ឧត្តរមានជ័យៈ ​ព្រះសង្ឃ និង​គណៈកម្មការ​នៃ​ព្រៃ​សង្ឃ​សហគមន៍​រុក្ខវ័ន​ចាប់បាន​ជនសង្ស័យ​ ៣​ នាក់​ពាក់ព័ន្ធ​ការ​លួច​កាប់​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ និង​បាន​ជួយ​ដោះ​សង្គ្រោះ​សត្វ​ប្រើស​​ញី​ ១ ​ក្បាល​ពី​ការជាប់​អន្ទាក់​នៅ​ថ្ងៃ​​ទី​ ២៦ ខែកុម្ភៈ​។ ​នេះ​បើតាម​ប្រធានស្តីទី​ព្រៃ​សង្ឃ​សហគមន៍​រុក្ខវ័ន​នៅ​ថ្ងៃទី​ ២៨ ខែកុម្ភៈ ឱ្យដឹង​។

ព្រះសង្ឃ​ព្រះនាម ថូ ធូរស់ ប្រធានស្តីទី​ព្រៃ​សង្ឃ​សហគមន៍​រុក្ខវ័ន​បាន​មាន​ថេរ​ដីកា​នៅ​ថ្ងៃទី​ ២៨ កុម្ភៈ​ថា កាលពី​ថ្ងៃទី​ ២៥ ខែកុម្ភៈ​វេលា​ម៉ោង​ ៥​ ល្ងាច គណៈកម្មការ​បាន​រាយការណ៍​ថា បានឮ​សំឡេង​នរណារ​យន្ត​នៅ​ព្រៃ​គោកខ្ជាយ ភូមិ​ទំនប់ថ្មី ឃុំ​ត្រពាំងតាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។ បន្ទាប់ពី​បានទទួល​ព័ត៌មាន​នេះ ព្រះសង្ឃ ៣​ អង្គ គណៈកម្មការ​ ១០​ នាក់ និង​កម្លាំង​ទាហាន​សឹករង​ស្រុក​ចុងកាល់ ​២ ​នាក់ បាន​ចុះទៅ​ស្រាវជ្រាវ​ទាំងយប់​។

ព្រះអង្គ​បានឱ្យដឹងថា លុះដល់​ម៉ោង​ជិត​ ១ ​យប់​រំលង​អធ្រាត្រ​បាន​ប្រទះឃើញ​គោយន្ត​ ១ ​គ្រឿង​កំពុងបើក​គេច​។

ពេលនោះ​ក្រុមការងារ​បាន​ស្ទាក់ឃាត់​ទាំង​គោយន្ត​ និង​មនុស្ស​ ២​ នាក់​មក​សួរ ប៉ុន្តែ​គេ​ឆ្លើយថា​មក​កាប់​ និង​ដឹក​ឫស្សី​។

ព្រះសង្ឃ​អង្គ​នេះ​បន្តថា ទោះ​អ្នក​ទាំង​ ២​ នោះ​ឆ្លើយ​យ៉ាងនេះ​ក្តី ប៉ុន្តែ​នៅលើ​គោយន្ត​មាន​ខ្សែពួរ​ និង​ច្រវាក់​ម៉ាស៊ីន​រណារយន្ត​ដែលមាន​ជាប់​ជ័រធ្នង់​ និង​ទ្រុង​គោយន្ត​មាន​ជាប់​ជ័រធ្នង់​ទើប​ក្រុមការងារ​បាន​ឃាត់​ទាំង​មនុស្ស​ និង​គោយន្ត ហើយ​បន្ត​ស្វែងរក​ឈើ តែ​រក​មិនទាន់​ឃើញ ស្រាប់តែ​ក្រុមការងារ​រាយការណ៍​ថា កំពុង​លប​ចាប់​ ១ ​ក្រុម​ផ្សេងទៀត ដែល​កំពុងតែ​លួច​កាត់​ និង​ចាំងឈើ​នៅ​ជិត​ស្នាក់ការ​កណ្តាល​ចម្ងាយ​ប្រហែល​ជិត​ ១ ​គីឡូម៉ែត្រ​។

ព្រះអង្គ​មាន​សង្ឃដីកា​ថា​៖ «​នៅ​ម៉ោង​ ១២ ​និង​ ៤០​ នាទី​យប់​ហ្នឹង​បានឮ​សន្ធឹក​គោយន្ត​ទើប​នាំគ្នា​ស្ទាក់​ចាំ​នៅ​ច្រក​ផ្លូវ​គោយន្ត​ហ្នឹង​។ ប្រហែលជា​បែកការ​ទើប​គាត់​បាន​ទម្លាក់​ឈើ​ពី​គោយន្ត ប៉ុន្តែ​នៅសល់​ច្រវាក់ ម៉ាស៊ីន​អារឈើ ហើយ​មាន​ឃើញ​ជ័រធ្នង់​នៅជាប់​ច្រវាក់ មាន​ខ្សែពួរ​មានអី តែ​ពេល​សួរនាំ​គាត់ គាត់​ថា​ទៅ​កាប់​ឫស្សី ការពិត​មនុស្ស​ហ្នឹង​សុទ្ធតែជា​មុខសញ្ញា​ទេ​» ។

