ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៨ ខែកុម្ភៈ បានសម្រេច​ឃុំខ្លួន​បុរស​ជន​ជាតិ​ចិន​ម្នាក់ នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ក្រោមការ​ចោទ​ប្រកាន់​ពីបទ ផលិត រក្សាទុក ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​គ្រឿង​ញៀន ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ជាច្រើន​គីឡូក្រាម។ នេះ​បើតាម​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។

លោក អ៊ី រិន្ទ ប្រធាន​លេខា​ធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​រាជធានី​ភ្នំពេញ និងជា​អ្នកនាំពាក្យ​ផ្នែក​ចៅក្រម​នៃ​ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា តុលាការ បានសម្រេច​ឃុំខ្លួន បុរស​ជនជាតិ​ចិន ឈ្មោះ Su Yunshi អាយុ ៤០ ឆ្នាំ ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ បន្ទាប់ពី​គាត់​ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រ​ឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ស្នងការ​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ បង្ក្រាប​ចាប់ខ្លួន​ កាល​ពី​ពេលថ្មីៗនេះ ជាមួយ​វត្ថុតាង​គ្រឿងញៀន​ជាច្រើន​គីឡូក្រាម រួមទាំង​សម្ភារ​សម្រាប់​កែច្នៃ​គ្រឿង​ញៀន​មួយ​ចំនួន​ទៀត។

លោក​បាន​បញ្ជាក់ថា៖«ជនសង្ស័យ​ឈ្មោះ Su Yunshi ត្រូវបាន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ ពីបទ​ផលិត រក្សាទុក ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ និង​បាន​បង្គាប់​ឱ្យ​កម្លាំង​សមត្ថកិច្ច​នាំយកទៅ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ការ​ជំនុំ​ជម្រះ​​ទោស​នៅពេល​ក្រោយ»។

លោក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​​នគរបាល​ជាតិ ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនសង្ស័យ​ឈ្មោះ Su Yunshi ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​សហការ​ជាមួយ​កម្លាំង​ស្នងការ​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ បង្ក្រាប​ចាប់ខ្លួន​ កាលពី​រសៀល​ថ្ងៃ​ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅ​ចំណុច បន្ទប់​លេខ១២ បេ ជាន់​ទី១២ ខុន​ដូ MSK ផ្លូវ​លេខ 450 សង្កាត់​ទួល​ទំពូង១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

លោក​បាន​បញ្ជាក់ថា៖«ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​សមត្ថកិច្ច បាន​ចាប់​រឹបអូស​វត្ថុតាង​គ្រឿង​ញៀ​ន​មេ​តំ​ហ្វេ​តា​មីន​(WY) ជាង ២,៦៦គីឡូក្រាម អ៊ិ​ច​ស្តា​ស៊ី(MDMA) ជាង ២,៦៥ គីឡូក្រាម, កេ​តា​មីន(KETAMIN)ជិត ២២០​ក្រាម នី​មេ​តា​ហ្សេ​ប៉ា​ម(4CEC) ៣៦ក្រាម កញ្ឆា​ក្រៀម ៤,៥៤គីឡូក្រាម និង​សារ​ធាតុគីមី​ផ្សំ​ចំនួន ១៣ គីឡូ​ក្រាម រួមទាំង ឧបករ​ណ៍​កែច្នៃ​មួយ​ចំនួន​ធំ»។

លោក​បាន​បន្តថា ជន​សង្ស័យ ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពី​សាកសួរ​ដើម្បី​ស្រាវ​ជ្រាវ រក​ខ្សែ​បណ្ដាញ និង​មេក្លោង​របស់​ពួកគេ អស់​រយៈ​ពេល​ជិត​មួយ​សប្ដាហ៍​មិនបាន​សម្រេច។

លោក​មានប្រសាសន៍ថា៖«ជន​សង្ស័យ​ មិនបាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​យើង ក្នុងការ​ស្រាវជ្រាវ​ចាប់​មេក្លោង​ធំ និង​បក្ខពួក​របស់ខ្លួន ដែល​ប៉ុនប៉ង​បង្កើត​ទីតាំង​ផលិត​គ្រឿងញៀន​នៅ​កម្ពុជា​នោះទេ»។

បើតាម​ លោក ម៉ក់ ជី​តូ ក្រុមមន្ត្រី​នគរបាល​ជំនាញ កំពុង​បន្ត​ស្រា​ជ្រាវ​លើ​ករណីនេះ​បន្ថែមទៀត ដោយ​សំអាងថា ទង្វើ​និង​សកម្មភាពរ​បស់ជនស​ង្ស័​យ​រូបនេះ អាចមាន​ខ្សែបណ្ដាញ​ច្រើន រួមទាំង​មេក្លោង​របស់​ពួកគេ​មួយ​ចំនួន​ទៀត​នៅ​កម្ពុជា។

លោក​ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនសង្ស័យ​ត្រូវបាន​តំណាង​អយ្យការ ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ ផលិត រក្សាទុក ជួញដូរ​និង​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​គ្រឿងញៀន តាម​មាត្រា ៣៩ មាត្រា ៤០ មាត្រា ៤៥ នៃ​ច្បាប់​ស្តីពី​ការត្រួត​ពិនិត្យ​គ្រឿង​ញៀន។

យោងតាម​វត្ថុតាង​ដែល​សមត្ថ​កិច្ច​រឹបអូស ​បាន​ពី​ការបង្ក្រាប​បទល្មើស​ខាងលើនេះ និង​បទចោទប្រកាន់​តាម​មា​ត្រា​៤០នៃ​ច្បាប់​ស្ដីពី​ការត្រួត​ពិនិត្យ​គ្រឿង​ញៀន ជនសង្ស័យ​ អាច​នឹង​ប្រឈម​ការផ្ដន្ទាទោស​ជាប់ពន្ធនាគារ​ពី២០​ឆ្នាំទៅ​៣០​ឆ្នាំ ឬ អស់​មួយ​ជីវិត ព្រមទាំង​ទោស​ពិន័យ​ជា​ប្រាក់​ពី៤០លាន​រៀល ទៅ១០០លាន​រៀល៕