ស្ទឹងត្រែងៈ ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​សហការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្ទឹងត្រែង រដ្ឋបាល​ស្រុក​បុរីអូរស្វាយ​សែនជ័យ និង​អង្គការ​វឌ្ឍនភាព​នៅ​ថ្ងៃទី​ ២៦ ខែកុម្ភៈ បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ប្រព័ន្ធ​ចែកចាយ​ទឹកស្អាត​នៅ​ឃុំ​ព្រះរំកិល ដើម្បី​ផ្តល់​ទឹកស្អាត​ប្រើប្រាស់​ដល់​ប្រជាពលរដ្ឋ​ជាង ៥០០ ​គ្រួសារ នៅក្នុង​ភូមិ​ចំនួន​ ៥ ក្នុងស្រុក​បុរី​អូរស្វាយសែនជ័យ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យដឹងថា នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ដែលមាន​ឈ្មោះថា ១ ០០០ ​ថ្ងៃ​ដំបូង ប៉ុណ្ណោះ ដែល​គម្រោង​នេះ​ក៏មាន​ការរួម​បញ្ចូល​ថែមទៀត​នូវ​ការដោះស្រាយ​សន្តិសុខ​ស្បៀង ការបង្កើន​ភាពធន់ ការកែលម្អ​សុខភាព​មាតា និង​ទារក​នៅក្នុង​ភូមិ​ចំនួន ៥១ ក្នុង​ឃុំ​ចំនួន​ ១៧ នៃ​ស្រុក​ចំនួន ​៣ ក្នុង​ខេត្តស្ទឹងត្រែង​។

សេចក្ដី​ប្រកាស​បញ្ជាក់ថា​៖ «​គោលបំណង​សំខាន់​នៃ​គម្រោង​នេះ គឺ​ដើម្បី​កាត់បន្ថយ​អសន្តិសុខ​ស្បៀង និង​កង្វះ​អាហារូបត្ថម្ភ​ក្នុង​ចំណោម​ទារក និង​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ ដោយ​អនុវត្ត​វិធីសាស្ត្រ រួមបញ្ចូល​គ្នា​ ដើម្បី​ធានា​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​នៅក្នុង​តំបន់​គោលដៅ​»​។

លោក យី គីមថាន នាយករង​ប្រចាំ​ប្រទេស​ទទួលបន្ទុក​ផ្នែក​កម្មវិធី​នៃ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ថ្លែងថា លទ្ធផល​ជារួម​នៃ​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់ រួមផ្សំ​នឹង​លក្ខខណ្ឌ​អនាម័យ​មិនល្អ​បាន​ជះឥទ្ធិពល​ដល់​ការលូតលាស់ និង​ការអភិវឌ្ឍ​ការយល់ដឹង​ដ៏ល្អប្រសើរ​ក្នុង​វ័យ​កុមារភាព បង្កើន​ហានិភ័យ​នៃ​ជំងឺ និង​ការបង្ក​រោគ​ដែល​បណ្តាលឱ្យ​រាករូស និង​កង្វះ​អាហារូបត្ថម្ភ​ក្នុងចំណោម​កុមារ និង​មនុស្សពេញវ័យ​។

លោក​ថ្លែងថា​៖ «​បញ្ហា​នេះ ក៏បាន​រួមចំណែក​ដល់​ការបាត់បង់​ប្រាក់ចំណូល​គ្រួសារ តាមរយៈ​ការចំណាយ​លើ​ថ្លៃ​ព្យាបាល ការបាត់បង់​ពេលវេលា​នៅ​កន្លែងធ្វើការ និង​អវត្តមាន​របស់​សិស្ស​នៅ​សាលារៀន​ផងដែរ​»​។

កត្តា​ដែល​នាំទៅរក​ភាព​ជោគជ័យ​នៃ​សហគមន៍ ប្រព័ន្ធ​ចែកចាយ និង​ស្ថានីយ​ទឹកស្អាត គឺជា​បញ្ហា​ចម្បង រួមមាន​ការចូលរួម​របស់​សហគមន៍​នៅ​គ្រប់​ដំណាក់កាល​ទាំងអស់​ក្នុងការ​រៀបចំ​គម្រោង និង​ការសាងសង់​។ ការប្រមូល​ប្រាក់កម្រៃ​ដែលមាន​សមត្ថភាព​គ្របដណ្តប់​លើ​ការចំណាយ​លើ​ការជួសជុល​ធំៗ ជាជាង​ប្រតិបត្តិការ និង​ការថែទាំ​តិចតួច​។ ភាពជា​អ្នកដឹកនាំ​ដ៏​រឹងមាំ និង​តម្លាភាព​កម្រិត​ខ្ពស់ ជាពិសេស​ជាមួយ​សហគមន៍ ក្រុមប្រឹក្សា​ឃុំ និង​រដ្ឋបាល​ស្រុក ក្នុងការ​សម្អាត និង​ការប្រើប្រាស់​ថ្នាំ​សម្លាប់​មេរោគ​ឱ្យបាន​ត្រឹមត្រូវ​នៅក្នុង​ប្រព័ន្ធ ក៏​ជា​កត្តា​ដែល​នាំទៅរក​ភាពជោគជ័យ​នៃ​សហគមន៍ ប្រព័ន្ធ​ចែកចាយ និង​ស្ថានីយ​ទឹកស្អាត​ដែរ​។