ព្រះសង្ឃ​ព្រះនាម ថូ ធូរស់ ប្រាប់ថា ក្រោយពេល​កម្លាំង​ចេញពី​ក្នុងព្រៃ​វិញ ក៏បាន​ឡើង​ឡាន​មក​ពួនស្ទាក់​តាម​គោលដៅ​រហូត​ដល់​ឃាត់ខ្លួន​បាន​ជនល្មើស​ជាក់ស្តែង​ម្នាក់​ និង​ឈើ​ធ្នង់​ ៣ ​ដុំ​។ ចំណែក​ ៧ ​នាក់​ផ្សេងទៀត​រត់​​គេចខ្លួនបាត់​ត្រង់ចំណុច​ភូមិសាស្ត្រ​ផ្លូវ​ចូល​ស្នាក់ការ​ចាស់ ខាងលិច​ស្ពាន​អូរ​អម្ពិល ភូមិ​ឈូកមាស សង្កាត់​កូនក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។

ព្រះអង្គ​ថ្លែងថា​៖ «​ឃើញ​កម្លាំង​យើង​ចេញពី​ស្នាក់ការ​អស់​ប្រហែល​គាត់​គិតថា​មិនមាន​កម្លាំង​នៅ​ខាង​នេះ អ៊ីចឹង​អាត្មា​បាន​ឃ្លាំមើល​គាត់​រហូតដល់​ម៉ោង​ ៣​ និង​ ១៥​ នាទី​ទើប​ប្រទះឃើញ​មនុស្ស​ ៨​ នាក់ អូស​ឈើ​ ៣ ​ដុំ រទេះ ​២ តែ​ចាប់​បានតែ​ម្នាក់​»​។

ឈើ​ប្រណីតដែលត្រូវបានកាប់នៅក្នុងព្រៃ​សង្ឃ​សហគមន៍​រុក្ខវ័ន​។ រូបថត MCF

ព្រះសង្ឃ​អង្គ​នេះ​បាន​បញ្ជាក់ថា ក្នុង​​ប្រតិបត្តិការ​នេះ ក្រុមការងារ​ឃាត់​ជនល្មើស​បាន​ ៣ ​នាក់​រួម​នឹង​ឈើ​ធ្នង់​ ១១ ​ដុំ គោយន្ត​ ១​ គ្រឿង និង​រណារយន្ត​ ១​ គ្រឿង​។ ​រីឯ​ជនល្មើស​ និង​វត្ថុតាង​ត្រូវបាន​បញ្ជូន​ឱ្យ​មន្ទីរ​បរិស្ថាន​ខេត្ត​ ដើម្បី​រៀបចំ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​។

ដោយឡែក​នៅ​ថ្ងៃ​ដដែល​នោះ ក្រុមការងារ​ដែលមាន​ព្រះសង្ឃ គណៈកម្មការ​សង្ឃ​រុក្ខវ័ន និង​មន្ត្រី​ឧទ្យានុរក្ស​បាន​ជួយសង្គ្រោះ​សត្វ​ប្រើស​ ១​ក្បាល​ផងដែរ​។ ​នេះ​បើតាម​ការបញ្ជាក់​ពី​ប្រធាន​ស្តីទី​ព្រៃ​សង្ឃ​សហគមន៍​រុក្ខវ័ន​។

ព្រះសង្ឃ​អង្គ​នេះ​បន្តថា មាន​សត្វ​ប្រើ​សញី​ ១ ​ក្បាល​ដាច់​ពី​ខ្សែ​អន្ទាក់​បាក់ជើង​ស្តាំ​ផ្នែក​ខាងមុខ ត្រូវ​ឆ្កែ​ដេញ​ខាំ បាន​រត់​ចុះ​ទឹក ដើម្បី​គេច​ពី​សេចក្តីស្លាប់ ហើយ​ត្រូវបាន​គណៈកម្មការ​សង្ឃ​រុក្ខវ័ន​ម្នាក់​ប្រទះឃើញ​នៅ​ចំណុច​​ព្រៃសន្លុង ភូមិ​គោកសំព័រ ឃុំ​លំទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​ហើយ​បាន​រាយការណ៍​មក​ប្រធាន​សហគមន៍​ និង​មន្ត្រី​ឧទ្យានុរក្ស ។

ព្រះអង្គ​បញ្ជាក់ថា សត្វ​ប្រើស​នោះ​ត្រូវបាន​យកទៅ​សង្គ្រោះ​នៅ​ស្នាក់ការ​កណ្តាល​ដោយ​ក្រុមគ្រូពេទ្យ​ជំនាញ​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​។

ភ្នំពេញ​ ប៉ុស្តិ៍​ មិនអាច​ទាក់ទង​លោក ភួង លីណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ​បានទេ​នៅ​ថ្ងៃទី​ ២៨ ខែកុម្ភៈ ប៉ុន្តែ​កាលពី​សប្តាហ៍​មុន​លោក​ធ្លាប់​ប្រាប់ថា មន្ត្រី​ជំនាញ​បរិស្ថាន​កំពុង​ដុតដៃដុតជើង​ក្នុង​ការ​ស្រាវជ្រាវ​រក​ជនល្មើស​ចាប់​សត្វព្រៃ​ និង​កាប់​ឈើ​​ក្នុងព្រៃ​សង្ឃ​សហគមន៍​រុក្ខវ័ន ខណៈ​បទល្មើស​មួយចំនួន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