ភ្នំពេញៈ ក្រុមការងារ​ក្រសួង​យុត្ដិធម៌​កំពុង​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ទៅ​ដល់​ក្រសួង​ស្ថាប័ន​ត្រួតពិនិត្យ ដើម្បីឱ្យ​កម្ពុជា​អាច​បំពេញ​លក្ខខណ្ឌ​របស់​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ស្តីពី​ការសម្អាត​ប្រាក់​ (APG)​។

លោក ​ជីវ សុងហាក់ រដ្ឋលេខាធិការ ក្រសួង​យុត្តិធម៌ និង​ជា​សហប្រធាន​ក្រុមការងារ​ជំនួយ​នៃ​អនុគណៈកម្មការ​ចំពោះ​កិច្ច​អនុវត្ត​ផែនការ​សកម្មភាព​ការងារ​របស់​ក្រុមការងារ​ត្រួតពិនិត្យ​រួម​នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ (​អ.អ.ផ.) ទទួលបន្ទុក​អនុវត្ត​សកម្មភាព​នៅក្នុង​លទ្ធផល​ជាក់ស្ដែង​ទី​ ១១ កាលពី​ថ្ងៃទី​ ២៤ និង​ថ្ងៃទី​ ២៦ កុម្ភៈ បាន​ធ្វើជា​អធិបតី​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​អាវុធ​មហា​ប្រល័យ​ដល់​ក្រសួង ស្ថាប័ន​ត្រួតពិនិត្យ និង​ការអនុវត្ត​សកម្មភាព​នៅក្នុង​លទ្ធផល​ជាក់ស្ដែង​ទី​ ១១ ​រៀបចំ​ដោយ​ក្រុមការងារ​ទី​ ២ (​ទទួល​បន្ទុក​អនុវត្ត​សកម្មភាព​នៅក្នុង​លទ្ធផល​ជាក់ស្ដែង​ទី​ ១១ ​ទាក់ទង​នឹង​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​លើ​ហិរញ្ញប្បទាន​ដល់​ការីកសាយភាយ​អាវុធ​មហាប្រល័យ​) តាមរយៈ​ប្រព័ន្ធ​វីដេអូ Zoom​។

កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​សហប្រធាន សមាជិក សមាជិកា​នៃ​ក្រុមការងារ​ទី​ ២ តំណាង​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​ក្រសួង​ពាណិជ្ជកម្ម តំណាង​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ តំណាង​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា តំណាង​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ក្នុង​នោះ​មាន​ម្នាក់​ជា គ្រូឧទ្ទេស និង​តំណាង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​សរុប​ ១០០ ​នាក់​។

លោក ជីវ សុងហាក់ ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ២៧ កុម្ភៈ​ថា នៅក្នុង​ការទទួល​ខុសត្រូវ​របស់លោក​ដែល​ស្ថិតនៅ​ក្រុមការងារ​អនុវត្ដ​ទទួលបន្ទុក​អនុវត្ត​សកម្មភាព​នៅក្នុង​លទ្ធផល​ជាក់ស្ដែង​ទី​ ១១ ​គឺត្រូវធ្វើ​ការផ្សព្វផ្សាយ​ទៅ​បុគ្គល ក្រៅពី​បុគ្គល​រាយការណ៍​ដែល​មានចែង​នៅក្នុង​ច្បាប់​ទាំង​២ គឺ​ច្បាប់​ស្ដីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​អាវុធ​មហាប្រល័យ និង​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។

លោក​ថ្លែងថា​៖ «​គឺ​យើង​ផ្សព្វផ្សាយ​ដល់​ក្រសួង​ស្ថាប័ន​ត្រួតពិនិត្យ​ក្នុងនោះ​មានដូចជា​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ជាដើម គឺ​គាត់​ជា​អាជ្ញាធរ​មួយ​លើ​ការគ្រប់គ្រង​ទៅលើ​ប្រតិបត្តិករ​ល្បែង​ពាណិជ្ជកម្ម​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ដូច្នេះ​ការបណ្ដុះបណ្ដាល​ដំបូង​គឺ​យើង​បណ្ដុះបណ្ដាល​ដល់​មន្ដ្រី​នៃ​ស្ថាប័ន​ត្រួតពិនិត្យ ដើម្បីឱ្យ​គាត់​ធ្វើការ​បណ្ដុះបណ្ដាល​ផ្សព្វផ្សាយ​បន្ត​អំពី​ការ​អនុវត្ដ​ច្បាប់​ទៅដល់​បុគ្គល​រាយការណ៍​ទាំងអស់​ដែល​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់គាត់​»​។

លោក សុងហាក់ បានឱ្យដឹងថា ការ​អនុវត្ដ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​នេះ គឺជា​ការ​ផ្សព្វផ្សាយ​ដែល​កម្ពុជា​ត្រូវបំពេញ​លក្ខខណ្ឌ​របស់​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ស្តីពី​ការសម្អាត​ប្រាក់ (APG) ដែល​គេ​ទាមទារ​ថា ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ក្រសួង​ស្ថាប័ន​ត្រួតពិនិត្យ​ដែលជា​មន្ដ្រី​មាន​សមត្ថកិច្ច​ក្នុងការ​អនុវត្ដ​ច្បាប់ និង​ធ្វើការ​បណ្ដុះបណ្ដាល​អប់រំ​ទៅដល់​វិស័យ​ឯកជន​។

