ភ្នំពេញៈ ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​សហការ​ធ្វើ​យុទ្ធនាការ​គាំទ្រ​ទិវា​អន្តរជាតិ​ដើម្បី​សុវត្ថិភាព​អ៊ីនធឺណិត​ឆ្នាំ​២០២២​ដើម្បី​រួមគ្នា​លើកកម្ពស់ ការពារ និង​គោរព​សិទ្ធិ​កុមារ តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​ប្រកបដោយ​ការទទួលខុសត្រូវ​នៅ​កម្ពុជា​ខណៈ​កុមារ និង​យុវជន​ជិត ១០០០ នាក់ បាន​ចូលរួម​។​

យុទ្ធនាការ​នេះ​ត្រូវបានធ្វើ​ឡើងជា​បន្តបន្ទាប់​ចាប់តាំងពី​ដើមខែ​កុម្ភៈ​មក​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​យ៉ាង​ទូលំទូលាយ​អំពី​សុវត្ថិភាព​អ៊ីនធឺណិត​ជាពិសេស លើកកម្ពស់​ការចូលរួម​ធ្វើឱ្យ​បច្ចេកវិទ្យា​អ៊ីនធឺណិត​កាន់តែ​មាន​សុវត្ថិភាព​សម្រាប់​កុមារ និង​ការប្រើប្រាស់ ប្រកបដោយ​ការទទួលខុសត្រូវ សេចក្តី​គោរព ការគិត​ពិចារណា និង​ភាព​ច្នៃប្រឌិត​។

សេចក្តីប្រកាស​ព័ត៌មាន​រួម​ចុះ​ថ្ងៃទី​២៥ ខែកុម្ភៈ បាន​ឲ្យ​ដឹងថា​យុទ្ធនាការ​នេះ​មាន​គោលដៅ​ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​កុមារ និង​យុវជន​វ័យក្មេង ឪពុកម្តាយ និង​អ្នក​ថែទាំ​កុមារ គ្រូបង្រៀន អ្នក​អប់រំ បុគ្គលិក​សង្គម ក្រុមហ៊ុន​ស៊ីន ធឹ​ណិ​ត អ្នកធ្វើការ​សម្រេចចិត្ត និង​អ្នកនយោបាយ​ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួមចំណែក​ក្នុងការ​ធ្វើ​ឪ្យ​ប្រព័ន្ធ​អ៊ីនធឺណិត​កាន់តែ​ល្អប្រសើរ និង​មាន​សុវត្ថិភាព​។​

កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ យុទ្ធនាការ​នេះ​ត្រូវបាន​ធ្វើឡើង​តាម​ប្រព័ន្ធ Zoom​ដោយ​អង្គការ​សកម្មភាព​ដើម្បី​កុមារ (APLE) សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (NCCT) ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) និង​សាលា​ប៊ែ​ល​ធី​អន្តរជាតិ (BELTEI International School) ដែលមាន​អ្នកចូលរួម​ជា​កុមារ យុវជន លោកគ្រូ អ្នកគ្រូ និង​គណៈ​គ្រប់គ្រង​សាលា​ប្រមាណ ​២៥០ ​នាក់​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​កាលពី​ថ្ងៃទី​០៨ ខែកុម្ភៈ កន្លងទៅ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ យុទ្ធនាការ​គាំទ្រ​ទិវា​អន្តរជាតិ​ដើម្បី សុវត្ថិភាព​អ៊ីនធឺណិត​ឆ្នាំ​២០២២ ក៏ត្រូវ​បានធ្វើ​ឡើង​ដោយ​អង្គការ​សកម្មភាព​ដើម្បី​កុមារ​(APLE)​និង​ស្ថាប័នរដ្ឋ​ឯកជន​និង​អង្គការ​សង្គម​ជាច្រើន​ទៀត​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ទៅដល់​អ្នកចូលរួម​ប្រមាណ​ជិត ៤០០ នាក់​ដោយ​ក្នុងនោះ​ភាគច្រើន​កុមារ យុវជន​។​

សេចក្តីប្រកាស​ព័ត៌មាន​រួម​បាន​បញ្ជាក់ថា​៖«​យុទ្ធនាការ​គាំទ្រ​ទិវា​អន្តរជាតិ​ដើម្បី​សុវត្ថិភាព​អ៊ីនធឺណិត ឆ្នាំ​២០២២ ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ រួមគ្នា​លើកកម្ពស់ ការពារ និង​គោរព​សិទ្ធិ​កុមារ តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​ប្រកបដោយ​ការទទួលខុសត្រូវ​»​។​

សូម​រំឭកថា យុទ្ធនាការ​សុវត្ថិភាព​អ៊ីនធឺណិត ត្រូវបាន​ប្រារព្ធ​ឡើង​ដំបូង​បំផុត​នៅ​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ ២០០៤ ដោយ​ប្រទេស​ចំនួន​១៤ (១៣​ប្រទេស​នៅ​អឺរ៉ុប និង​ប្រទេស​អូស្ត្រាលី​) តាមរយៈ​ការសម្របសម្រួល​ពី​បណ្តាញ​អង្គការ​ជា​ដៃគូ​របស់​បណ្ដាញ​សាលារៀន​នៅ​សហភាព​អឺរ៉ុប (EUN Partnership) ហើយ​យុទ្ធនាការ​នេះ​បាន​ពង្រីក​វិសាលភាព​របស់ខ្លួន​នៅ​សហភាព​អឺរ៉ុប ដោយមាន​ការចូលរួម​យ៉ាងសកម្ម​ពី​សំណាក់​បណ្ដាញ​ជាស​កល នៃ​គណៈកម្មាធិការ​ទិវា​សុវត្ថិភាព​អឺ​ន​ធឺ​ណិ​ត​នៅតាម​បណ្តា​ប្រទេស​នានា​។

