កែបៈ កម្ពុជា​ប្រកាស​ខេត្ត​កែប​ជា​ខេត្ត​ទី​១ ដែល​អស់​គ្រាប់មីន ហើយ​គ្រោង​នឹង​ប្រកាស​រាជធានី​-​ខេត្ត​ ៧ ​ទៀត​ជា​ខេត្ត​អស់​មីន​នៅក្នុង​ឆ្នាំនេះ ក្នុងនោះ​មាន ខេត្ត​ព្រៃវែង ខេត្តកណ្តាល ភ្នំពេញ ខេត្ត​កំពង់ចាម ខេត្ត​ព្រះសីហនុ ខេត្ត​រតនគិរី​ និង​ខេត្តតាកែវ​។ នេះ​បើតាម​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​។

លោក លី ធុជ បាន​ថ្លែង​ក្នុងពេល​ធ្វើជា​អធិបតី​ពិធី​អបអរសាទរ​ការប្រកាស​ខេត្ត​កែប​ជា​ខេត្ត​ទី​ ១ អស់​មីន​ពីថ្ងៃ​ទី​ ២៨ កុម្ភៈ​នៅមុខ​សាលាខេត្ត​កែប​ថា ក្នុង​ឆ្នាំ​ ២០២១ អាជ្ញាធរ​មីន​ដែលជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​បានទទួល​នូវ​ការ​អនុញ្ញាត​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ជ្រើសរើស​យក​ខេត្ត​កែប​ដែលមាន​ផលប៉ះពាល់​តិចតួច ធ្វើការ​បោសសម្អាត និង​រៀបចំ​ប្រកាស​ជា​ខេត្ត​អស់​មីន​ដំបូង​គេ​បង្អស់ ក្រោម​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​ប្រទេស​ន័រវែស និង​ប្រទេស​ហុងគ្រី និង​ជ្រើស​រើសយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ​ជា​អ្នក​បោសសម្អាត​។

លោក​ថា​៖ «​កម្ពុជា​បានទទួល​​រងគ្រោះ​ដោយសារ​សង្គ្រាមរ៉ាំរ៉ៃ​​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ មាន​ទាំង​បញ្ហា​មីន និង​បញ្ហា​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។ ​ភូមិ​អស់​មីន ឬ​ខេត្ត​អស់​មីន មិនមែន​ជា​ភូមិ​ ឬ​ជា​ខេត្ត​អស់​បញ្ហា​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដទៃទៀត​នោះទេ ដូចជា គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ គ្រាប់បែក​ចង្កោម និង​គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​​ជាដើម​។ ខេត្ត​កែប​អស់​មីន មិន​ទាន់​អស់​បញ្ហា​គ្រាប់​មិនទាន់​ផ្ទុះ​ពី​សង្គ្រាម​ទេ សូម​បងប្អូន​បន្ត​ប្រុងប្រយ័ត្ន​ និង​រួមគ្នា​បន្ត​ចាត់វិធានការ​ដោះស្រាយ​ និង​ឆ្លើយតប​នឹង​គ្រាប់​មិនទាន់​ផ្ទុះ​ទាំងនោះ​ឱ្យទាន់ពេល​»​។

លោក លី ធុជ បាន​បញ្ជាក់ថា ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ «​កម្ពុជា​មួយ​គ្មាន​មីន​​ឆ្នាំ​ ២០២៥» អាជ្ញាធរ​មីន​បានរៀបចំ​នូវ​គោលការណ៍​ណែនាំ​ស្តីពី​ការអនុវត្ត​យន្តការ​ភូមិ​អស់​​មីន ដែល​នឹង​ធានាថា រាល់​ចម្ការមីន​ដែលមាន​ក្នុងភូមិ​ត្រូវ​បាន​បោសសម្អាត​ក្នុង​គោលដៅ​​ជួយ​ពន្លឿន​ដល់​ការបោសសម្អាត​​មីន និង​ទាក់ទាញ​នូវ​ការចូលរួម​​គាំទ្រ​ពី​ម្ចាស់ជំនួយ​ថ្មីៗ​ទៀត​។

