ភ្នំពេញៈ ​អ្នក​នាំពាក្យ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិប្រកាស​បដិ​សេធ​ថា ​មិន​មាន​ករណី​ចាប់​បង្ខាំង​ជនជាតិ​ចិន​ធ្វើជា​ទាស​ករលក់​ឈាម​នៅ​តំបន់​ឆៃណា​ថោន​ខេត្ត​ព្រះ​សីហនុ​នោះ​ទេ​។ នេះ​បើ​តាម​លិខិត​ប្រកាស​ព័ត៌​មាន​របស់​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងកា​រដ្ឋាន​នគរ​បាល​ជាតិ​នៅថ្ងៃទី​ ២៨​ ខែ​កុម្ភៈ​នេះ​។

ការ​ប្រកាស​បដិសេធ​នេះ​ធ្វើឡើ​ងក្រោយពី​មាន​សារ​ព័ត៌មាន​និងប​ណ្តាញ​ទំនា​ក់ទំនង​សង្គ​ម​មួយ​ចំនួន​បាន​ផ្សព្វ​ផ្សាយព័​ត៌​មានស្តី​ពីការ​ចាប់​បង្ខាំ​ងជ​នជាតិ​ចិនធ្វើ​ជា​ទាសក​រលក់​ឈាម ​នៅតំប​ន់ឆៃ​ណា​ថោន​ ខេត្ត​ព្រះសី​ហនុ​ កាល​ពីថ្មី​ៗកន្ល​ងទៅនេះ​។ អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ​បាន​បញ្ជាក់​ថា ការ​ផ្សព្វ​ផ្សាយ​នោះ​បាន​ធ្វើឲ្យ​ប៉ះពាល់​បរិយា​កាស និង​ចិ​ត្ត​សាស្រ្ត​សង្គម ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​កា​រភាន់​ច្រឡំពី​សំ​ណាក់​សា​ធារណៈ​មតិ​ជាតិ និង​អន្ត​រជាតិ​ជា​ច្រើន​។

លោក​ អំ សំអាត​ នាយក​រង​អង្គ​ការ​លីកា​ដូបាន​ថ្លែង​នៅ​ថ្ងៃទី​ ២៨​ ខែកុម្ភៈ​ថា រឿងរ៉ាវ​កើត​ឡើង​ដែល​និយាយ​អំពី​ការ​បូប​ឈាម​លក់​នេះគឺ​កើត​ចេញ​ពី​ជន​រង​គ្រោះ​ផ្ទាល់​ដែល​បាន​លើក​ឡើង​។ហេតុនេះ​ក្នុងនាម​អង្គការ​សង្គម​ស៊ិវិល​លោក​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ីប​អង្គេត​ឲ្យ​បានហ្មត់​ចត់ និង​តម្លា​ភាព​ដើម្បី​ទ​ប់ស្កាត់​កុំឲ្យ​មានរឿ​ងរ៉ាវ​ ឬ​សកម្ម​ភាព​បែប​នោះ​កើត​ឡើង​នៅ​កម្ពុជា​។

លោក​ថ្លែង​ថា៖​«យើង​មិន​ច​ង់ឲ្យមាន​ករណី​ដូច​លើក​ឡើង​ហ្នឹង​ទេ​ប្រសិន​បើ​មាន​មែន​កុំឲ្យកើត​ឡើង​បន្ត​ទៀត​នៅលើទឹក​ដីកម្ពុជា» ។

​លិខិត​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរបា​លជា​តិនៅ​ថ្ងៃទី២៨ ​ខែ​កុម្ភៈ​​ បាន​បញ្ជាក់​​ថា បន្ទាប់​ពីទទួល​បាន​ព័ត៌​មាន​អកុសល​ខាង​លើ​ អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិបាន​ចង្អល​ដឹក​នាំអង្គ​ភាព​ជំនាញឲ្យចុះ​​ស្រាវ​ជ្រាវស៊ើប​អង្កេត​ជា​បន្ទាន់​ដោយ​បាន​ត្រួត​ពិនិត្យ​ទីតាំង​ពាក់​ព័ន្ធ​ជា​ច្រើនកន្លែង និង​ប្រមូលច​ម្លើយ​សាក្សី​មួយ​ចំនួន ​ទើប​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ថា ព័ត៌​មាន​ខាង​លើជាព័ត៌​មាន​ប្រឌិត​ដែល​រៀប​ចំ​ដោយ​ឈ្មោះ ​LI YA YUAN LUN ភេទ​ប្រុស ​ជន​ជាតិ​ចិន​ អាយុ ៣​១​ ឆ្នាំ (ស្នាក់​នៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ ​ប៊ីធន​កម្ពុជា-​ចិន ​ខេត្ត​ព្រះ​សីហនុ)​ និង​អ្នក​ពាក់​ព័ន្ធ​ចំនួន ​៣ ​នាក់​។

