បាត់ដំបងៈ​​ អង្គ​ភាព​កម្ចាត់​មីន​ស៊ីម៉ាក់​ (CMAC) ប្រចាំ​ខេត្ត​បាត់​ដំបង​កំពុង​រៀប​ចំយក​គ្រាប់​យុទ្ធ​ភណ្ឌ​​មិន​ទាន់​ផ្ទុះ​ចំនួន​ ៣ ​គ្រាប់ ​ទៅ​កម្ទេច​ចោល​នៅ​ថ្ងៃទី ១​ មីនា​ឆ្នាំ ២០២២ ​បន្ទាប់​ពី​បុរស​ជា​កសិករ​ម្នាក់​កាប់ឆ្កា​ព្រៃ​ប្រទះ​ឃើញ​កាលពី​ថ្ងៃទី​ ២៦ ​កុម្ភៈ នៅ​ក្នុង​ភូមិ​ព្រៃ​ទទឹង ឃុំ​បាយ​ដំរាំ ស្រុក​បាណន់​ខេត្ត​បាត់​ដំបង។

លោក​ ប៉ាន់​ វ៉ាន់​នី ​អធិការ​នគរ​បាលស្រុក​បាណន ឱ្យដឹង​នៅ​ថ្ងៃទី២៨​កុម្ភៈ​ថា គ្រាប់​យុទ្ធ​ភណ្ឌមិនទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់​ត្រូវ​មន្ត្រីនៃ​អង្គភាព​កម្ចាត់​មីន​ប្រចាំ​នៅ​ខេត្ត​បាត់​ដំបង​យក​ទៅ​កម្ទេច​ចោល​នៅ​ថ្ងៃទី១​មីនា​នេះ។គ្រាប់​យុទ្ធ​ភណ្ឌ​ទាំង​នោះ​មាន​មីន​កង្កែប​១​គ្រាប់ និង​ក្បាល​គ្រាប់​ប្រភេទ​៦០មី​ល្លិ​ម៉ែត្រ​ចំនួន​២​គ្រាប់​។

លោក​ថ្លែង​ថា៖​ «ករណី​នេះ ​សមត្ថ​កិច្ច​ខ្ញុំ​បាន​រាយ​ការណ៍​ទៅ​មន្ត្រី​នៃ​អង្គ​ភាព​ស៊ីម៉ាក​នៅ​ខេត្ត​បាត់​ដំបង​រួច​ហើយ។​ ខាង​មន្ត្រី​ស៊ី​ម៉ាក់​ផ្តល់​ព័ត៌​មាន​មក​ខ្ញុំ​ថា​ថ្ងៃ​ស្អែក​(ថ្ងៃទី១​មីនា)គេ​មក​យក​ទៅ​កម្ទេច​ចោល»​។

លោក​ មុខ​ សាមុត​ នាយ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ ឃុំ​បាយ​ដំរាំ​ ប្រាប់​នៅ​ថ្ងៃទី២៨​កុម្ភៈ​ថា​ កាលពី​វេលា​ម៉ោង​១២ ថ្ងៃ​ត្រង់​ថ្ងៃទី​២៦ ​ខែកុម្ភៈ​ឆ្នាំ​២០២២​ មាន​ប្រជា​ពលរដ្ឋ​២​នាក់​រស់​នៅ​ក្នុង​ភូមិ ព្រៃ​ទទឹង ឃុំ​បាយ​ដំរាំ ស្រុក​បា​ណន់ បាន​នាំគ្នា​កាប់​ឆ្កា​ព្រៃ​ដើម្បី​ដាំ​ដំណាំ​ ហើយ​បាន​ប្រទះ​ឃើញ​គ្រាប់​ចំនួន​៣​គ្រាប់​នៅ​កប់​ដី​ក្បែរ​ដំបូក។នៅ​ពេល​នោះ​ពួក​គាត់​បាន​រាយ​ការណ៍​មក​សមត្ថ​កិច្ច​របស់​លោក​ហើយ​លោក​បាន​រាយកា​រណ៍​ទៅ​លោក​លោក​ប៉ាន់​ វ៉ាន់​នី អធិ​ការ​នគរ​បាល​ស្រុក​បាណន​ដើម្បី​ជ្រាប​។

