ព្រះវិហារៈ ដើមឈើ​ធំៗ​ក្នុង​តំបន់​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា តេជោសែន​ឫស្សីត្រឹប ក្នុង​ខេត្តព្រះវិហារ​កំពុង​រង​ការកាប់បំផ្លាញ​ហើយ​ដីព្រៃ​ប្រមាណ​ ៥ ​ហិកតា​ថ្មី​ទៀត នៅក្នុង​តំបន់​ឧទ្យាន​នេះ​ត្រូវបាន​គេ​លួច​ឈូសឆាយ ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើ​កសិកម្ម​ដោយ​ខុសច្បាប់​។ នេះ​បើតាម​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​។

លោក សុខ ទូច បាន​ថ្លែងថា កាលពីថ្ងៃ​ទី​ ២៦ ខែកុម្ភៈ ឆ្នាំ ​២០២២ លោក និង​ក្រុមការងារ​បាន​ចុះ​ល្បាត​នៅក្នុង​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា តេជោសែន​ឫស្សីត្រឹប ហើយ​បានឃើញ​ការកាប់​ទន្ទ្រាន​យក​ដី​ថ្មី ចំនួន​ ៣ ​ទីតាំង ដែល​មាន​ផ្ទៃដី​សរុប​ប្រមាណ ​៥ ​ហិកតា​។

លោក​បញ្ជាក់ថា​៖ «​ការកាប់​ទន្ទ្រាន​យក​ដី​ថ្មី​នេះ ដោយ​ប្រើប្រាស់​រណារយន្ត និង​ត្រាក់ទ័រ​ឈូសឆាយដី​»​។

បើតាម​លោក​ សុខ ទូច ដើមឈើ​ធំៗ ដែល​ត្រូវបាន​គេ​លួច​កាប់បំផ្លាញ ភាគច្រើន​ជា​ប្រភេទ​ឈើ​ប្រណីត​ដែលមាន​ទំហំ​ ២-៣ ​ឱប​មនុស្ស​ចាស់​។ ទន្ទឹម​ជាមួយគ្នានេះ លោក​បាន​ព្រមាន​ថា នឹងមាន​ចំណាត់ការ​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត និង​ដោយ​គ្មាន​ការលើកលែង​ទៀតឡើយ ចំពោះ​បុគ្គល​ទាំងឡាយណា ដែល​នៅតែ​គឃ្លើន​ចូល​កាប់​ព្រៃឈើ ឬ​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​នៅក្នុង​ឧទ្យាន​នេះ​ដោយ​ខុសច្បាប់​។

លោក​បាន​ថ្លែងថា​៖ «​បើ​អស់លោក លួច​ចូល​កាប់បំផ្លាញ​ព្រៃឈើ និង ឈូសឆាយ​ដីព្រៃ​ក្នុង​តំបន់​អភិរក្ស​បែបនេះ​តើ​ឱ្យ​ក្រុមការងារ​យើង អភិរក្ស​ព្រៃឈើ​បាន​យ៉ាងដូចម្ដេច​? ចាប់ពី​ពេលនេះ​ទៅ អ្នក​ដែល​កាប់​ទន្ទ្រាន​ដីព្រៃ និង​ឈូសឆាយ​ដីព្រៃ​នៅក្នុង​ឧទ្យាន ពេលដែល​ក្រុមការងារ​យើង​ឃើញ យើង​នឹង​រឹបអូស​ទុក​នៅ​ស្នាក់ការ​ឧទ្យាន​។ យើង​នឹងមិន​ប្រគល់​សម្ភារ​ជូនទៅ​វិញ​ទេ ក្នុងករណី​មិន​ចូលខ្លួន​មក​ដាំ​កូនឈើ​ឡើងវិញ​លើ​ផ្ទៃដី​ដែល​បាន​ឈូសឆាយ​នោះ​»​។

