កំពតៈ អភិបាល​ខេត្តកំពត លោក ម៉ៅ ធនិន កាលពី​ថ្ងៃទី​ ២៨ ខែកុម្ភៈ បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ប្រើប្រាស់​តួនាទី​របស់ខ្លួន ក្នុង​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ បញ្ចៀស​រាល់​ជម្លោះ​នានា ដើម្បី​សេចក្តីសុខក្សេមក្សាន្ត​ទាំងអស់គ្នា​។​

លោក ម៉ៅ ធនិន បាន​ថ្លែងថា​៖ «​ខ្ញុំ​សូមឱ្យ​លោក​មេឃុំ លោក​មេ​ប៉ុស្តិ៍ មេភូមិ ស្មៀន អធិការ​ទាំងអស់ ព្រមទាំង​លោក​អភិបាលស្រុក ត្រូវ​ប្រើប្រាស់​តួនាទី​រដ្ឋ​សម្រាប់​ផ្តល់​សេវា​ឱ្យ​ប្រសើរ​បំផុត​ទៅដល់​ពុក​ម៉ែ​យើង ដែល​លោក​ត្រូវការ ក្នុង​ជីវភាព​ប្រចាំថ្ងៃ​»​។

លោក ក៏បាន​ណែនាំ ដល់​ប្រជាពលរដ្ឋ ត្រូវ​ចេះ​គោរព កុំ​រំលោភសិទ្ធិ​គ្នា ដូចជា​កម្មសិទ្ធិ​អចលនទ្រព្យ ការ​ជំពាក់​ប្រាក់ ដែលជា​ប្រភព​នាំឱ្យ​កើតមាន​អំពើហិង្សា​ និង​ពាក់ព័ន្ធ​ដល់​ផ្លូវច្បាប់​។

លោក​ថា​៖ «​ដី​អ្នកណា​អ្នកនោះ​យក កម្មសិទ្ធិ​អ្នកណា​ឱ្យ​អ្នកនោះ អត់​មាន​ឱ្យ​បំពាន​គ្នា រំលោភសិទ្ធិ​គ្នា​ទេ ឧទ​ហរ​ណ៍​យើង​យក​ដី​គេ គេ​ខឹង គេ​យក​ដី​យើង ក៏​យើង​ខឹង​ដែរ គេ​ជំពាក់​លុយ​យើង​អត់​សង យើង​ខឹង យើង​ជំពាក់​លុយ​គេ អត់​សង​គេ​ក៏​គេ​ខឹង ​អ៊ីចឹង​ត្រូវ​ចេះ​ការ​អន់ឱន​ឱ្យ​គ្នា ដើម្បី​សេចក្តីសុខ និង​ភាពសុខសាន្ត​របស់​យើង​»​។​

អភិបាលស្រុក​ដងទង់ លោក ស៊ីវ ផេង បាន​ថ្លែងថា កន្លងទៅ​មន្ត្រី​ពាក់ព័ន្ធ​បាន​យកចិត្តទុកដាក់ និង​បាន​ដោះស្រាយ​បញ្ហា​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដូចជា​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។​

លោក​បន្តថា ក្នុង​ឆ្នាំ ២០២១ រដ្ឋបាល​ស្រុក​បានទទួល​ពាក្យបណ្តឹង​ចំនួន ៩៧ បណ្តឹង ក្នង​នោះ​ធ្វើការ​សម្របសម្រួល​បាន​មួយចំនួន ហើយ​ករណីខ្លះ​កំពុង​ដោះស្រាយ និង​បញ្ចូនទៅ​រដ្ឋបាលខេត្ត​៕