​ភ្នំពេញៈ​​ ក្រសួង​ប្រៃ​សណីយ៍​ និង​អង្គការ​យូណេ​ស្កូ (UNESCO) រួមគ្នា​ជំរុញ​អក្ខរ​កម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​និង​ឌីជី​ថល​នៅ​កម្ពុជា​តាម​រយៈ​ការដាក់​ឱ្យ​អនុវត្ត​គម្រោង «ការបង្កើត​ក្រប​ខ័ណ្ឌនិង​យុទ្ធ​សាស្ត្រ​អក្ខ​កម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន និង​ឌីជី​ថល (Digital) ថ្នាក់​ជាតិ​។

គម្រោង​នេះ​គឺជា​គំនិត​ផ្តួច​ផ្តើម​របស់​ក្រសួង​ប្រៃសណី​យ៍​ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​ពី​មូលនិធិ​នៃ​ការ​កសាង​សមត្ថ​ភាព ការ​ស្រាវ​ជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរ​គមនាគមន៍​និង​បច្ចេក​វិទ្យា​គមនា​គមន៍​ និង​ព័ត៌​មាន​ ដោយ​ទទួល​បាន​ជំនួយ​ផ្នែក​បច្ចេក​ទេស​ពី​អង្គ​ការ​យូ​ណេស្កូ​ប្រចាំ​កម្ពុជា។​

គោល​បំណង​នៃ​គម្រោង​នេះ​គឺ​ការបង្កើត​ចេញ​នូវ​ក្រប​ខ័ណ្ឌ​និង​យុទ្ធ​សាស្ត្រ​អក្ខរ​កម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ព័ត៌មាន​និង​ឌីជី​ថល​ថ្នាក់​ជាតិ​សម្រាប់​បរិបទ​នៃ​ប្រទេស​កម្ពុជា​។

គម្រោង​នេះ​មាន​រយៈ​ពេល​១៨​ខែ​ ដែល​បាន​ចាប់​ផ្តើម​អនុវត្ត​ពី​ខែវិ​ច្ឆិកា ឆ្នាំ២០២១ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ខែ​មេសា ​ឆ្នាំ២០២៣ ក្រោម​កិច្ច​សហ​ការ​រវាង​ក្រសួង​ប្រៃ​សណីយ៍ និង​អង្គការ​យូណេ​ស្កូ​ប្រចាំ​កម្ពុជា​។

លោក​អេ​ សុភា ​អនុ​រដ្ឋលេ​ខាធិ​ការ​ក្រសួង​ប្រៃស​ណីយ៍​ថ្លែង​ក្នុង​ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​គម្រោង​នេះ​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​ថា ​ក្រប​ខ័ណ្ឌ​និង​យុទ្ធ​សាស្ត្រ​នេះ​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​សម្រេច​នូវ​ចក្ខុ​វិស័យ​ប្រែ​ក្លាយ​កម្ពុជា​

ជា​សេដ្ឋ​កិច្ច​និង​សង្គម​ឌីជីថល​ដ៏​រស់​រវើក​មួយ​តាម​រយៈ​ការបង្កើត​នូវ​មូល​ដ្ឋាន​គ្រឹះ​សំខាន់ៗដើម្បី​ចូលរួម​ជំរុញ​ការទទួល​យក​និង​ផ្លាស់​ប្តូរ​ឌី​ជី​ល​គ្រប់​ផ្នែក​ទាំង​អស់​ ទាំងរ​ដ្ឋា​ភិ​បាល អាជីវកម្ម​ និង​ប្រជា​ពលរដ្ឋ។

លោក​ ជា វ៉ាន់​ដេ​ត​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគ​មនាគមន៍ ថ្លែង​ក្នុង​ពិធី​នេះ​ថា ​គម្រោង​នេះ​បង្កើត​សេចក្តី​ព្រាង​ឯកសារ​ចំនួន២គឺ ទី១-ក្រប​ខ័ណ្ឌ​អក្ខរកម្ម​ថ្នាក់​ជាតិ​រួម​មួយ​ដែល​នឹង​កំណត់​ពី​ក្រប​ខ័ណ្ឌ​សមត្ថភាព ​និង​កម្រិត​ជំនាញ​ប្រើ​ប្រាស់​បច្ចេ​កវិទ្យា​ឌីជីថល​សំខាន់ៗ​ស្រប​តាម​បរិបទ​ជាក់ស្តែង​របស់​កម្ពុជា​និង​ការវិ​វឌ្ឍ​នៃ​បច្ចេកវិទ្យា​នាពេល​អនា​គត​និង​នាពេល​បច្ចុប្បន្ន។​ទី២គឺ​យុទ្ធសាស្ត្រ​លើក​កម្ពស់​អក្ខ​រកម្ម​ដែល​ក្នុង​នោះ​មាន​កំណត់​ចេញ​នូវ​ភាគី​ពាក់​ព័ន្ធ​កម្មវិធី​ជាច្រើន​ដែល​ត្រូវ​បន្ត​អនុវត្ត​រួមគ្នា​បន្ថែម​ទៀត​។

លោក​ថ្លែង​ថា៖ «លទ្ធផល​ទាំង២​នឹង​គាំទ្រ​ទៅដ​ល់​ដំណើ​រការ​ប្រែក្លា​យ​កម្ពុជា​ឱ្យទៅជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ដ៏​រស់​រវើក​ក្នុង​ឆ្នាំ​២០៣៥»​។