លោក​បន្ត​ថា ដោយ​ទទួល​បាន​គោល​ការណ៍​ពី​អធិការ​ស្រុក​មក​ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ត្រួត​ពិនិត្យ ​និង​ព័ទ្ធ​ខ្សែ​សុវត្ថិ​ភាព​នៅ​ចំណុច​ដី​ទួល​ដំបូក​នោះ​ដើម្បី​ជា​សញ្ញា​មិន​ឱ្យ​ប្រជា​ពលរដ្ឋ​ទៅ​ក្បែរ​ទីតាំង​នោះ​ទៀត។ ​ចំពោះ​គ្រាប់​ទាំង​នោះ​អាច​នៅ​មាន​គុណ​ភាព និង​ធ្វើឱ្យ​ផ្ទុះ​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​បាន​។

លោក​បញ្ជាក់​ថា៖​«តំបន់​ខ្លះ​នៅ​ក្នុង​ឃុំ​បាយ​ដំរាំ ​នៅមាន​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ខ្លះ​ដែរ​នៅ​ក្នុង​ព្រៃ​ ព្រោះ​តំបន់​នោះ​ជា​តំបន់​ប្រឈម​ប្រយុទ្ធ​ប្រឆាំង​គ្នា​នៅ​សម័យ​ខ្មែរក្រហម។ ប៉ុន្តែ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ខ្ញុំ​នេះ​គ្មាន​មនុស្ស​របួស​ឬ​ស្លាប់​ដោយ​សារ​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ទេ»​។

​លោក​បាន​បន្ថែម​ថា កន្លង​មក​អាជ្ញា​ធរ​មូល​ដ្ឋាន​ក៏ដូច​ជា​សមត្ថ​កិច្ច​ តែងតែ​ផ្សព្វ​ផ្សាយ​អប់រំ​ស្តីពី​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន​នៅ​តាម​មូលដ្ឋាន​ភូមិ​ឃុំ​ដើម្បី​ឱ្យ​ពួក​គាត់​យល់​ដឹង​ពី​បញ្ហា​គ្រោះ​ថ្នាក់​ដោយ​គ្រាប់​មីន។ប្រសិន​បើ​ប្រជា​ពលរដ្ឋ​ឬ​សិស្ស​សាលា​បាន​ប្រទះឃើញ​គ្រាប់​ប្រភេទ​ណាក៏​ដោយ​ត្រូវតែ​រាយកា​រណ៍​មក​សមត្ថកិច្ច​ហើយ​សមត្ថកិ​ច្ច​នឹង​ចុះទៅ​ព័ទ្ធ​ខ្សែ​សុវត្ថិ​ភាព​និង​រាយ​ការណ៍​ទៅ​អង្គភាព​ស៊ីម៉ាក​ដើម្បី​ឱ្យ​គាត់​យក​ទៅ​កម្ទេច​ចោល​។

អគ្គនា​យក​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា(CMAC)លោក ហេង រតនា បាន​សរ​សេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​លោក​ថាអង្គភាព​ស៊ីម៉ាក​សូម​ជម្រាប​ជូ​នដំណឹង​ដល់​ប្រជាព​លរដ្ឋ​ទាំងអស់​មេត្តា​ជ្រា​បថា ដើម្បី​​បង្កើន​ភាព​ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​រាយកា​រណ៍​មក​អង្គភាព​ស៊ីម៉ាក់(CMAC)នៅ​ពេល​ជួប​ប្រ​ទះឃើញ​គ្រាប់មី​ន និង​សំណល់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ ​អង្គភាព​ស៊ីម៉ាក​បាន​បង្កើត​ប្រព័ន្ធ​រាយការ​ណ៍​ឌីជីថ​ល។

សារ​​នោះ​បាន​បញ្ជាក់​ថា ប្រព័ន្ធ​​Application​មាន​ឈ្មោះ​ថា​“CMAC Helps”ហើយ​នឹង​ដាក់ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១​មីនា​ឆ្នាំ​២០២២​។

សារ​រ​បស់លោ​ក​បន្តថា៖«បងប្អូន​គ្រាន់តែ​ថតរូប​គ្រាប់​យុទ្ធ​ភណ្ឌ​មិ​នទាន់​ផ្ទុះ​រួច​ផ្ញើ​មក​អង្គភាព​CMACនោះ​​ក្រុម​ការ​ងារ​អាច​ឆ្លើយ​តប​បន្ទាន់​ឬ​ធ្វើការ​ទំនាក់​ទំនង​ទៅ​បង​ប្អូន​ភ្លាម»​៕