ភ្នំពេញៈ របាយការណ៍​បេឡាជាតិ​សនិ្តសុខ​សង្គម (​ប.ស.ស​) បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២១ ទោះបី​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​ធ្វើឱ្យ​រំហូរ​ចរាចរណ៍​នៅលើ​ដងផ្លូវ​មាន​ការថយចុះ​ក៏ដោយ ក៏​គិត​ជា​មធ្យម​មាន​កម្មករនិយោជិត​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ដែល​ធ្វើ​ដំណើរ​ទៅមក​បំពេញការងារ​ប្រមាណ ២០៩ ​នាក់​ទទួល​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ ១ ​ខែៗ​។

យោងតាម​របាយការណ៍​ស្តី​ពី​លទ្ធផល​ការងារ​សម្រេចបាន​នៅក្នុង​ឆ្នាំ​ ២០២១ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​ ២០២២ របស់ ប.ស.ស បង្ហាញ​ថា ជាង ៤៩% នៃ​កម្មករ​និយោជិត​ដែល​រងគ្រោះ​ដោយសារ​ហានិភ័យ​ការងារ​ដែល​បាន​រាយការណ៍​គឺជា​គ្រោះថ្នាក់​ចរាចរណ៍ ដែលជា​បញ្ហា​ប្រឈម​ដ៏​ចម្បង​គួរឱ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង​មួយ សម្រាប់​កម្មករនិយោជិត​ជាពិសេស​អ្នក​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ដែលមាន​ប្រមាណ​ជាង ៨០ ​ម៉ឺន​នាក់​។ ក្នុងចំណោម​កម្មករ​និយោជិត​ដែល​ទទួលរង​គ្រោះថ្នាក់​ប្រមាណ​ពាក់កណ្តាល​នៃ​ពួកគេ គឺជា​កម្មករនិយោជិត​ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​។ ក្នុងករណី​ជាច្រើន​កម្មករនិយោជិត​ដែល​រងគ្រោះ ត្រូវ​សម្រាក​ថែទាំ​នៅ​មន្ទីរពេទ្យ និង​ផ្ទះ​របស់ខ្លួន​ជាច្រើន​ថ្ងៃ-ខែ ឯ​ខ្លះទៀត​ត្រូវ​ធ្លាក់ខ្លួន​ពិការ​បាត់បង់​សមត្ថភាព​បំពេញការងារ​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ តម្រូវឱ្យ​ឱពុក-ម្តាយ ឬ​បងប្អូន​សាច់ញាតិ​ត្រូវ​ទទួលបន្ទុក​នៅ​មើលថែទាំ​ជាប្រចាំ​។​ល​។

អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា (AIP Foundation) សហការ​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល​មាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង​មហាផ្ទៃ និង​ដោយ​ទទួលបាន​ការគាំទ្រ​ពី​ក្រុមហ៊ុន​សាជីវកម្ម​វីអេហ្វ (VF Corporation) នៅ​ថ្ងៃទី​ ២៨ ​កុម្ភៈ​នេះ​បាន​រួម​គ្នា​ធ្វើ​សិក្ខាសាលា​ឆ្នាំ​ចែករំលែក​បទពិសោធ និង​ការអនុវត្ត​ល្អ​ស្តីពី «​ការលើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​កម្មករ​និយោជិត​កម្ពុជា​»​។ សិក្ខាសាលា​នេះ​ប្រព្រឹត្ត​ទៅ​រយៈពេល ១ ​ថ្ងៃ​ពេញ តាម​ប្រព័ន្ធ​វីដេអូហ្ស៊ូម ដោយមាន​អ្នកចូលរួម​សរុប​ប្រមាណ ១០០ ​នាក់​។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​ថ្លែងថា គោលបំណង​បង្កើតឱ្យមាន​វេទិកា​ជួបជុំគ្នា​នៃ​អ្នកតំណាង​មកពី​រោងចក្រ​នានា ក្រុម​អ្នកបញ្ជា​ទិញ សហជីព តំបន់​សេដ្ឋកិច្ច​ពិសេស សមាគម អ្នកបើកបរ អ្នកពាក់ព័ន្ធ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដែល​បាន​ចូលរួម​ក្នុង​ការអនុវត្ត​កម្មវិធី​ដើម្បី​ជំរុញ​ការបន្ត​កិច្ចសន្ទនា និង​ឱកាស​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ ការអនុវត្ត​យុទ្ធសាស្ត្រ​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង ព្រមទាំង​អនុវត្ត​ឱ្យបាន​កាន់តែ​ទូលំទូលាយ​នូវ​គំនិត​ផ្តួចផ្តើម​នានា​ដែល​ពាក់ព័ន្ធ​។

លោក​លើកឡើងថា ស្របពេល​ដែលមាន​ការវិវឌ្ឍ​ជា​វិជ្ជមាន​គួរឱ្យ​កត់សម្គាល់​មួយចំនួន​ក្នុង​កិច្ចខិតខំ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​នៅ​កម្ពុជា គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏ធ្ងន់ធ្ងរ​បំផុត​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដោយ​ក្នុង​ ១ ​ថ្ងៃៗ​គ្រោះថ្នាក់​នេះ​បានសម្លាប់​ជីវិត​មនុស្ស និង​បង្កឱ្យមាន​ការរង​របួស​ធ្ងន់​ស្រាល​ជាច្រើន​នាក់ ព្រមទាំង​បន្សល់ទុក​នូវ​ផល​លំបាក​ជាច្រើន​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ និង​សង្គមជាតិ​។ លោក​ឱ្យដឹងថា បើទោះបី​ជា​ករណី​គ្រោះថ្នាក់​ភាគច្រើន​កើតមាន​ឡើង​លើ​កម្មករ​ដែល​ធ្វើដំណើរ​តាម​យានយន្ត​ផ្ទាល់ខ្លួន កម្មករ​និយោជិត​ដែល​ធ្វើដំណើរ​តាម​រថយន្ត​ដឹក​កម្មករ​រួម​នៅតែ​បន្ត​ទទួលរង​គ្រោះ​នៅពេល​ធ្វើ​ដំណើរ​ទៅមក​បំពេញ​ការងារ​។