ក្នុង​លិខិត​សរសេរ​ថា​«ឈ្មោះ ​LI YA YUAN LUN ដែល​អះអាង​ថា ជា​ជន​រង​គ្រោះ ​ធាតុ​ពិត​ជន​រូប​នេះ​បាន​លួច​ឆ្លង​ដែនចូល​ប្រទេ​ស​កម្ពុជា​ដោយ​ខុស​ច្បាប់ ​ប៉ុន្តែ​អាស្រ័យ​ដោយ​មាន​ជំងឺ​ប្រចាំ​កាយ ​ក៏បាន​ទាក់​ទង​មនុស្ស​មួយ​ក្រុម​ដើម្បី​ជួយ​រកវិធី​ដោះ​ស្រា​យ​បញ្ហា​របស់​ខ្លួន​» ។

​អ្នក​ពាក់​ព័ន្ធ​ចំនួន​៣​នាក់គឺជា​អ្នក​ជួយ​ដល់​ឈ្មោះ ​LI YA YUAN LUN ក្នុង​ការរៀបចំ​គម្រោង​ប្រឌិត​ព័ត៌មាន​ក្លែង​ក្លាយ​អំពី​ការ​បង្ខាំង​មនុស្ស​ធ្វើ​ទារុណ​កម្ម​និង​ធ្វើ​ជាទាសករ​លក់​ឈាម​ ដើម្បី​ជាលេស​ជួយដល់ឈ្មោះ​ LI YA YUAN LUN គេច​ផុតពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​នៅ​កម្ពុជា​។ ឈ្មោះ LYA YUAN LUN និង​អ្នក​ពាក់​ព័ន្ធ​ចំនួន​៣​នាក់​ (ស្រី១នាក់) ត្រូវ​បាន​សមត្ថ​កិច្ច ឃាត់​ខ្លួន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​។

​លោក​ហួត ​វិចិត្រ ព្រះរា​ជអា​ជ្ញារងនិង​ជា​អ្នក​នាំ​ពាក្យ​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុថ្លែង​នៅថ្ងៃទី​២៨​ ខែកុម្ភៈ​ថា តំណាង​អយ្យ​ការ​បាន​ទទួល​សំណុំ​រឿង​នោះ​ហើយ ​ប៉ុន្តែ​មិន​ទាន់​មាន​ការ​សម្រេច​យ៉ាង​ណា​នោះ​ទេ ​ព្រោះ​កំពុង​ស្ថិត​ក្នុង​ការសួ​រ​ចម្លើយ​លើ​ជន​សង្ស័យ​។

​អ្នកនាំ​ពាក្យនៃ​អគ្គស្ន​ងការ​ដ្ឋាន​នគរ​បាល​ជាតិបាន​អំពាវ​នាវ​ដល់​គ្រប់​មជ្ឈដ្ឋា​នសារ​ព័ត៌មា​ន និង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ទាំង​អស់​ធ្វើការ​កែ​សម្រួល​ឡើង​វិញ​នូវការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ប្រឌិត​ខាង​លើដើម្បី​ចៀស​វាង​ការ​ភាន់​ច្រឡំ​ពី​សា​ធារណៈ​មតិ​ជាតិ​អន្ត​រជាតិ​។

អ្នក​នាំ​ពាក្យ​ដដែល​​បញ្ជាក់​ថា៖​«យើង​ខ្ញុំក៏​មាន​សំណូម​ពរ​ដល់​អ្នក​សារ​ព័ត៌​មាននិងអ្នក​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ទាំង​អស់​គប្បី​គោរ​ពឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូ​វក្រម​សីលធម៌​ វិជ្ជា​ជីវៈដោយមិ​នត្រូ​វផ្ស​ព្វផ្សាយ​ព័ត៌មា​ន​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់»​។

អ្នក​នាំ​ពាក្យ​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិលើក​ឡើង​ទៀត​ថា កា​រផ្សាយ​ព័ត៌មាន​ចៀស​វាង​ធ្វើ​ការស​ន្និដ្ឋា​នហេតុ​ការណ៍​ណា​មួយ​ដោយ​អត្ត​នោ​ម័ត ពុំ​មាន​ភ័ស្តុតាង​ច្បាស់​លាស់ ​នាំ​ឲ្យប៉ះ​ពាល់​ដល់​បរិយា​កាស​សង្គម​និង​បង្ក​ឲ្យមា​នភាព​ភ័យ​ខ្លាច​ដល់​ទេសច​រជា​តិ អ​ន្តរ​ជាតិ និង​អ្ន​កវិនិ​យោគ​បរ​ទេស​នៅ​កម្ពុជា​៕