បើតាម​សេចក្ដីប្រកាស​ព័ត៌មាន ការចំណាយ​សម្រាប់​ប្រព័ន្ធ​ចែកចាយ និង​ស្ថានីយ​ទឹកស្អាត​ដែល​ទើប​សាងសង់​ថ្មី​គឺ​ប្រហែល $១០០ ០០០​។ គម្រោង​នេះ​ក៏ត្រូវ​បានផ្តល់​មូលនិធិ​ដោយ​ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (BMZ) និង​អង្គការ​ភ្លែន​អន្តរជាតិ​អាល្លឺម៉ង់ ដែលមាន​ទឹកប្រាក់​សរុប ២,៥ ​លាន​ដុល្លារ ក្នុង​រយៈពេល ៥ ​ឆ្នាំ​ចាប់ពី​ឆ្នាំ ២០១៩-២០២៤​។

លោក យី គីមថាន បញ្ជាក់ថា​៖ «​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា គឺជា​អង្គការ​អភិវឌ្ឍន៍ និង​មនុស្សធម៌​មួយ​ដែល​លើកកម្ពស់​សិទ្ធិ​កុមារ និង​សមភាព​ក្មេងស្រី​។ យើង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពិភពលោក​យុត្តិធម៌​មួយ​ដោយ​ធ្វើការ​រួមគ្នា​ជាមួយ កុមារ យុវជន អ្នកគាំទ្រ និង​ស្ថាប័ន​ដៃគូ​របស់​យើង​។ ជាមួយនឹង​បទពិសោធ​ជាង ៨០ ​ឆ្នាំ នៅ​ទូទាំង​ពិភពលោក កម្មវិធី​របស់​អង្គការ​ភ្លែន-​អន្តរជាតិ​មាន​គោលបំណង​គាំទ្រ​ក្មេងស្រី និង​ក្មេងប្រុស រៀនសូត្រ ដឹកនាំ សម្រេចចិត្ត និង​អភិវឌ្ឍ​។

លោក​រំឭកថា កាលពី​ខែតុលា ឆ្នាំ​ ២០២១ អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា បានចាប់ផ្តើម​អនុវត្ត​យុទ្ធសាស្ត្រ​ប្រចាំ​ប្រទេស ២,៥ លាន​ហេតុផល​ ២០២១-២០២៦ ដោយមាន​មហិច្ឆតា​ផ្តល់​ផលប្រយោជន៍​ដល់​ក្មេងស្រី​វ័យ​ជំទង់ និង​ស្ត្រី​វ័យក្មេង​ចំនួន ២,៥ លាន​នាក់​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​ទៅមុខ​។

លោក ស្វាយ សំអ៊ាង អភិបាល​ខេត្តស្ទឹងត្រែង និង​លោក ឈាង ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នៅ​ថ្ងៃទី​ ២៦ ​កុម្ភៈ បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ថានីយ​ផលិត និង​ចែកចាយ​ទឹកស្អាត​សហគមន៍​ព្រះ​រំកិល​នេះ​។

បើតាម​រដ្ឋបាល​ខេត្ដ​ស្ទឹងត្រែង ស្ថានីយ​នេះ​មាន​លទ្ធភាព​ផ្គត់ផ្គង់​ទឹកបាន​ចំនួន ៥ ​ភូមិ នៃ​ឃុំ​ព្រះរំកិល រួមមាន​ភូមិ​អន្លង់ស្វាយ ភូមិ​លើ ភូមិ​កណ្តាល ភូមិ​ក្រោម និង​ភូមិ​ក្រឡាពាស ដែលមាន​ប្រជាពលរដ្ឋ​ទទួលផល​ប្រមាណ ៧០០ ​គ្រួសារ​។ រដ្ឋបាល​ខេត្ដ​ឱ្យដឹងថា ចាប់ពី​ខែមករា ឆ្នាំ​ ២០២២ មកដល់​ពេលនេះ​សហគមន៍​គ្រប់គ្រង​ស្ថានីយ​បាន​តភ្ជាប់​បណ្តាញ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន ៣២៣ ​បណ្តាញ ហើយ​បាននិងកំពុង​ខិតខំ​ពង្រីក​ការតភ្ជាប់​បណ្តាញ​ជូន​ប្រជាពលរដ្ឋ​តាម​ការស្នើសុំ​ជា​បន្តបន្ទាប់​៕