។

យ៉ាងណាក៏ដោយ លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បានបញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី​ថា​ឈើ​ទាំងនោះ «​មានច្បាប់​អនុញ្ញាត​»​ចេញ​ដោយ​សមត្ថកិច្ច​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ព្រះវិហារ​៕