ភ្នំពេញៈ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការប៉ះទង្គិច​អាវុធ​នៅ​ប្រទេស​អ៊ុយក្រែន​រវាង​កងទ័ព​រុស្ស៊ី និង​អ៊ុយក្រែន និង​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អនុវត្ត​ការអត់ធ្មត់​ជា​អតិបរមា​ ដើម្បី​ទប់ស្កាត់​ស្ថានការណ៍​កុំឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​។

សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស​កម្ពុជា​នា​ថ្ងៃទី​ ២៧ ខែកុម្ភៈ បញ្ជាក់ថា​៖ «​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការវិវត្ត​នៃ​ស្ថានការណ៍ និង​ការប៉ះទង្គិច​អាវុធ​នៅ​ប្រទេស​អ៊ុយក្រែន​។ យើង​សូម​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អនុវត្ត​ការអត់ធ្មត់ ជា​អតិបរមា និង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​បន្ត​ការសន្ទនា​តាម​គ្រប់​ច្រក​ផ្លូវ រួមទាំង​មធ្យោបាយ​ការទូត ដើម្បី​ទប់ស្កាត់​ស្ថានការណ៍​កុំឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​»​។ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ក៏បាន​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ខិតខំ​ប្រឹងប្រែង​បន្ត​ការសន្ទនា​ ​ដើម្បី​កាត់បន្ថយ​ភាពតានតឹង និង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ស្របតាម​ច្បាប់​អន្តរជាតិ គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បង្ហាញ​ការជឿជាក់ថា នៅ​មិនទាន់​អស់​ឱកាស​ទេ​សម្រាប់​ការសន្ទនា​ដោយ​សន្តិវិធី ដើម្បី​ទប់ស្កាត់​ស្ថានការណ៍​កុំឱ្យ​វិវត្ត​ដល់​លែង​គ្រប់គ្រង​បាន​។ សេចក្តី​ថ្លែងការណ៍​បន្ត​ថា ដើម្បី​ភាពស្ថិតស្ថេរ​នៃ​សន្តិភាព សន្តិសុខ ស្ថិរភាព និង​ការរួមរស់​ជាមួយ​គ្នា​ប្រកបដោយ​ភាពសុខដុមរមនា វា​ជាការ​ទទួល​ខុសត្រូវ​របស់​ភាគី​ទាំងអស់​ក្នុង​ការប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នៃ​ការគោរព​គ្នា​ទៅវិញទៅមក​លើ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​សិទ្ធិ ស្មើគ្នា​នៃ​ប្រជាជាតិ​ទាំងអស់​។

លោក ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថ្ងៃទី​ ២៧ ខែកុម្ភៈ​ថា បញ្ហា​នៅ​អ៊ុយក្រែន គឺ​កើតឡើង​ដោយ​កត្តា​ប្រវត្តិសាស្ត្រ​ និង​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ ដោយ​រុស្ស៊ី​តែងតែ​ចាត់ទុក​អ៊ុយក្រែន និង​ប្រជាជន​អ៊ុយក្រែន​ជា​ផ្នែក​មួយ​នៃ​អាណាចក្រ​រុស្ស៊ី​។ ការប្រើប្រាស់​កងកម្លាំង​សព្វាវុធ និង​ទណ្ឌកម្ម​មិនអាច​ដោះស្រាយ​បញ្ហា​នេះ​បានឡើយ ពោលគឺ​រឹតតែ​ធ្វើឱ្យ​ប្រជាជន​អ៊ុយក្រែន និង​រុស្ស៊ី​កាន់តែ​ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច និង​បញ្ហា​ជនភៀសខ្លួន​កាន់តែ​ច្រើនឡើង​។

