ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​លើកឡើងថា ប្រទេស​កម្ពុជា​មាន​ស្ត្រី​ប្រមាណ​ជាជាង ៦០ ភាគរយ​បាន​ក្លាយជា​ម្ចាស់​អាជីវកម្ម និង​ជា​អ្នកធ្វើ​ជំនួញ ដែល​នេះ​ជា​អត្រា​ខ្ពស់​មួយ​សម្រាប់​ប្រទេស​នេះ​។

លោក​ថ្លែង​ដូចនេះ នា​ព្រឹក​ថ្ងៃទី​ ២៨ ខែកុម្ភៈ ឆ្នាំ​ ២០២២ តាមរយៈ​ប្រព័ន្ធ​វីដេអូ​អនឡាញ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ជា​នារី​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​ ១១១ នៃ​ទិវា​អន្តរជាតិ​នារី ៨ ​មីនា​។

លោក​បានឱ្យ​ដឹងថា​៖ «​បច្ចុប្បន្ន​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME) បាន​ក្លាយជា​ចន្ទល់ និង​ប្រភព​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង និង​ការបង្កើត​ការងារ​។ នៅ​ក្នុងនោះ​សម្រាប់​ស្ត្រី​មាន​ប្រមាណ​ ៦១ ភាគរយ​ដែលជា​ម្ចាស់​អាជីវកម្ម និង​អ្នកធ្វើ​ជំនួញ​ដែលជា​អត្រា​ខ្ពស់​មួយ​សម្រាប់​កម្ពុជា​របស់​យើង​»​។

ចំណុច​សក្តានុពល​ក្នុង​ការធ្វើឱ្យ​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ការអភិវឌ្ឍ​វិស័យ​ធុរកិច្ច​ប្រកបដោយ​បរិយាប័ន្ន និង​ចីរភាព គឺ​ការគិតគូរ និង​ធានាថា​នៅក្នុង​មធ្យោបាយ និង​វិធាន​ការគាំទ្រ​ដល់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​នានា​ប្រាកដ​ថា សហគ្រិន និង​អាជីវករ​ជា​ស្ត្រី​មាន​ឱកាស​មិន​ត្រឹមតែ​អាច​ស្តារ​អាជីវកម្ម​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​អភិវឌ្ឍភាព​ធន់​របស់ខ្លួន​ឈានទៅ​យុគសម័យ​ឌីជីថល និង​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤​ ផងដែរ​។ នេះ​បើតាម លោក អ៊ិត សំហេង​។

លោក​បញ្ជាក់ថា ការសិក្សា​ស្រាវជ្រាវ​នានា​បាន​បង្ហាញថា ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បាន​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​លើ​ស្ត្រី​ច្រើនជាង​បុរស​ទាំង​ក្នុង​វិស័យសេដ្ឋកិច្ច និង​សង្គម ជាពិសេស​ស្ត្រី​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​តែម្តង ដែល​កំពុង​រងផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ស្ត្រី​ភាគច្រើន​មាន​ការងារ​នៅក្នុង​វិស័យ​សេវាកម្ម និង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។

ក្នុង​បរិការណ៍​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​នានា​ដែល​បាន​ឆ្លើយតប និង​ផ្តល់នូវ​អត្ថប្រយោជន៍ ដោយ​ផ្ទាល់​ដល់​ស្ត្រី និង​ក្រុម​ជន​ងាយ​រងគ្រោះ​ពិសេស​តាមរយៈ​គោលនយោបាយ​គាំពារ​សង្គម ការដាក់ចេញ​វិធានការ​អន្តរាគមន៍​ជំនួយ​សង្គម​។

លោក សំហេង បន្តថា​៖ «​ការបង្កើន​មូលធន​ថវិកា​សាច់ប្រាក់​ពលកម្ម​ ដើម្បី​ជួយ​កម្មករនិយោជិត​ដែល​បាន​ព្យួរការងារ​កម្មវិធី​ជំនួយ​សង្គម ពិសេស​ជួយ​ស្តារ​លទ្ធភាព និង​លើកកម្ពស់​អាជីវកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​ជាដើម​»​។

ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ បាន​ក្លាយជា​ឱកាស​មួយ​សម្រាប់​ការផ្តោត​លើ​ការអនុវត្ត​នូវ​កម្មវិធី​គាំពារ​សង្គម​ទាំងឡាយ ដែលជា​ទ្រនាប់​សំណាញ់​សុវត្ថិភាព និង​ដើម្បី​កសាង​មូលដ្ឋាន​សង្គម-​សេដ្ឋកិច្ច​មួយ​ដែល​រឹងមាំ​នាពេល​អនាគត​។

លោក អ៊ិត សំហេង បញ្ជាក់ថា៖ «​ក្នុងន័យនេះ​យើង​ចាំបាច់​ត្រូវ​បន្ត​ពង្រឹង​ប្រព័ន្ធ និង​វិធានការ​គាំពារ​សង្គម​ប្រកបដោយ​បរិយាប័ន្ន​ដើម្បី​ពង្រីក​វិសាលភាព​ដល់​ក្រុម​ប្រជាជន​ផ្សេងៗ​ទៀត ទាំង​វិស័យ​សេដ្ឋកិច្ច​ក្នុង និង​ក្រៅ​ប្រព័ន្ធ និង​ការគិតគូរ​ជាសំខាន់​លើ​ការសម្រេច​បាន​នូវ​ការគ្របដណ្តប់​សុខភាព​ជា​សកល​សំដៅ​ធានា​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ទទួល​បាន​ដោយ​សមធម៌​»​។

ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​ ៨​ មីនា គឺ​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​បញ្ជាក់​អំពី​តម្លៃ​នៃ​ការទទួល​បាន​នូវ​សមភាព​រវាង​ស្ត្រី និង​បុរស​សម្រាប់​ការអភិវឌ្ឍ​គ្រប់​វិស័យ និង​ជំរុញ​ឱ្យ​គ្រប់​ដៃគូ​ពាក់ព័ន្ធ​បន្ត​អនុវត្ត​វិធានការ​ផ្នែក​គោលនយោបាយ កម្មវិធី និង​សកម្មភាព​ជាក់លាក់​នានា​ក្នុង​ការលើកកម្ពស់​សមភាព​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី នៅក្នុង​របៀបវារៈ​ស្តារ​សេដ្ឋកិច្ចសង្គម​ក្រោយ​វិបត្តិ​កូវីដ​ និង​ការរស់នៅ​តាមបែប​គន្លង​ប្រក្រតីភាព​ថ្មី ក៏ដូចជា​ការកសាង​ភាពរឹងមាំ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។

គួរ​បញ្ជាក់ថា យុទ្ធនាការ​ទិវា​អន្តរជាតិ​នារី​ ៨ ​មីនា គឺជា​ព្រឹតិ្តការណ៍​ជា​សកល ដែល​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បានប្រកាស​ជា​ទិវា​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​ស្ត្រី និង​សន្តិភាព​ពិភពលោក នា​ឆ្នាំ ​១៩៧៧​។ ជា​រៀងរាល់ឆ្នាំ​ប្រទេស​កម្ពុជា​បានរៀបចំ​យុទ្ធនាការ​ទិវា-អន្តរជាតិ​នារី​ ៨​ មីនា ដើម្បី​រំឭក​ពី​ការតស៊ូ​ទាមទារ​សិទ្ធិ សេរីភាព និង​ឆ្លុះបញ្ចាំង​អំពី​វឌ្ឍនភាព សមិទ្ធផល បញ្ហា​ប្រឈម ការប្តេជ្ញាចិត្ត និង​វិធានការ​ជា​វិជ្ជមាន​នានា​ក្នុងការ​លើកកម្ពស់​សមភាព​យេនឌ័រ និង​បង្កើន​ភាពអង់អាច​ដល់​ស្ត្រី និង​ក្មេងស្រី​គ្រប់រូប​៕