
លោក ស៊ុន ចាន់ថុល (ទី ២ រាប់ពីស្តាំ) នៅយានដ្ឋាន អេក្លាសអូតូ។ រូប MPWT
ភ្នំពេញៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូនបានអំពាវនាវឱ្យម្ចាស់រថយន្តគ្រប់ប្រភេទ ចូលរួមនាំយករថយន្តរបស់ខ្លួនទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅតាមយានដ្ឋានដែលមានស្តង់ដា ខណៈយានដ្ឋានជួសជុលរថយន្តសរុបនៅទូទាំងប្រទេសមានជិត ៤ ០០០ កន្លែងដែលកំពុងតែបំពេញនូវតម្រូវការអតិថិជន។
ការថ្លែងបែបនេះបានធ្វើឡើងក្នុងពិធីសម្ពោធបើកឱ្យដំណើរការយានដ្ឋាន អេក្លាសអូតូ សាខាបឹងស្នោ នៅផ្លូវជាតិលេខ ១ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី ២៨ ខែកុម្ភៈដែលក្រសួងលើកឡើងថា យានដ្ឋានថ្មីនេះនឹងចូលរួមចំណែកលើកកម្ពស់ដល់វិស័យសាធារណការនៅកម្ពុជា។
លោក ស៊ុន ចាន់ ថុល បាននិយាយថា បើទោះជាកម្ពុជាប្រឈមនឹងវិបត្តិកូវីដ ១៩ ក៏ចំនួនចុះបញ្ជីយានយន្តថ្មី នៅតែបន្តកើនឡើង ដែលទាមទារឱ្យមានការបង្កើតកន្លែងពិនិត្យ ជួសជុលយានយន្តប្រកបដោយស្តង់ដាឱ្យបានគ្រប់គ្រាន់បន្ថែមនៅទូទាំងប្រទេស ដើម្បីបំពេញតម្រូវការ។
លោកបានបន្តថា មកដល់ពេលនេះ កម្ពុជាមានកន្លែងជួសជុលរថយន្តសរុបចំនួន ៣ ៧៨៦ កន្លែង ខណៈដែលកន្លែងជួសជុលរថយន្តដែលប្រកបដោយស្តង់ដាអន្តរជាតិ គឺនៅមានចំនួនតិចតួចនៅឡើយ ដែលទាមទារឱ្យមានការខិតខំរួមគ្នាបន្ថែមទៀត ដើម្បីបង្កើតយានដ្ឋានប្រកបដោយស្តង់ដាអន្តរជាតិបែបនេះ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីបញ្ហាបច្ចេកទេសយានយន្តទាំងនេះ។
លោកបានរៀបរាប់ថា៖ «យើងទើបតែមានមួយនេះទេ គឺយានដ្ឋាន អេក្លាសអូតូ ដែលប្រកបដោយស្តង់ដាអន្តរជាតិ ISO ។ សំខាន់ណាស់ គ្រោះថ្នាក់ចរាចរណ៍ ក៏បង្កឡើងដោយកត្តាយានយន្តនេះដែរ ព្រោះសព្វថ្ងៃនេះ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ជាមធ្យម ៥ នាក់ និងរបួសជាមធ្យម ១៥ នាក់ក្នុងមួយថ្ងៃ ហើយបញ្ហាបច្ចេកទេសយានយន្តនេះក៏បានបណ្តាលឱ្យមនុស្សស្លាប់ ៥៨ នាក់ ក្នុងឆ្នាំ ២០២១ កន្លងទៅដែរ»។
លោក ស៊ុន ចាន់ថុល ក៏បានសំណូមពរដល់ម្ចាស់យានយន្តទាំងអស់នៅទូទាំងប្រទេសឱ្យយកយានយន្តរបស់ខ្លួនទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅតាមយានដ្ឋានដែលទទួលស្គាល់ដោយក្រសួងឱ្យបានត្រឹមត្រូវ និងទៀងទាត់ ដើម្បីចៀសវាងកើតមានគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធកត្តាយានយន្តនេះ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំសូមអំពាវនាវទៅអ្នកមានឡានទាំងអស់ សូមពិចារណាមុនយកឡានទៅជួសជុល គឺត្រូវពិចារណាថា កន្លែងណាដែលអាចផ្តល់សេវាបានល្អ ដែលមានស្តង់ដាល្អ យើងទុកចិត្តបាន មិនមែនមានឡានទៅជួលជុលហើយ យើងបើកៗរបូតខ្ចៅមួយអីហ្នឹង អត់បានទេ។ ដូច្នេះ ត្រូវរកកន្លែងណា ដែលមានស្តង់ដាល្អ»។
សូមជម្រាបថា គិតត្រឹមឆ្នាំ ២០២២ កម្ពុជាមានយានយន្តសរុបជាង ៦ លានគ្រឿង ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ចូន ក្នុងនោះរថយន្តមានសរុប ៩២ ម៉ឺនគ្រឿង និងម៉ូតូ មាន ៥ លាន ៤ សែនគ្រឿង ខណៈការចុះបញ្ជីយានយន្តថ្មី នៅឆ្នាំ ២០២១ សរុប បាន ៦ ១០០ គ្រឿង ដែលចំនួននេះមានការកើនឡើង ១០ ភាគរយ បៀបធៀបនឹងឆ្នាំ ២០២០៕
វីដេអូ៖