យុទ្ធនាការ​នេះ​ទទួល​ការគាំទ្រ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​រហូតមកទល់​ប​ច្ចុ​ប្បន្ន ទិវា​នេះ​បាន​ក្លាយជា ព្រឹត្តិការណ៍​សកល​ដ៏​សំខាន់​មួយ ដែលមាន​ប្រទេស និង​ដែនដី​ប្រមាណ​ជា​២០០​នៅ​ទូទាំង​ពិភពលោក​បាន​ចូល រួម​ប្រារព្ធ​អបអរសាទរ​ជា​រៀងរាល់ឆ្នាំ ដោយមាន​ការចូលរួម​ពី​មន្ត្រី​រាជរដ្ឋាភិបាល អាជ្ញាធរ សិស្សានុសិស្ស គ្រូ បង្រៀន តំណាង​វិស័យ​ឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល ឪពុកម្ដាយ និង​ជាពិសេស​កុមារ និង​យុវ​វយ​រាប់លាន នាក់​។​នេះ​បើតាម​ការអះអាង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​។​

ដោយឡែក​នៅ​ប្រទេស​កម្ពុជា យុទ្ធនាការ​សុវត្ថិភាព​អ៊ី​ន​ធឺ​ណិ ត្រូវបាន​ផ្តួចផ្តើម​ប្រារព្ធ​ឡើង​ដោយ​អង្គការ សកម្មភាព​ដើម្បី​កុមារ (APLE) ដែលជា​អង្គការ​ប្រយុទ្ធប្រឆាំង​អំពើ​រំលោភបំពាន និង​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ និង​ជា​ដៃគូ​គាំទ្រ​មួយ​ប្រចាំ​ប្រទេស​កម្ពុជា នៃ​គណៈកម្មាធិការ​រៀបចំ​ទិវា​សុវត្ថិភាព​អឺ​ន​ធឺ​ណិ​ត ចាប់តាំងពី​ឆ្នាំ ២០១៩ មកម្ល៉េះ​។

លោក ខឹម វ៉ាន់​ដូ ប្រធាន​បច្ចេកទេសផ្នែក​កិច្ចការពារ​កុមារ​នៃ​អង្គការ​សកម្មភាព​ដើម្បី​កុមារ​បាន​និយាយថា​ការចូលរួម​ប្រារព្ធ​ទិវា​សុវត្ថិភាព​អ៊ិន​ធឺ​ណិ​ត​នេះ បាន​សំដែង​នូវ​ការប្ដេជ្ញាចិត្ត​ដ៏​មុះ​មុត​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុងការ​ការពារ​កុមារ​ពី​គ្រប់​ទម្រង់​ទាំង​អស់នៃ​ការរំលោភបំពាន​រួមទាំង​ការរំលោភបំពាន​តាម​ប្រព័ន្ធ​អន​ឡាញ​។​

លោក​បន្តថា​ការចូលរួម​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ពេលនេះ ក៏បាន​ក្លាយជា​ចំណែក​ដ៏​ធំ​មួយ​នៃ​ការផ្លាស់ប្ដូរ​ឥរិយាបទ និង​ការជំរុញ​លើកទឹកចិត្ត​ឱ្យមាន​ការប្រើប្រាស់​បច្ចេក​វិទ្យា​អ៊ីនធឺណិត​ប្រកបដោយ​ការទទួលខុសត្រូវ ការគោរព ការចេះ​គិតពិចារណា និង​ភាព​ច្នៃប្រឌិត​។​

លោក​បាន​បញ្ជាក់ថា​៖«​យើង​សង្ឃឹមថា ទិវា​នេះ​នឹង​ក្លាយទៅជា​ទិវា​ជាតិ​មួយ​ដែល​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​»​។​

​កាលពី​ឆ្នាំ ​២០២១ ​កន្លងមកនេះ អង្គការ​សកម្មភាព​ដើម្បី​កុមារ​ដោយ ទទួលបាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថាប័នរដ្ឋ​មួយចំនួន​បានរៀបចំ​យុទ្ធនាការ​នេះ ឡើង​ដោយ​កំណត់​ជា​យុទ្ធនា​ការគាំទ្រ “​ទិវា​អន្តរជាតិ​ដើម្បី​សុវត្ថិភាព​អឺ​ន​ធឺ​ណិ​ត និង​លើកកម្ពស់​សីលធម៌​ដើម្បី សុវត្ថិភាព​សង្គម​" ក្រោម​ប្រធានបទ​"​រួមគ្នា​ធ្វើឱ្យ​អ៊ីនធឺណិត​កាន់តែ​មាន​សុវត្ថិភាព​សម្រាប់​កុមារ​" ជាមួយ​កុមារ យុវជន លោកគ្រូ​អ្នកគ្រូ បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល និង​មន្ត្រី​រដ្ឋាភិបាល​។​

ជាងនេះទៅទៀត យុទ្ធនាការ ជា​ស៊េរី​ផ្សេងទៀត ក៏ត្រូវ​បានរៀបចំ​ឡើង​ចាប់តាំងពី​ថ្ងៃទី​០៣ រហូតដល់​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១ ដែលជា​យុទ្ធនាការ​ធំ​ចុងក្រោយ​។ ជា​លទ្ធផល អ្នកចូលរួម​សរុប​ក្នុង​យុទ្ធនាការ​នៅ​ឆ្នាំ​២០២១ មាន​ប្រមាណ ៧៤០​នាក់ (​ស្រី​៣៩២​នាក់​)៕