ភ្នំពេញៈ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​គ្រប់រូប​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការរស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ពិសេស​ទម្លាប់​នៃ​ការ​រស់នៅ​ជាមួយ «​ភាព​ស្អាត និង​អនាម័យ​» រួមជាមួយ​ការអនុវត្ត​តាម​វិធាន​សុខាភិបាល និង​វិធាន​នានា​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ​ ១៩​។

នេះ​ជា​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន តាមរយៈ​សារលិខិត​ក្នុងឱកាស​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​ ១០ ​នា​ថ្ងៃទី​ ២៨ ខែកុម្ភៈ ឆ្នាំ​ ២០២២ ក្រោម​ប្រធានបទ​ «​ទីក្រុង​ស្អាត គាំទ្រ​ការបើក​ទេសចរណ៍​កម្ពុជា​» ​អម​ជាមួយ​ការប្រកាស​យុទ្ធនាការ​ «​កម្ពុជា​ស្អាត​» ​ឆ្ពោះ​ទៅ​ស្វាគមន៍​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម-​អាស៊ាន​ប៉ារ៉ាហ្គេម​ឆ្នាំ ​២០២៣ (SEA Games 2023)​។

ទិវា​ជាតិ​ទីក្រុង​ស្អាត​ឆ្នាំ​ ២០២២ ​នេះ​គឺជា​ខួប​ឆ្នាំ​ទី ​១០​ ហើយ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត​៖ គាំទ្រ​ការបើក​ទេសចរណ៍​កម្ពុជា​» អម​ជាមួយ​ការប្រកាស​យុទ្ធនាការ​ «​កម្ពុជា​ស្អាតៗ​ឆ្ពោះទៅ​ស្វាគមន៍​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម​ឆ្នាំ​ ២០២៣​ ក្នុង​គោលបំណង​បង្ហាញ​ឱ្យឃើញ​អំពី​សារៈសំខាន់​នៃ​ភាពស្អាតៗ​។ ត្រង់ចំណុច​នេះ ស្អាតៗ​សំដៅ​ដល់​ស្អាត​ដោយមាន​ទេសភាព​ស្រស់​ត្រកាល ស្អាត​ដោយ​ភាព​ប្រណីត ស្អាត​ដោយមាន​បរិស្ថាន​ល្អប្រសើរ ស្អាត​ដោយ​មាន​អនាម័យ ស្អាត​ដោយ​មាន​សុវត្ថិភាព ស្អាត​ដោយ​មាន​គុណភាព និង​ស្អាត​ដោយ​មានឱជារស​ឆ្ងាញ់​ពិសា​»​។

លោក ហ៊ុន សែន ដែលជា​ប្រធានកិត្តិយស​នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​បាន​ដាក់​ចេញ​នូវ​ការងារ​អាទិភាព ៤ ​ចំណុច ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ឆ្លើយតប​នឹង​ប្រធានបទ​នៃ​ទិវា​ជាតិ​ទីក្រុង​ស្អាត ឆ្នាំ​ ២០២២​។ អាទិភាព​ទី​ ១ គឺ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ផ្នែក​ឯកជន​ត្រូវ​បន្ត​ចូលរួម​អនុវត្ត​ប្រកប​ដោយ ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​លើ​វិធាន​ ឬ​បទដ្ឋាន​គតិយុត្ត​ដែល​បានដាក់​ចេញ រួមមាន​វិធាន​សុវត្ថិភាព​ទេសចរណ៍​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា​ (SOP) សម្រាប់​សេវាកម្ម​ទេសចរណ៍ និង​ស្តារ​នូវ​ទំនុកចិត្ត និង​ភាពជឿជាក់​លើ​គ្រប់​ខ្សែចង្វាក់​ផលិតកម្ម​ក្នុង​វិស័យ​ទេសចរណ៍​។ លោក​បន្ថែមថា៖ «​ដូច្នេះ ត្រូវ​រៀបចំ​យុទ្ធនាការ​ប្រឡងប្រណាំង​រាជធានី​ខេត្ត​ដែលមាន​ស្នាដៃ​ឆ្នើម​ក្នុង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​»​។