ជាង​ ២ ​ឆ្នាំ​កន្លងមកនេះ លោក និង​ក្រុមការងារ​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ អប់រំ ណែនាំ​ដល់​អ្នកភូមិ និង​អាជ្ញាធរ​មូលដ្ឋាន​អំពី​ផលប្រយោជន៍​នៃ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ឧទ្យាន​រាជបណ្ឌិត្យ​សភា តេជោសែន​ឫស្សីត្រឹប​នេះ និង​បាន​អំពាវនាវ​ឱ្យមាន​ការចូល​រួមការ​ពារ និង​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​នៅក្នុង​តំបន់​ឧទ្យាន​នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ​។

លោក ឈួន ម៉ាឌី អធិការ​ស្រុក​ឆែបប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ការផ្សព្វផ្សាយ​អប់រំ​តែមួយ​មុខ មិន​គ្រប់គ្រាន់​ទេ ចាំបាច់​ត្រូវតែមាន​ការពង្រឹង​ការអនុវត្ត​ច្បាប់ ចំពោះ​បុគ្គល​ដែល​ល្មើសច្បាប់​ឱ្យបាន​តឹងរ៉ឹង គឺ​ត្រូវ​បង្ក្រាប​ចាប់ និង​កសាង​សំណុំរឿង​បញ្ជូន​ឱ្យ​តុលាការ​។ ​លោក​ថា​៖ «​យើង​គាំទ្រ​ឱ្យមាន​ការ​អនុវត្ត​ច្បាប់​ទៅលើ​ជន​ប្រព្រឹត្ត​បទល្មើស ព្រោះ​វា​ល្មម​ដល់​ពេលដែល​យើង​ត្រូវ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ប្រឆាំង​ជនប្រព្រឹត្ត​បទល្មើស​ទាំងនោះ​ហើយ​»​។

លោក ម៉ាឌី បន្ថែមថា ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ការពារ​ធនធាន​ធម្មជាតិ នៅក្នុង​តំបន់​ឧទ្យាន​រាជបណ្ឌិត្យសភា តេជោសែន​ឫស្សីត្រឹប ក៏ដូចជា​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រះ​រកា និង ព្រៃសហគមន៍​ក្នុងភូមិ​សាស្ត្រ​ស្រុក​ឆែប​នេះ ចាំបាច់​ត្រូវមាន​ការចូលរួម​គាំទ្រ​ពី​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​។

លោក​ ផាវ ឈឿម មេភូមិ​ដងផ្លិត​នៃ​ឃុំ​ឆែប​ ២ ​ថ្លែងថា ប្រជា​សហគមន៍​ឫស្សីត្រឹប​មិនបាន​ចូលទៅ​កាប់​ឈើ ឬ​ឈូសឆាយ​ដីព្រៃ​នោះទេ​។ «​ពលរដ្ឋ​ក្នុង​សហគមន៍​យើង​គាំទ្រ​ឱ្យមាន​ការអនុវត្ត​ច្បាប់​ប្រឆាំង​ជន​ប្រព្រឹត្ត​បទល្មើស ដើម្បី​ការពារ​ព្រៃឈើ និង​សត្វព្រៃ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​នេះ​»​។

លោក ស៊ឹង សាំ ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​សាអែម ថ្លែង​បន្ទរ​ថា ករណី​កាប់​ឈើ និង​ឈូសឆាយ​ដីព្រៃ​ក្នុង​តំបន់​ឧទ្យាន​នេះ​អាចជា​ស្នាដៃ​របស់​ពលរដ្ឋ​នៅ​ឃុំ​សង្កែ​ ១ ព្រោះ​កន្លងមក មាន​អ្នកភូមិ​មួយចំនួន បាននាំគ្នា​កាប់ទន្ទ្រាន​ដីព្រៃ​ក្នុង​តំបន់​ឧទ្យាន ដើម្បី​ពង្រីក​ផ្ទៃដី​កសិកម្ម​។ ​«​ខ្ញុំ​សូមឱ្យ​ខាង​មន្ត្រី​ឧទ្យាននុរក្ស និង​អាជ្ញាធរ ស្រាវជ្រាវ​ឱ្យបាន​ច្បាស់លាស់ និង​មាន​ចំណាត់ការ​ផ្លូវច្បាប់ ចំពោះ​ជន​ប្រព្រឹត្ត​បទល្មើស​ទាំងនោះ​»៕

វីដេអូ៖