លោក​បន្តថា ដូច្នេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​គ្រប់គ្រង​ទៅលើ​ប្រតិបត្ដិករ ពួកគាត់​ត្រូវធ្វើ​ការងារ​បណ្ដុះបណ្ដាល​បន្តទៅ​ប្រតិបត្ដិករ​របស់គាត់ ដើម្បីឱ្យ​យល់ដឹង​អំពី​ច្បាប់​ពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ និង​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នេះ​។ លោក​ថ្លែងថា​៖ «​យើង​ធ្វើ​គ្រប់​អង្គភាព​ទាំងអស់​ដែល​ពាក់ព័ន្ធ​ដើម្បីឱ្យ​ពួកគាត់​ធ្វើការផ្សព្វផ្សាយ​បន្តទៅ​ដល់​វិស័យ​ឯកជន​ឱ្យ​គាត់​បាន​យល់​»​។

បើតាម​លោក សុងហាក់ នៅ​ថ្ងៃទី ​២៨ កុម្ភៈ ក្រុមការងារ​នឹងធ្វើ​សិក្ខាសាលា​មួយទៀត​លើ​ប្រធានបទ​ដដែល​ទៅដល់​ក្រសួង​ស្ថាប័ន​ត្រួតពិនិត្យ​របស់​រាជរដ្ឋាភិបាល​ដែល​មិនទាន់បាន​ចូលរួម​។

លោក​ ជិន ម៉ាលីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌​ថ្លែងថា កិច្ចប្រជុំ​ផ្សព្វផ្សាយ​របស់​ក្រុមការងារ​ក្រសួងយុត្តិធម៌​ទៅដល់​ភាគី​ពាក់ព័ន្ធ​គឺជា​យន្តការ​ការងារ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ទៅនឹង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ​ និង​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។

លោក​ថ្លែងថា ក្នុងនោះ ផ្ដោត​ទៅលើ​យន្តការ​ចំនួន​ ៣ គឺ​ទី​១ យន្តការ​ពាក់ព័ន្ធ​ទៅនឹង​ការផ្សព្វផ្សាយ​ច្បាប់​ទៅដល់​ក្រសួង ស្ថាប័ន អង្គភាព និង​គោលដៅ​ដែល​ពាក់ព័ន្ធ​ទាំងអស់​។ ទី​២ ការពង្រឹង​សមត្ថភាព​ និង​ធនធានមនុស្ស​ពាក់ព័ន្ធ​ដល់​ស្ថាប័ន​ ឬក៏​អង្គភាព​ដែលមាន​ភារកិច្ច​ប្រយុទ្ធប្រឆាំង​ទៅនឹង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ និង​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។ ចំណែក​ចំណុច​ទី​៣ ​លោក​ថា​៖ «​គឺ​ការ​អនុវត្ដ​ច្បាប់ ដោយ​ផ្ដោតទៅលើ​សកម្មភាព​របស់​មន្ដ្រីនគរបាល​យុត្តិធម៌ អាជ្ញាធរ​មាន​សមត្ថកិច្ច រួមទាំង​តុលាការ​ក្នុង​ការអនុវត្ដ​នីតិវិធីតុលាការ និង​ការដោះស្រាយ​សំណុំ​រឿងក្ដី​ពាក់ព័ន្ធ​នឹង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ​ និង​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នេះ​»​។

ក្រុមការងារ​នៃ​អនុគណៈកម្មការ​ចំពោះ​កិច្ច​អនុវត្ត​ផែនការ​សកម្មភាព​ការងារ​របស់​ក្រុមការងារ​ត្រួតពិនិត្យ​រួម​នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ​(​អ.អ.ផ) ដឹកនាំ​ដោយ​លោក​ កើត រិទ្ធ រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៌​កំពុង​ព​ន្លឿ​ន ការ​អនុវត្ដ​បេសកកម្ម​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ ដើម្បីឱ្យ​កម្ពុជា​ទទួលបាន​ការវាយតម្លៃ​ល្អ​ក្នុងការ​អនុវត្ត​ការងារ​នេះ​។ នេះ​បើតាម​លោក​ ជិន ម៉ាលីន​។

លោក​ឱ្យដឹងថា ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់​នេះ​ជា​ការងារ​បន្ទាន់​ពីព្រោះ​នៅក្នុង​ខែកុម្ភៈ​នេះ គឺ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ស្តីពី​ការសម្អាត​ប្រាក់ ​(APG) ​នឹង​រៀបចំ​មហាសន្និបាត ហើយ​នឹង​មានការ​វាយតម្លៃ​សម្រេច​អំពី​ស្ថានភាព (status) របស់​កម្ពុជា ដែល​កម្ពុជា​បច្ចុប្បន្នកំពុង​ស្ថិតនៅក្នុង​បញ្ជី​ប្រផេះ​ក្នុងការ​អនុវត្ត​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​អាវុធ​មហាប្រល័យ​៕