តាកែវៈ សមត្ថកិច្ច​នគរបាល​ខេត្ត​តាកែវ​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​នៅ​ថ្ងៃទី​ ២៧ ខែកុម្ភៈ​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី បន្ទាប់ពី​ចាប់ខ្លួនបាន​នៅ​ថ្ងៃទី​ ២៦ ខែកុម្ភៈ ឆ្នាំ​ ២០២២ ​ក្រោយពី​បានសម្លាប់​សត្វប្រើស​យក​សាច់ និង​ស្នែង​នៅក្នុង​សួនសត្វ​ភ្នំ​តាម៉ៅ​។

លោក យុង ញីវ ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ថ្លែង​នៅ​ថ្ងៃទី​ ២៧ ខែកុម្ភៈ​ថា ជនសង្ស័យ​ដែល​សម្លាប់សត្វ​ប្រើស យក​សាច់ និង​ស្នែង​សត្វ​ប្រើស​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បញ្ជូនទៅ​តុលាការ​ហើយ នៅ​ថ្ងៃទី​ ២៧ ខែកុម្ភៈ​នេះ ពីបទ​លួច​សម្លាប់សត្វ​ប្រើស​។

លោក ទ្រី ស៊ីថេង ប្រធាន​បុគ្គលិក​ថែរក្សា និង​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​ថ្លែង​នៅ​ថ្ងៃទី​ ២៧ ខែកុម្ភៈ​ថា បុគ្គលិក​ថែរក្សា​សត្វ​បានឃើញ​សត្វ​ប្រើ​សងាប់​ក្នុង​ទ្រុង​នៅវេលា​ព្រឹក​ថ្ងៃទី​ ២ ខែកុម្ភៈ​។ សាកសព​សត្វ​ប្រើស​ត្រូវបាន​គេ​កាត់​យក​ជើង​ភ្លៅ​ជើង​មុខ​ទាំង​ ២ ភ្លៅ​ជើង​ក្រោយ​ ១ និង​កាត់​ក្បាល​យកទៅ​បាត់​។

លោក​ថា ក្រោយ​ដឹង​ហេតុការណ៍​លោក​មាន​ក្ដី​រន្ធត់​ជាខ្លាំង និង​បាន​ទៅប្តឹង​សមត្ថកិច្ច​នគរបាល ​ដើម្បី​ស្វែងរក​ជន​ប្រព្រឹត្ត​បទល្មើស​។

លោក​ថ្លែងថា​៖ «​សត្វ​ប្រើស​នោះ​នៅក្នុង​ទ្រុង​ហើយ​ម្យ៉ាងទៀត​វា​បាក់ជើង​ក្រោយ​ខាងស្តាំ​ដែល​យើង​កំពុង​ព្យាបាល​ត​ឆ្អឹង​ឱ្យ​វា​បានល្អ​វិញ ប៉ុន្តែ​បែរជា​មាន​អ្នក​មក​លួច​អ៊ីចឹង​បាត់ទៅ​»​។

លោក ឆាយ កែវ​មុន្នី អធិការ​នគរបាល​ស្រុក​បាទី​ថ្លែង​នៅ​ថ្ងៃទី​ ២៧ ខែកុម្ភៈ​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ អស់​រយៈពេល​ ២៥ ​ថ្ងៃ ទើប​ចាប់បាន​ជនសង្ស័យ​នៅ​ចំណុច​ក្នុងព្រៃ​ខាងលិច​ភូមិ​ត្បែង ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ នាំខ្លួន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី កាលពី​ថ្ងៃទី​ ២៦ ខែកុម្ភៈ​។

លោក​អធិការនគរបាល​ស្រុក​បាទី​ប្រាប់ថា ជនសង្ស័យ ឈ្មោះ ធឹម រ៉ាវី ភេទ​ប្រុស អាយុ​ ៣៣ ​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្បែង ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ​។ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ផ្លោះ​របង​ចូល​លួច​សម្លាប់សត្វ​ប្រើស កាត់​យក​ភ្លៅ​មុខ​ចំនួន​ ២ ភ្លៅ​ក្រោយ​ចំនួន​ ១ និង កាត់​ក្បាល​យក​ស្នែង​មក​លក់​ពិតប្រាកដ​មែន​។

លោក ឆាយ កែវមុន្នី បញ្ជាក់ថា​៖ «​ជនសង្ស័យ​ថា យក​ស្នែង និង​សាច់​ប្រើស​ទៅ​លក់​ឱ្យឈ្មោះ ញឹម យូហេង ហៅ​ ចក់ ភេទ​ប្រុស អាយុ​ ៤៩​ឆ្នាំ នៅ​ភូមិ​ត្បែង ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្ត​តាកែវ លក់​សាច់​បាន ១ ​គីឡូ ៣ ​ម៉ឺន​រៀល ស្នែង​លក់បាន ១០០ ​ដុល្លារ ដោយ​ប្រាប់ថា សត្វ​ជាប់អន្ទាក់​ក្នុង​ព្រៃ​»​។

លោក​អធិការ​បញ្ជាក់ទៀតថា ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​នៅ​ថ្ងៃទី ២៦ ខែកុម្ភៈ ចំណែក​ស្នែង​ប្រើស ត្រូវបាន​កម្លាំង​ជំនាញ​ដកហូត​ពី​ឈ្មោះ ញឹម យូហេង ហៅ​ចក់ និង​បានប្រគល់​ស្នែង​ប្រើស​ឱ្យទៅ​ប្រធាន​សួនសត្វ​ភ្នំ​តាម៉ៅ​វិញ​៕

វីដេអូ៖