ភ្នំពេញៈ សាលាឧទ្ធរណ៍​ភ្នំពេញ​នៅ​ថ្ងៃទី ​២៨​ កុម្ភៈ​បានប្រកាស​សាលដីកា​សម្រេច​ឱ្យ​ជនជាប់ចោទ​ម្នាក់​ជាប់ពន្ធ​នាគារ​ ១​ ឆ្នាំ​ដដែល បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ៨ កុម្ភៈ ក្នុង​សំណុំរឿង​ជំនួញ​ភ្លុក​ដំរី​ជាង ៣​ តោន​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង ហើយ​ត្រូវបាន​គយ​កម្ពុជា​ឆែក​ឃើញ​នៅក្នុង​​ទូ​កុងតឺន័រ​កាលពី​ថ្ងៃទី​ ៩ ឧសភា ឆ្នាំ ២០១៤ នៅ​កំពង់ផែ​ស្វយ័ត ក្រុង-ខេត្ត ព្រះសីហនុ​។

លោក​ចៅក្រម សួស សំអាត បាន​អាន​សាលដីកា​កំបាំងមុខ​ជន​ជាប់ចោទ​ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃទី​ ២៨ កុម្ភៈ​ថា សំណុំ​រឿងនេះ​មាន​ជន​ជាប់ចោទ​ឈ្មោះ ខាន់ ស៊ីនិត ភេទ​ប្រុស អាយុ ៤១​ ឆ្នាំ ជា​ប្រធាន​ក្រុមហ៊ុន រេហូ ខេមបូឌា (Reho BothCambodia Co,Ltd)​។ ជនជាប់ចោទ​ត្រូវបាន​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ៨​ កុម្ភៈ ឆ្នាំ​ ២០២២ ​នៅ​ចំពោះមុខ​ជនជាប់ចោទ​។

លោក​ថ្លែងថា​៖ «​ក្រោយពី​បាន​ស្តាប់​ការឆ្លើយបំភ្លឺ​របស់​ជន​ជាប់ចោទ​កាលពី​បើកសវនាការ និង​ក្រោយពី​ស្តាប់​ការសន្និដ្ឋាន​របស់​តំណាង​មហាអយ្យការ​មក ក្រុមប្រឹក្សា​ជំនុំជម្រះ​សម្រេច​តម្កល់​ទោស​ ១​ ឆ្នាំ​ដល់​ជនជាប់ចោទ​ដដែល​»​។

ពាក់ព័ន្ធ​ការប្រកាស​តម្កល់​សាលក្រម​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ពី​សំណាក់​សាលាឧទ្ធរណ៍​ភ្នំពេញ​នេះ​ត្រូវបាន លោក ខាន់ ស៊ីនិត ជា​ជន​ជាប់ចោទ និង​ជា​ប្រធាន​ក្រុមហ៊ុន​ឈ្មោះ Reho Both Cambodia ដែលជា​​ក្រុមហ៊ុន​បម្រើសេវា​ទទួល​រត់ការ​បញ្ញើ​ទំនិញ​បាន​និយាយប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ២៨ កុម្ភៈ​ថា សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​តម្កល់​សាលក្រម​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ដោយ​ផ្តន្ទាទោស​ដល់​លោក​ ១​ ឆ្នាំ​ដដែល​។

លោក​ប្រាប់ថា​៖ «​ប៉ុន្តែ​ខ្ញុំ​នឹង​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​បន្តទៀត​ព្រោះថា ការសម្រេចសេចក្តី​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​មាន​ភាពអយុត្តិធម៌​សម្រាប់​ខ្ញុំ​។ ព្រោះ​ខ្ញុំ​មិនបាន​ដឹង​រឿង​នោះទេ​ដោយសារ​គេ​យកឈ្មោះ​ក្រុមហ៊ុន​ខ្ញុំ​ទៅ​នាំចូល​របស់​ខុសច្បាប់​»​។

លោក ស៊ីនិត ថា គាត់​បាន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ដែលជា​ក្រុមហ៊ុន​នាំ​ទំនិញ​ទូរស័ព្ទ​មក​ប្រទេស​កម្ពុជា​។ ដោយសារតែ​លោក​មាន​ទំនាក់ទំនង​រកស៊ី​ជាមួយគ្នា​ហើយ​ម្យ៉ាង​លោក​មាន​អាជ្ញាប័ណ្ណ​ពាក់ព័ន្ធ​ការទទួល​រត់ការ​ទំនិញ​ផង​។

តាមរយៈ​ការងារ​នេះ ក្រុមហ៊ុន​មួយ​នោះបាន​ពឹង​លោក​ឱ្យ​ចុះហត្ថលេខា​លើ​លិខិត​សម្រាប់​រត់ការ​ទំនិញ (​លិខិត​រត់ការ​គយ​) ហើយ​ពេលខ្លះ​លោក​បាន​ចុះហត្ថលេខា និង​បោះត្រា​ទុកចោល​សម្រាប់​ឱ្យ​ក្រុមហ៊ុន​នោះ​ប្រើប្រាស់​ផង​។ ការធ្វើ​បែបនេះ​ក៏ដោយ​មានការ​ជឿទុកចិត្ត​គ្នា​ក្នុងនាម​ជា​អ្នករកស៊ី​ជាមួយ​គ្នា​។ ​ប៉ុន្តែ​បែរជា​ក្រុមហ៊ុន​នោះ​យកឈ្មោះ​ក្រុមហ៊ុន​របស់លោក​ទៅ​រត់ការ​ទំនិញ​ភ្លុក​ដំរី​នោះ​ទៅវិញ​។

សំណុំ​រឿងនេះ​ត្រូវបាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ បើកសវនាការ និង​ប្រកាស​សាលក្រម​កាលពី​ថ្ងៃទី ​១៣ ខែធ្នូ ឆ្នាំ ២០១៦ ដោយ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ៣ ​ឆ្នាំ ប៉ុន្តែ​តុលាការ​បង្គាប់​ឱ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ១​ ឆ្នាំ រីឯ​ទោស ២ ​ឆ្នាំ​ទៀត​ត្រូវ​ព្យួរ និង​ពិន័យ​ប្រាក់​ចំនួន ៥០ ​លាន​រៀល​ចូលក្នុង​ថវិការដ្ឋ​។ ប៉ុន្តែ​មិន​សុខចិត្ត​ក៏បាន​ប្តឹង​សាលាឧទ្ធរណ៍​ភ្នំពេញ​៕

វីដេអូ៖