លោក​បន្តថា អាទិភាព​ទី​ ២ គឺ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ផ្នែក​ឯកជន​ត្រូវ​យកចិត្ត​ទុកដាក់​បន្ត​ចូលរួម​ជំរុញ និង​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ តាមរយៈ​ការជំរុញ​ការអនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​នានា​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​។ លោក​ថា​៖ «​ការអនុវត្ត​ផែនការ​នេះ​គឺ​ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍ សំដៅ​ប្រែក្លាយ​កម្ពុជា​ជា​គោលដៅ​​ទេសចរណ៍​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​និរន្តរភាព ដែល​នឹង​ផ្ដល់​ផ្លែផ្កា​ចូលរួម ទ្រទ្រង់​ដល់​ការងើប​ឡើងវិញ​នៃ​កំណើន​សេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​កូវីដ​-១៩»​។ រីឯ​ចំណុច​អាទិភាព​ទី​ ៣ គឺ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ផ្នែក​ឯកជន ត្រូវ​រួមគ្នា​លើកកម្ពស់​កិត្តិយស និង​មុខមាត់​កម្ពុជា តាមរយៈ​ឥទ្ធិពល​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម-​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​ ២០២៣ ក្នុងការ​ដាក់ចេញ​យុទ្ធនាការ អប់រំ​សង្គម និង​ផ្សព្វផ្សាយ​យុទ្ធនាការ «​កម្ពុជា​ស្អាត​»​។

លោកនាយក​រដ្ឋមន្ត្រី​បន្តថា៖ «​អាទិភាព​សំខាន់​ទី​ ៤ ដែល​ត្រូវអនុវត្ត​គឺ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​គ្រប់រូប​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការរស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ពិសេស​ទម្លាប់​នៃ​ការ​រស់នៅ​ជាមួយ​ភាព​ស្អាត និង​អនាម័យ រួមជាមួយ​ការអនុវត្ត​តាម​វិធាន​សុខាភិបាល និង​វិធាន​នានា​របស់​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ​ ១៩»​។

ការប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត លើក​ទី​ ១០ ​នេះ ជាការ​រួមចំណែក​បំផុស និង​លើកទឹកចិត្ត​ពលរដ្ឋ​ពិសេស​ចំពោះ​យុវជន កុលបុត្រ កុលធីតា​ខ្មែរ​ឱ្យ​បន្ត​យកចិត្ត​ទុកដាក់​កាន់តែខ្លាំង​បន្ថែមទៀត​ក្នុង​កិច្ចគាំពារ​បរិស្ថាន និង​ការលើក​កម្ពស់​ការអភិវឌ្ឍ​បៃតង ដែលជា​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ការរីកចម្រើន​នៃ​សង្គមជាតិ​។

គួរបញ្ជាក់ថា ទីក្រុង​ទេសចរណ៍​ឆ្នើម​របស់​កម្ពុជា​ចំនួន​ ៣ បាន​ជាប់​ជា​ជយលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​ ៣ ក្នុងនោះ​មាន​ក្រុង​បាត់ដំបង ក្រុង​ព្រះសីហនុ និង​ក្រុង​សៀមរាប ក្នុងចំណោម​ទីក្រុង​ទេសចរណ៍​ចំនួន​ ២១ នៅក្នុង​តំបន់​អាស៊ាន​។

លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង​បាន​ថ្លែងថា ទីក្រុង​បាត់ដំបង​បានរៀបចំ​នូវ​តំបន់​បៃតង​ និង​ភាពស្រស់ស្អាត​ដោយបាន​រៀបចំ​នូវ​សួនច្បារ​ជាច្រើន​សម្រាប់​ប្រជាពលរដ្ឋ​មក​កម្សាន្ត ស្រូបយក​ខ្យល់អាកាស និង​ហាត់ប្រាណ​ផងដែរ​។ លោក​ថា៖ «​បច្ចុប្បន្ននេះ ខេត្ត​ក៏បាន​ដាក់​ផែនការ​ដើម្បី​ធ្វើការ​ដាំ​ដើមឈើ​នៅក្នុង​ក្រុង​បាត់ដំបង​ក៏ដូចជា​ទីប្រជុំជន​នៅក្នុង​ស្រុក​ដទៃទៀត ដោយ​យើង​បានដាក់​ផែនការ​ដាំ​ដើមឈើ​ឡើងវិញ​តាម​ទីប្រជុំជន និង​តាម​ដងផ្លូវ បន្ថែម​លើ​អ្វីដែល​យើង​មាន​សួនច្បារ​បៃតង​របស់​យើង​ហើយ​»៕