លោក​បានឱ្យដឹងថា អាជ្ញាធរ​មីន​បាននិង​កំពុង​ធ្វើ​ចលានា​កៀរគរ​ធនធាន​ហិរញ្ញវត្ថុ​ពី​ដៃគូ​អភិវឌ្ឍន៍​ប្រទេស​ជា​មិត្ត ប្រតិបត្តិករ​បោសសម្អាត​មីន​ជាតិ-​អន្តរជាតិ អ្នក​វិនិយោគិន និង​​សប្បុរសជន​នានា ដើម្បី​ទទួល​ការគាំទ្រ និង​បោសសម្អាត ដោយ​ចាប់ផ្តើម​ពី​ភូមិ​ ១​ ទៅ​ភូមិ​ ១ និង​ពី​ខេត្ត​១ ទៅ​ខេត្ត​ ១ ក្រោម​ការដឹកនាំ និង​សម្របសម្រួល​របស់​អាជ្ញាធរ​មីន ហើយ​​ការប្រកាស​ភូមិ​អស់​មីន​ ឬ​ខេត្ត​អស់​មីន​ត្រូវ​រៀបចំ​ និង​ទទួលស្គាល់​ពី​អាជ្ញាធរ​មីន ដែលជា​​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង ដឹកនាំ សម្របសម្រួល និង​ត្រួតពិនិត្យ​វិស័យ​មីន​ទូទាំង​ប្រទេស​។

លោក​បាន​ថ្លែងថា កម្ពុជា​បានកំណត់​នូវ​វិសាលភាព​ និង​​ទំហំ​ផលប៉ះពាល់​យ៉ាងច្បាស់​ដោយសារ​គ្រាប់មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទូទាំង​ប្រទេស​​គិត​ត្រឹម​ឆ្នាំ​ ២០២១ កម្ពុជា​នៅសល់​ផ្ទៃដី​មាន​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​សរុប​ចំនួន ២០១៧ ​គីឡូម៉ែត្រ​ការ៉េ ក្នុងនោះ​ផ្ទៃដី​មាន​មីន ៧៨៨ គីឡូម៉ែត្រការ៉េ ដែល​ត្រូវ​បោសសម្អាត​ឱ្យអស់​ត្រឹម​ឆ្នាំ ​២០២៥ កំពុង​នៅសល់​ក្នុង​រាជធានី​ខេត្ត​ចំនួន​ ២៣ ​ទៀត​។

លោក លីធុជ បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​​ផែនការ​ប្រកាស​រាជធានី​-​ខេត្ត ដែល​ប៉ះពាល់​ដោយសារ​មីន​តិចតួច​ចំនួន​ ៧ ​ទៀត​ជា​រាជធានី​-​ខេត្ត អស់​មីន​ក្នុង​នោះ​រួមមាន ខេត្តព្រៃវែង ​(៣,៦ ហិកតា​) ខេត្ត​កណ្តាល​ (៦,៥ ហិកតា​) ភ្នំពេញ ​(១២៥ ​ហិកតា​) ខេត្តកំពង់ចាម​ (១២៨ ​ហិកតា​) ​ខេត្ត​​ព្រះសីហនុ (១៧៤ ​ហិកតា​) ​ខេត្ត​រតនគិរី​ (៣៤០​ ហិកតា​)​ និង​​ខេត្តតាកែវ​ (៣៦៣ ​ហិកតា​)​។

ពិធី​ប្រកាស​ខេត្ត​កែប​អស់​មីន​ពី​ថ្ងៃទី​ ២៨ កុម្ភៈ​។ រូបថត រដ្ឋបាលខេត្ត​កែប

ជាមួយ​នេះដែរ លោក​បាន​ស្នើឱ្យ​ដៃគូ​អភិវឌ្ឍន៍ ប្រទេស​ជា​​មិត្ត​ និង​ប្រតិបត្តិករ​បោសសម្អាត​មីន​បន្ត​សហការ​ និង​បន្ត​គាំទ្រ​​ដល់​ផែនការ​របស់​រាជរដ្ឋាភិបាល ដើម្បី​បោសសម្អាត​ និង​ប្រកាស​ភូមិ​ ឬ​ខេត្ត​អស់​មីន​។

លោក សោម ពិសិដ្ឋ អភិបាល​ខេត្ត​កែប​ថ្លែង​ក្នុង​ពិធី​នោះដែរ​ថា​ខេត្ត​កែប​ជា​តំបន់​សមរភូមិ ដែល​ប្រយុទ្ធ​គ្នា​ខ្លាំង​រវាង​កងទ័ព​រដ្ឋាភិបាល និង​កងទ័ព​ខ្មែរក្រហម ពិសេស​នៅ​តំបន់​​ភ្នំ​វល្លិ​ដែល​ជា​តំបន់​សមរភូមិ​​ក្តៅ​មួយ​នៃ​ប្រទេស​កម្ពុជា​។

