សៀមរាបៈ បុរស​ម្នាក់​ជា​អ្នកបើកបរ​បាន​រងរបួស​ធ្ងន់​ក្រោយ​បើកឡាន​ឆ្លងស្ពាន​ដែល​ចាស់​ទ្រុឌទ្រោម​ហើយ​បាន​បាក់​ធ្លាក់ចុះ​ក្រោម​កាលពី​ថ្ងៃទី​ ២៥ ក្នុងស្រុក​ជីក្រែង ខេត្តសៀមរាប ខណៈ​អាជ្ញាធរ​កំពុង​ស្រាវជ្រាវ និង​គ្រោង​ឱ្យ​ម្ចាស់​អាជីវកម្ម​សង​ការខូចខាត​ស្ពាន​។

លោក តាំង លី​ហេង អធិការ​នគរបាល​ស្រុក​ជីក្រែង​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៧ ​កុម្ភៈ​ថា អ្នកបើករថយន្ត​ឈ្មោះ លឹម រ៉េត ភេទ​ប្រុស អាយុ ៣៧ ​ឆ្នាំ រស់នៅ​ភូមិ​ដូនសុខ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប កំពុង​សង្គ្រោះ​បន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​ខេត្តសៀមរាប​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​ករណីនេះ​តៃកុង​ឡាន​គាត់​អាច​ត្រូវតែ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​។ ចំពោះ​សំណង​វិញ​គឺ​អាជ្ញាធរ​នឹង​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដែល​ដើម​បណ្តឹងរដ្ឋប្បវេណី​អាចជា​គណៈបញ្ជាការ​ឯកភាព​ស្រុក​ជីក្រែង ឬ​អាជ្ញាធរ​ខេត្តសៀមរាប​ ដើម្បី​ដាក់​តម្លៃ​ការខូចខាត​ស្ពាន​ទៅ​ម្ចាស់​អាជីវកម្ម​ដឹកថ្ម​នោះ​សង​។ នេះ​បើតាម​ខ្ញុំ​ដឹង​»​។

លោក​បញ្ជាក់ថា ពេលនេះ​សមត្ថកិច្ច​របស់លោក​គ្រោង​នឹង​បើក​ការ​ស៊ើបសួរ​អ្នកបើកបរ​រថយន្ត​បង្ក​ម្នាក់​នោះ​ ដើម្បី​រក​ធាតុ​ផ្សំ​នៃ​បទល្មើស​ ឬ​រក​មូលហេតុ​ពិត​ដែលនាំឱ្យ​អ្នកបើករថយន្ត​នោះ​បំពាន​នឹង​បម្រាម​របស់​សមត្ថកិច្ច​ ឬ​បម្រាម​របស់​អាជ្ញាធរ​ស្រុក​ពាក់ព័ន្ធ​ការហាមឃាត់​មិនឱ្យ​ដឹក​ធ្ងន់​ឆ្លងកាត់​ស្ពាន​ដែល​កំពុង​ទ្រុឌទ្រោម​នោះ​។ ប្រសិនបើ​សមត្ថកិច្ច​រកឃើញថា​មាន​ធាតុ​ផ្សំ​នៃ​បទល្មើស​មែន គឺ​សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាមច្បាប់​ទៅលើ​អ្នកបើកបរ​រថយន្ត​នោះ​។

លោក លីហេង បន្តថា​៖ «​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​នោះ​គឺ​ប្រសិនបើ​នៅ​ទីតាំង​ស្ពាន​នោះ​មាន​ដាក់​ស្លាក​សញ្ញា​ហាមឃាត់ តែ​គាត់​នៅតែ​បំពាន​គឺ​វា​ពាក់ព័ន្ធ​បទល្មើស​ហើយ​។ បើ​ឃើញថា​មាន​ស្លាក​ហាម​ហើយ​ហេតុអ្វី​បានជា​គាត់​នៅតែ​បើក​ឆ្លងស្ពាន​អ៊ីចឹង​។ នេះ​សុទ្ធតែជា​ចំណុច​ពាក់ព័ន្ធ​បទល្មើស​»​។

លោក​ ទីវ ប៉ុនរ៉ា នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ជីក្រែង​បាន​ប្រាប់​នៅ​ថ្ងៃទី​ ២៧​ កុម្ភៈ​ថា ស្ពាន​នោះ​ស្ថិតនៅ​ចំណុច​ស្ពាន វត្ត​ស្លែង​ក្នុងភូមិ​ព្រីង ឃុំ-​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ត្រូវបាន​កសាងឡើង​កាលពី​ឆ្នាំ​ ២០០៧​ ហើយ​ស្ថានភាព​ស្ពាន​រហូតមកដល់​បច្ចុប្បន្ន​នេះ​មាន​លក្ខណៈ​ទ្រុឌទ្រោម​យ៉ាងខ្លាំង​។ ចំពោះ​ការធ្វើដំណើរ​ឆ្លងកាត់​អ្វី​នោះ​បានតែ​ទម្ងន់​ស្រាលៗ​ទេ​។

លោក​ឱ្យដឹង​តាម​សម្តី​អ្នកភូមិ​ថា នៅ​ថ្ងៃទី​ ២៥​ កុម្ភៈ ឆ្នាំ​ ២០២២​ គេ​បានឃើញ​រថយន្ត​ ១ ​គ្រឿង​ម៉ាក NISSAN DESEL​ ពាក់​ស្លាក​លេខ​សៀមរាប 3A- 3222 ដឹក​ថ្ម​ប្រមាណ​ជា​ ២៨ ​តោន​។ អ្នកបើករថយន្ត​បាន​កៀប​ជាប់​នឹង​កាប៊ីន ហើយ​សមត្ថកិច្ច​បាន​ប្រើពេល​ជាង​ ៣ ​ម៉ោង​ទើប​យក​ជនរងគ្រោះ​បាន​៕