បើតាម​រដ្ឋ​មន្ត្រី​រូបនេះ ​បច្ចុប្បន្ននេះ​​មាន​ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រហែល​៣០​ភាគរយ ដែល​អក្ខរកម្ម​ឌីជីថល​កម្រិត​មូលដ្ឋាន​ដែល​អាច​ចេះ​ប្រើ​ប្រាស់​អ៊ី​ន​ធឺ​ណិ​ត​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​និង​ការទទួល​យក​បច្ចេក​វិទ្យា​ឌីជីថល​ជាដើ​ម។ចំណែក​ប្រជា​ពលរដ្ឋ​ប្រមាណ​៧០​ភាគរយ​ទៀត​នៅ​មិន​ទាន់​មាន​ការយល់ដឹ​ងនិង​ប្រើ​ប្រាស់​ប្រព័ន្ធ​នេះ​ឱ្យបាន​ប្រសើរ​នៅ​ឡើយ។​

លោក ​ជា វ៉ាន់​ដេ​ត ​បាន​បញ្ជាក់​ថា៖«គម្លាត​ដ៏​ធំ​នេះ​គឺជា​បញ្ហា​ប្រឈម​និង​ជា​រនាំង​រាំងស្ទះ​ការចាប់យក​ឱកាស​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ទទួល​ប្រយោជន៍​ពី​បច្ចេកវិទ្យា​និង​ការទទួល​បាន​សេវា​សា​ធា​រណៈ​ឌីជីថល​នា​ពេល​អនា​គត»​។

យោង​តាម​អង្គការ​យូណេ​ស្កូ​បានឱ្យដឹង​ថា​ នៅ​កម្ពុជា​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ព័ត៌មាន​និង​ឌីជីថល (MIDL) កំពុង​ទទួល​បានការ​យល់ដឹ​ងនិ​ង​ការ​ទទួល​ស្គាល់​កាន់តែ​ច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ក្នុងចំណោម​ភ្នាក់​ងារ​រដ្ឋាភិ​បាល អង្គការ​សង្គម​ស៊ីវិល​ អ្នក​សិក្សា​ស្រាវ​ជ្រាវ និង​វិស័យ​សំខាន់ៗ​ផ្សេង​ទៀត​ តាម​រយៈ​ការតស៊ូ​មតិ​ និង​ការ​កសាង​សមត្ថ​ភាព​។

អង្គការ​យូណេស្កូ​បានឱ្យ​ដឹង​ថា​ ការ​ទទួល​ស្គាល់​បែបនេះ​ ​អាច​ត្រូវបាន​សន្មត​ថា​សមត្ថ​ភាព​យល់​ដឹង​ផ្នែក​MIDL អាច​រួម​ចំណែក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហានិង​កង្វល់​នានា​ដូច​ជា​ ការទ​ទួលបា​ន​ព័ត៌​មាន សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ប្រឆាំង​ព័​ត៌​ដែល​ខុស​និង​ព័ត៌​មាន​មិន​ពិត​។

ទម្រង់​MIDL នេះ​រួម​មាន ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃ​ណី​ទូរគមនា​គមន៍ និង​បច្ចេក​វិទ្យា​ព័ត៌​មាន និង​ទំនាក់​ទំនង (ICT​) រួមទាំង​ទូរ​ស័ព្ទ​វៃ​ឆ្លាត​(smart​phone)​។

លោក​Sardar​UmarAlam​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​នេះ​ថា ​ការចែក​រំលែក​ចំណេះ​ដឹង ​និង​ព័ត៌មាន​ ជា​ពិសេស​តាម​បច្ចេ​កវិទ្យា​ICT និង​អ៊ី​នធឺ​ណិត​នាំមក​នូវ​ការផ្លាស់​ប្តូរ​សង្គម​និង​សេដ្ឋកិ​ច្ច។

លោក​បន្ត​ថា វា​ជាការ​សំខាន់​ណាស់​ដែល​ប្រជា​ពលរដ្ឋ​ត្រូវ​ទទួល​ការបំពាក់​បំប៉ន​នូវ​ចំណេះដឹង​ ជំនាញ​ និង​ឧបក​រណ៍​ដ៏​ចាំ​បាច់​ដើម្បីឱ្យ​​ពួកគេ​អាច​ទទួល​បាន​ព័ត៌​មាន​ដែល​ពួកគេ​ត្រូវការ​ដើម្បី​បន្ត​រៀនសូត្រ​ក៏ដូចជា​បង្កើន​ជំនាញ​វិជ្ជាជីវៈ​ដើម្បី​ឱ្យ​ពួកគេ​អាច​ចូលរួម​ក្នុង​ការ​ជជែក​វែកញែក​ជា​សា​ធារ​ណៈ​នៅក្នុង​សង្គម​ ជាពិសេស​ដើម្បី​ឱ្យ​ពួក​គេ​អាច​ធន់​ទៅនឹង​ការផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិតឬក៏​ការនិ​យាយ​ដែលនាំ​ឱ្យ​មាន​ការ​ស្អប់​ស្ពើ​ម​តាម​ប្រព័ន្ធ​អន​ឡាញ​ជាដើម​៕