លោក​បញ្ជាក់ថា​៖ «​បើ​គិត​ជា​មធ្យម​ក្នុង​ ១​ ខែៗ មាន​ករណី​គ្រោះ​ថ្នាក់លើ​រថយន្ត​ដឹក​កម្មករ​រួម​បែបនេះ​យ៉ាងតិចណាស់​ក៏​ ១ ​ករណី​ដែរ និង​បណ្តាលឱ្យ​កម្មករនិយោជិត​រងរបួស​ធ្ងន់​ស្រាល​ជាច្រើន​នាក់​ក្នុងករណី​នីមួយៗ (​និង​ករណីខ្លះ​រហូតដល់​ស្លាប់​ ឬ​ពិការ​ជាច្រើន​នាក់​)»​។

លោក បញ្ញា ថា​៖ «​យ៉ាងហោចណាស់​លោកអ្នក​គួរ​ពិនិត្យ​លទ្ធភាព​បង្កើត​ឱ្យ​មាន ឬ​ដាក់បញ្ចូល និង​អនុវត្ត​នូវ​គោលនយោបាយ​បទបញ្ជា​ផ្ទៃក្នុង​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​រោងចក្រ​របស់ខ្លួន និង​ជំរុញ​ការផ្សព្វផ្សាយ​អប់រំ​ដល់​មន្ត្រី​បុគ្គលិក កម្មករនិយោជិត នៅ​រោងចក្រ​របស់លោក​អ្នក​ឱ្យបាន​ជាប់​ជាប្រចាំ​ក្នុង​គោលបំណង​បង្កើន​ចំណេះដឹង និង​កែប្រែ​ឥរិយាបថ​របស់​ពួកគេ​លើ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​»​។

លោក ជឿន សុធន ប្រធាន​រដ្ឋបាល​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG ស្ថិតនៅ​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​បាន​ឱ្យដឹងថា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG មាន​រោងចក្រ​ចំនួន ១១ រោងចក្រ និង​មាន​កម្មករ​សរុប​ជាង ៨ ម៉ឺន​នាក់​ និង​មាន​រថយន្តក្រុង​ចំនួន ២៥០ គ្រឿង​ត្រូវ​បាន​ប្រើ​ជា​មធ្យោបាយ​សម្រាប់​ដឹកជញ្ជូន​កម្មករ​និយោជិត​ទៅមក​បំពេញ​ការងារ ដែល​នេះ​ជា​ការផ្លាស់ប្តូរ​ពី​យានយន្ត​ដឹកទំនិញ​មកជា​រថយន្ត​មាន​សុវត្ថិភាព​ប្រសើរ​ជាង​។

តំណាង​មកពី រោងចក្រ KKN បាន​ចែករំលែក​បទពិសោធ និង​ការអនុវត្ត​ល្អ ក្នុង​ការផ្លាស់ប្តូរ​រថយន្ត​ដឹក​កម្មករ​ស្រប​ពេលដែល​រោងចក្រ​នេះ​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស កោះកុង ស្ថិតនៅ ភូមិ​នាងកុក ឃុំ​មណ្ឌលសីមា ស្រុក​ប៉ាក់ខ្លង មាន​រោងចក្រ ៤ រោងចក្រ មាន​កម្មករ​សរុប ៨ ០០០ ​នាក់ មាន​រថយន្ត​ ៧៥ ​គ្រឿង និង​មាន​ម៉ូតូ ៤ ០០០​ គ្រឿង​។

លោក ស៊ុំ សោភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្តាល​វិជ្ជាជីវៈ​បាន​លើកឡើង​ក្នុង​សិក្ខាសាលា​នេះ​ថា បច្ចុប្បន្ន​មាន​រថយន្ត​ប្រភេទ​ដឹកទំនិញ​ដែល​យកទៅ​ដឹកជញ្ជូន​កម្មករ និយោជិត ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ចំនួន ៣៩៦ គ្រឿង​ហើយ ដែល​ត្រូវបាន​កែច្នៃ​មកជា​រថយន្ត​មាន​សុវត្ថិភាព​ប្រសើរ​ជាង​មុន ដើម្បី​ឈានទៅរក​លទ្ធភាព​ប្រើប្រាស់​រថយន្តក្រុង​នៅ​មិនទាន់​អាច​ធ្វើការ ដោយសារ​កត្តាសេដ្ឋកិច្ច​របស់​អ្នកបើកបរ និង​កត្តា​ចូលរួម​ពី​អ្នកធ្វើដំណើរ​រួម និង​អ្នកពាក់ព័ន្ធ​។ ក្រសួង​បាន​គាំទ្រ​ឱ្យមាន​ការផ្លាស់ប្តូរ​រថយន្ត​ដឹក​កម្មករនិយោជិត​មិនមាន​សុវត្ថិភាព មកជា​រថយន្ត​ដែលមាន​សុវត្ថិភាព​វិញ​៕

វីដេអូ៖