លោក​ថ្លែងថា រុស្ស៊ី និង​អ៊ុយក្រែន សុទ្ធតែ​ជា​រដ្ឋ​អធិបតេយ្យ ដែល​នេះ​តម្រូវឱ្យ​ប្រទេស​ទាំង​ ២​ បញ្ឈប់​សង្គ្រាម និង​ងាក​មករក​ការចរចា​លើ​តុ​ផ្ទាល់​ក៏ដូចជា​តាមរយៈ​ការទូត​ជាមួយនឹង​បណ្តា​ប្រទេស​ជា​សមាជិក​ណាតូ​ (NATO) និង​សហរដ្ឋអាមេរិក​។ លោក ថុង ម៉េងដាវិត ថ្លែងថា​៖ «​អាស៊ាន​គោរព និង​ប្រកាន់ខ្ជាប់​គោលការណ៍​ច្បាប់​អន្តរជាតិ និង​ជំរុញ​ការដោះស្រាយ​ដោយ​សន្តិវិធី​។ អាស៊ាន​ក៏​អាចជា​តួអង្គ​សំខាន់​ក្នុង​ការសម្របសម្រួល​ជាមួយ​រុស្ស៊ី ក៏​ព្រោះតែ​អាស៊ាន ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​របស់​រុស្ស៊ី​ផងដែរ​»​។

ក្នុង​សន្និសីទកាសែត​ក្រោយ​ជំនួប​ទ្វេភាគី​កាលពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងថា លោក និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ដាតុ ស្រ៊ីអ៊ីស្មាអែល សាប្រ៊ីប៊ីន យ៉ាកុប (Dato'' Sri Ismail Sabri bin Yaakob) បាន​ពិភាក្សាគ្នា​អំពី​បញ្ហា​នៅ​អ៊ុយក្រែន​នេះ​ផងដែរ​។ អ្វីដែល​ភាគី​ទាំង​ ២​ ចង់ឃើញ​គឺ​ដំណោះស្រាយ​ដោយ​សន្តិវិធី​។

លោក​ថ្លែងថា លោក និង​លោក អ៊ីស្មាអែល បានបញ្ជាក់ «​យ៉ាងច្បាស់​» ថា អាស៊ាន​ត្រូវការ​សំឡេង​រួមគ្នា​ទើប​អាស៊ាន​ខ្លាំង​។ រាល់​ការធ្វើ​សេចក្តី​ថ្លែងការណ៍​ណាមួយ​ចាំបាច់​ត្រូវមាន​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ ​(​កុងសង់ស៊ីស​) ក្នុងចំណោម​អាស៊ាន​។ លោក ហ៊ុន សែន បន្ថែមថា​៖ «​ប៉ុន្តែ ព្រឹត្តិការណ៍​នៅ​អ៊ុយក្រែន គឺ​យើង​យកមក​ពិភាក្សា​ក្នុង​ភាព​ស្ងប់ស្ងៀម​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​អ៊ីស្មាអែល និង​ខ្ញុំ​គឺ​បាន​យល់ស្រប​គ្នា​ថា ទាមទារ​នូវ​កិច្ចសន្ទនា និង​ដំណោះស្រាយ​ដោយ​សន្តិវិធី​»​។

លោក ជុំ សុន្ទរី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បញ្ជាក់ថា តាម​ព័ត៌មាន​ទទួលបាន​ពី​សមាគម​អតីត​និស្សិត​កម្ពុជា​នៅ​ប្រទេស​រុស្ស៊ី ពុំមាន​និស្សិត​កម្ពុជា​បច្ចុប្បន្នកំពុង​សិក្សា​នៅក្នុង​ប្រទេស​អ៊ុយក្រែន​នោះទេ ក៏ប៉ុន្តែ​មាន​អតីត​និស្សិត​ដែល​បាន​ទៅ​សិក្សា​ក្នុង​ជំនាន់​ «​អតីត​សហភាពសូវៀត​» ក្នុង​រង្វង់​ទសវត្សរ៍​ទី​ ៨០ និង​ដើម​ទសវត្សរ៍​ទី​ ៩០ ចំនួន ២៣ ​នាក់​ដែល​កំពុង​រស់នៅ​លើទឹក​ដី​ប្រទេស​អ៊ុយក្រែន​ជាមួយ​គ្រួសារ​របស់​ពួកគេ​។

លោក ជុំ សុន្ទរី ត្រូវបាន​ដកស្រង់​សម្តី​ដោយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដែល​ត្រូវបាន​បង្ហោះ​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី​ ២៦ ខែកុម្ភៈ ថា​៖ «​ក្រសួង​ការបរទេស និង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​រុស្ស៊ី​កំពុង​ខិតខំ​ទំនាក់ទំនង​ជាមួយ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​នោះ​ ដើម្បី​ទទួលបាន​ព័ត៌មាន​អំពី​ស្ថានភាព​របស់​ពួកគាត់​»៕