កែបៈ គម្រោង​សាងសង់​ផ្លូវ​បេតុង​ប្រប​មាត់សមុទ្រ​ខេត្ត​កែប​ប្រវែង​ជាង ១១ ​គីឡូម៉ែត្រ​ដែល​ត្រូវបាន​ពន្យារពេល​ច្រើន​ខែ​មកនេះ​នឹងត្រូវ​រដ្ឋបាលខេត្ត​សម្រេច​ចាប់ផ្តើម​សាងសង់​ឡើងវិញ នៅ​ដើមខែ​មីនា ខាងមុខ​​នេះ ខណៈ​អ្នកជំនាញ​ធ្វើ​ការងារ​ផ្នែក​ទេសចរណ៍​ថា គម្រោង​នេះ​នឹង​លើកមុខ​មាត់​ខេត្ត​នេះ​។

រដ្ឋបាលខេត្ត​កែប​កាលពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ​បាន​បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ជាមួយ​តំណាង​កងកម្លាំង​ទាំង ​៣ តំណាង​រដ្ឋបាល​ក្រុង​ស្រុក មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត​ដើម្បី​ពិភាក្សា​ពី​ការរៀបចំ​បើក​ការដ្ឋាន​។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កែប លោក ឈុន ច័ន្ទវ៉ាន់ថុន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គម្រោង​នេះ​នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​នៅ​ថ្ងៃទី​ ១ ​ខែមីនា ដោយ​សាងសង់​ចាប់ពី​ចំណុច​ផែ​ទេសចរណ៍​កែប ដល់​ផ្លូវ ១ ៣៥២ ដែលជា​ផ្លូវ​ទៅ​​ព្រែកចាក​ដល់​ឆ្នេរ​អង្កោល​។

លោក​បង្ហាញ​ក្តី​រំពឹងថា​គម្រោង​នេះ​នឹង​ជួយ​ដល់​ផែនការ​អភិវឌ្ឍន៍​វិស័យ​ទេសចរ និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​មួយកម្រិត​ទៀត​។ ​លោក​ថា​៖ «​បច្ចុប្បន្ននេះ​អភិបាលខេត្ត​បាន​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ឆ្លើយតប​ការអភិវឌ្ឍ និង​ផែនការ​វិស័យ​ទេសចរណ៍​ខេត្ត ព្រោះ​ខេត្ត​នេះ​ជា​សរសៃឈាម​សំខាន់​ណាស់​សម្រាប់​តភ្ជាប់​តំបន់​ទេសចរណ៍​ពី​ខេត្ត​កែប​ទៅ​តំបន់​ផ្សេងៗ​ទៀត​។ យើង​សង្ឃឹមថា ភ្ញៀវទេសចរ​នឹង​កើនឡើង ហើយ​ជីវភាព​ពលរដ្ឋ​នឹង​ធូរធារ​»​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក ហូ វណ្ឌី ថ្លែងថា នៅពេល​គម្រោង​នេះ​លេច​រូបរាង​នឹង​ជួយ​កែប្រែ​មុខមាត់​ខេត្ត​កែប​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ផ្នែក​វិស័យ​ទេសចរណ៍​មួយកម្រិត​ទៀត​។

លោក​ថា​៖ «​និយាយ​រួម​ទៅ​ប្រសិនបើ​គម្រោង​ចេញ​ជា​រូបរាង​ដូច​ក្រុងព្រះសីហនុ វា​នឹង​ផ្តល់​ផលប្រយោជន៍​ធំ​សម្រាប់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទាំង​ខេត្ត​កែប និង​កំពត ហើយ​ទាក់ទាញ​ទេសចរ​បរទេស ព្រោះថា កែប​ជា​តំបន់​មួយ​ដែលមាន​សក្តានុពល​ទេសចរណ៍​អេកូ​»​។

គម្រោង​សាងសង់​ផ្លូវ​ជា​កម្ចី​របស់​ ADB ​នេះ គឺ​ស្ថិតក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​សម្រាប់​កំណើន​ប្រកបដោយ​បរិយាប័ន្ន​នៃ​មហាអនុតំបន់​មេគង្គ​ជំហាន​ទី​ ២​។ ​ផ្លូវ​នេះ​មាន​ប្រវែង​ជាង​ ១១ ​គីឡូម៉ែត្រ ទទឹង​ពី​ ៩​ ម៉ែត្រ​ទៅ​ ១៥ ​ម៉ែត្រ​ដែល​គ្រោង​ប្រើពេល​សាងសង់​ ២២ ​ខែ ដោយ​ចំណាយ​ថវិកា​ជាង​ ១០ ​លាន​ដុល្លារ​។

តាមរយៈ​គម្រោង​នេះ ADB ​ក៏​សម្រេច​ផ្ដល់​ថវិកា​ ១,៦ ​លាន​​ដុល្លារ​សង់​កំពង់ផែ​ទេសចរណ៍​​ថ្មី​នៅ​កោះទន្សាយ​ផងដែរ​៕