ភ្នំពេញៈ នគរបាល​ខណ្ឌ​សែន​សុខ​គ្រោង​បញ្ជូន​ក្រុមចោរប្លន់​ចំនួន ​១១​ នាក់​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ​១ មីនា ក្រោយពី​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ​២៦ កុម្ភៈ​ពាក់ព័ន្ធ​ដើរ​ធ្វើ​សកម្មភាព​ធាក់​ប្លន់​យក​ម៉ូតូ​អ្នកដំណើរ​នៅក្នុង​ភូមិសាស្ត្រ ភូមិ ត្រពាំង​រាំង សង្កាត់​ឃ្មួញ ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ​។​

លោក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ សែន​សុខ ឱ្យដឹង​នៅ​ថ្ងៃទី​២៨ កុម្ភៈ​ថា នគរបាល​របស់លោក​គ្រោង​កសាង​សំណុំរឿង​បញ្ជូន​ក្រុម​ជនសង្ស័យ​ដែលជា​យុវជន​ចំនួន​១១​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១ មីនា ខណៈ​មន្ត្រីនគរបាល​ជំនាញ​របស់លោក​មមាញឹក​ដើម្បី​បញ្ចប់​នីតិវិធី​។​

លោក​ថ្លែងថា​៖« ករណីនេះ នគរបាល​ជំនាញ​កំពុង​បន្ត​នីតិវិធី​ដើម្បី​បញ្ចប់ និង​កសាង​សំណុំរឿង​បញ្ជូន​ពួកគេ​ទៅ​តុលាការ​។ (​ថ្ងៃទី​១​មីនា​)​យើង​បញ្ជូន​ពួកគេ​ទៅ​តុលាការ​ហើយ​ដើម្បី​ចាត់ការ​តាមច្បាប់​»​។​

យោងតាម​ការផ្សព្វផ្សាយ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​បានសរសេរថា កាលពី​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២៦ កុម្ភៈ ឆ្នាំ ២០២២ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃ្មួញ ឃាត់ខ្លួន​ជនសង្ស័យ ១១​នាក់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ធាក់​យក​ម៉ូតូ​អ្នកដំណើរ​។ ក្រុម​ជនសង្ស័យ​ប្រព្រឹត្ត​នៅ​ចំណុច​ម្តុំ​ក្បាលហុង​ទឹក ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ភូមិ​ត្រពាំង​រាំង​ចាស់ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ជាមួយនឹង​ការឃាត់ខ្លួន​នោះ​សមត្ថកិច្ច​រឹប​អួ​សបាន​ម៉ូតូ​ចំនួន​៤​គ្រឿង​ផងដែរ​។​

បើតាម​របាយការណ៍​ថា ពួកគេ​មាន​អាយុ​ចន្លោះ​ពី​១៨​ទៅ​២៤​ឆ្នាំ និង​សុទ្ធតែ​អ្នកមាន​លំនៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ក្រុម​ជនសង្ស័យ​មិន​ត្រូវបាន​សមត្ថកិច្ច​ពិនិត្យ​រកឃើញ​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​ទេ​។ ជាមួយគ្នានេះដែរ​នគរ​បាល​បាន​កសាង​សំណុំរឿង​ដោយ​ចោទ​ពួកគេ​បឋម​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​។​

លោក សេក សុជាតិ នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​ថ្លែង​នៅ​ថ្ងៃទី ២៨ កុម្ភៈ​ថា រដ្ឋាភិបាល គួរ​ធ្វើ​ការអប់រំ​ផ្នែក​សីលធម៌ និង​កាតព្វកិច្ច​របស់​យុវជន​ក្នុងនាម​ជា​អ្នក​បន្តវេន​របស់​ជាតិ​។ គួរ​តម្រង់ទិស និង​ផ្សព្វផ្សាយ​ពីបទ​ល្មើស និង​ច្បាប់​ពាក់ព័ន្ធ​ដល់​យុវជន និង​ក្មេង​ជំទង់ៗ ដើម្បី​ចៀសវាង និង​ទប់ស្កាត់​បញ្ហា​កុំ​ឲ្យ​បន្ត​រីក​រាលដាល់​កាន់តែ​ធំ​ឡើងៗ​។ គួរ​ចាត់វិធានការ​រដ្ឋបាល​ចំពោះ​ក្មេង​ទំនើង ឬ​យុវជន​ខិលខូច ដោយ​គ្មាន​ការរើសអើង​និន្នាការ និង​គ្មាន​ការយោគយល់​ឡើយ​៕