ព្រះសីហនុៈ រុស្ស៊ី​បង្ហាញ​ការគាំទ្រ​ឱ្យមាន​ជើងហោះហើរ​ត្រង់​មកកាន់​កម្ពុជា ខណៈ​ភ្ញៀវទេសចរ​ជនជាតិ​រុស្ស៊ី​បន្ត​កើនឡើង​នៅ​ទិសដៅ​ខេត្ត​ព្រះសីហនុ និង​ឈរ​លេខ​រៀង​ទី​ ៣ បន្ទាប់ពី​ភ្ញៀវ​ទេសចរ​ចិន និង​វៀតណាម​។

គំនិត​ផ្តួចផ្តើម​នេះ ត្រូវ​បានលើកឡើង​ក្នុងឱកាស អភិបាលខេត្ត​ព្រះសីហនុ​លោក គួច ចំរើន ទទួល​ជួប​លោក Alexey Chepa អនុប្រធាន​ទី​ ១ គណៈកម្មាធិការ​កិច្ចការ​អន្តរជាតិ សភា​សហព័ន្ធ​រុស្ស៊ី ដើម្បី​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ កាលពី​ថ្ងៃទី​ ២៦ ខែកុម្ភៈ​។

នា​ជំនួប​នោះ លោក គួច ចំរើន បាន​រៀបរាប់​ពី​សក្តានុពល​នៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ដូចជា​កំពង់ផែ​ទឹក​ជ្រៅ អាកាសយានដ្ឋាន​អន្តរជាតិ ផ្លូវដែក ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ មកកាន់​ខេត្ត​ព្រះសីហនុ​ជាដើម​។

លោក​បញ្ជាក់ថា​៖ «​សក្តានុពល​ទាំងនេះ​បានផ្តល់​ឱកាស​ដល់​អ្នក​វិនិយោគ​ជាច្រើន មក​បណ្តាក់ទុន​នៅ​ខេត្ត​ព្រះសីហនុ​ក្នុងនោះ​ក៏មាន​អ្នកវិនិយោគ​រុស្ស៊ី​ផងដែរ ដែល​មក​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ ជាពិសេស​ការវិនិយោគ​នៅ​កោះក្របី ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់​ដែលមាន​ភាពល្បីល្បាញ ដោយបាន​រៀបចំ​យ៉ាង​ប្រណីត និង​ការថែទាំ​បរិស្ថាន​ជា​គំរូ​ក្នុងការ​វិនិយោគ​»​។

លោក​អភិបាលខេត្ត បានឱ្យដឹងថា ទេសចរ​រុស្ស៊ី​មកកាន់​ខេត្ត​ព្រះសីហនុ​ជាប់​ចំណាត់ថ្នាក់​លេខ ​៣ បន្ទាប់ពី​ទេសចរ​ចិន និង​វៀតណាម ខណៈ​លោក​ស្នើ​ដល់​លោក Alexey Chepa ជួយ​ជំរុញ​ទេសចរ​រុស្ស៊ី មក​កម្ពុជា​បន្ថែមទៀត ក្រោយ​កូវីដ​ ១៩ មាន​ភាព​ធូរស្រាល​។

លោក​បន្តថា​៖ «​ដោយសារ​បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ មាន​អាកាសយានដ្ឋាន​អន្តរជាតិ អាចឱ្យ​យន្តហោះ​អាច​ហោះ​ឆ្លង​ទ្វីប​ចុះចត​បាន សង្ឃឹមថា ឯកឧត្តម Alexey Chepa នឹង​ជួយ​ផ្សព្វផ្សាយ​ដល់​អ្នកទេសចរ​រុស្ស៊ី និង​អ្នកវិនិយោគ​រុស្ស៊ី​មក​ធ្វើការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​កាន់តែច្រើន​នាពេល​ខាងមុខ​»​។