លោក​បានឱ្យ​ដឹងថា ក្រោយពី​សង្គ្រាម​ត្រូវបាន​បញ្ចប់ តំបន់​​មួយ​ចំនួន​បាន​បន្សល់ទុក​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​ធ្វើឱ្យមាន​អ្នក​គ្រោះថ្នាក់​​គិត​ត្រឹម​ឆ្នាំ​ ២០២១ ចំនួន​ ២២១ ​នាក់ ក្នុងនោះ​ស្រុក​ដំណាក់​ចង្អើរ​មាន ១៩៨ ​នាក់ និង​ក្រុងកែប មាន​ ២៣ ​នាក់​ (​មាន ៩២% រងគ្រោះ​ដោយសារ​មីន​)​។

លោក​ថ្លែងថា​៖ «​ទោះបីជា​ខេត្ត​កែប​ជា​ខេត្ដ​ទី ​១ អស់​មីន ខ្ញុំ​ជឿជាក់ថា អាជ្ញាធរ​មីន និង​ម្ចាស់ជំនួយ​នៅតែ​បន្ត​ឧបត្ថម្ភ​គាំទ្រ​ជួយ​ដល់​ខេត្ត​កែប​លើ​​វិស័យនេះ​ជា​បន្តទៀត​ ដើម្បី​ដោះស្រាយ​បញ្ហា​សេសសល់​នៃ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​»​។

លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ​(CMAC)​ បាន​ថ្លែង​ក្នុង​ពិធី​នោះដែរ​ថា ខេត្ត​កែប​មាន​ចម្ការមីន​សរុប​ចំនួន ​២៧ មាន​ផ្ទៃដី​សរុប​​ចំនួន ៤ ២៣០ ១៧៦​ ម៉ែត្រការ៉េ ហើយ​ CMAC បាន​បោសសម្អាត​ចម្ការមីន​ទាំងនោះ​លើក​​ទី​ ១​ ចាប់ពី​ឆ្នាំ​ ១៩៩៥-១៩៩៩ បាន​ចំនួន​ ១៨ ចម្ការមីន មាន​ផ្ទៃដី​សរុប ៣ ២៣២ ២១៤ ម៉ែត្រការ៉េ​។

ដោយឡែក​សម្រាប់​ការពង្រាយ​​កម្លាំង​លើក​ទី​ ២ នៅ​ចុងឆ្នាំ​ ២០២១ និង​ដើមឆ្នាំ​ ២០២២ អង្គភាព​ស៊ីម៉ាក់​ដំណើរការ​បោសសម្អាត​គ្រាប់មីន​នៅ​តំបន់​ដែល​នៅសល់ និង​មាន​កំណត់ត្រា​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​​ជាតិ ស្ថិតនៅ​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដែល​​មាន​ចំនួន​ ៩ ​ចម្ការមីន មាន​ផ្ទៃដី​សរុប ៩៩៧ ៩៦២ ​ម៉ែត្រការ៉េ​។

លោក​បញ្ជាក់ថា អង្គភាព CMAC បាន​ពង្រាយ​កម្លាំង​​បោសសម្អាត​នៅ​តំបន់​ដែល​​បានដឹង​ និង​មានកំណត់​ត្រា​ជា​តំបន់​មាន​វត្តមាន​គ្រាប់មីន​ប្រឆាំង​មនុស្ស នៅ​ភូមិសាស្ត្រ​ខេត្ត​កែប​ទាំង ​២ ​លើក​នេះ រុក​រកឃើញ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ជាង​ ៧០០ ​គ្រាប់ និង​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​ជាង​ ៦០០​ គ្រាប់​ និង​បានសម្រេច​រំដោះ​ខេត្ត​កែប​ពី​ការគំរាមកំហែង​ ដោយសារ​គ្រាប់មីន​ប្រឆាំង​មនុស្ស ​១០០%​។

ដូចនេះ​ខេត្ត​កែប​ជា​ខេត្ត​គ្មាន​តំបន់​មានកំណត់​ត្រា​ក្នុង​ទិន្នន័យ​ជាតិ​ថា​មាន​បញ្ហា​គ្រាប់មីន​ប្រឆាំង​​មនុស្ស​ទៀតឡើយ និង​ក្លាយជា​ «​ខេត្ត​គ្មាន​គ្រាប់មីន​»៕