លោក គួច ចំរើន ថ្លែងថា កន្លងមក​រដ្ឋាភិបាល​រុស្ស៊ី បាន​បន្សល់ទុក​នូវ​ស្នាដៃ​ជាច្រើន​សម្រាប់​កម្ពុជា ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ចងចាំ​នូវ​អ្វីដែល​រុស្ស៊ី​បាន​ជួយ​កម្ពុជា​ក្នុង​ការកសាង​ប្រទេស​ឡើងវិញ នៅក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ​ ១៩៧៩​។

ក្នុងនោះ​រុស្ស៊ី​បាន​ជួយ​សម្ភារ បច្ចេកទេស និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ដល់​កម្ពុជា ហើយ​ក៏មាន​រដ្ឋមន្ត្រី និង​អភិបាលខេត្ត​មួយចំនួន​បាន​ទៅ​ទទួល​ការបណ្តុះបណ្តាល​នៅ​ប្រទេស​រុស្ស៊ី​ផងដែរ​។ ដោយឡែក​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា និង​រុស្ស៊ី​នៅមាន​កម្រិត​តូច​នៅឡើយ ហើយ​តាមរយៈ​ដំណើរទស្សនកិច្ច​នេះ លោក​អភិបាលខេត្ត​ស្នើ​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​ជួយ​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​មកកាន់​កម្ពុជា​បន្ថែម​មួយកម្រិត​ទៀត​។

អនុប្រធាន​ទី​ ១ គណៈកម្មាធិការ​កិច្ចការ​អន្តរជាតិ សភាសហព័ន្ធរុស្ស៊ី លោក Alexey Chepa បាន​ថ្លែងអំណរគុណ​ដល់​អភិបាល​ខេត្ត​ដែល​ធ្វើឱ្យមាន​ជំនួប​ពិភាក្សា​ការងារ ដើម្បី​បង្កើន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និង​វប្បធម៌ ឱ្យ​កាន់តែ​ល្អ​ថែមទៀត​។ ទន្ទឹម​នេះដែរ​លោក​បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ដល់​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ខេត្ត​ព្រះសីហនុ​ជាពិសេស​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្បូរបែប និង​សំណង់​អគារ​ខ្ពស់ៗ​ជាច្រើន​។

លោក​ថា​៖ «​កាលពី​ប៉ុន្មាន​ឆ្នាំមុន ខ្ញុំ​មកកាន់​ខេត្ត​ព្រះសីហនុ​មិនសូវ​ឃើញ​មាន​ជនជាតិ​រុស្ស៊ី​ច្រើន​ទេ បន្ទាប់ពី​ការផ្សព្វផ្សាយ​របស់​ទេសចរ​រុស្ស៊ី បង្ហាញ​ពី​ការស្វាគមន៍​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា​ធ្វើឱ្យ​អ្នកទេសចរ​រុស្ស៊ី​ចង់​មក​កម្ពុជា​កាន់តែ​ច្រើន​»​។

លោក​សង្ឃឹមថា ភ្ញៀវទេសចរ​រុស្ស៊ី​នឹង​បង្វែរ​មកកាន់​កម្ពុជា ជាពិសេស​ខេត្ត​ព្រះសីហនុ​កាន់តែ​ច្រើនឡើង ខណៈ​លោក​ក៏បាន​គាំទ្រ​ការហោះហើរ​ត្រង់​មកកាន់​ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀមរាប​ផងដែរ​។ ក្នុងជំនួប​ពិសេស​នោះ លោក Alexey Chepa បាន​ជម្រាបជូន​លោក គួច ចំរើន ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នាពេលនេះ លោក​មានបំណង​អញ្ជើញ​ប្រតិភូ​ខេត្ត​ព្រះសីហនុ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី និង​ប្រតិភូ​រុស្ស៊ី​មក​ទស្សនកិច្ច​ខេត្ត​ព្រះសីហនុ ដើម្បី​ចងសម្ព័ន្ធភាព​ទីក្រុង​ព្រះសីហនុ និង​ទីក្រុង Veliky Novgorod នៃ​ប្រទេស​រុស្ស៊ី​នៅពេល​ខាងមុខ​៕