ព្រះសីហនុៈ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន អានកូ ពង្រីក​ខ្នង​ទំនប់​បន្ថែម ​និង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ទីតាំង​រោងចក្រ​ផលិត​ទឹកស្អាត​របស់ខ្លួន ព្រមទាំង​បន្ត​ពង្រីក​ការគ្រប់គ្រង​ទឹក​ឱ្យបាន​​កាន់តែច្រើន​ ដើម្បី​ឆ្លើយតប​នឹង​កំណើន​នៃ​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​។

ការជំរុញ​របស់លោក ចម ប្រសិទ្ធ បែបនេះ​បានធ្វើ​ឡើង​ក្នុងពេល​លោក​ចុះ​ពិនិត្យ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​របស់​ក្រុមហ៊ុន​ អាន កូ នៅ​តំបន់​ក្បាលឆាយ​ក្នុង​សង្កាត់​លេខ​ ១ ក្រុង​ព្រះសីហនុ​ពីថ្ងៃ​ទី​ ២៧ ខែកុម្ភៈ​ឆ្នាំនេះ ដោយមាន​ការចូលរួម​ពី​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​លោក កុក អាន អគ្គនាយក​ក្រុមហ៊ុន​ទឹកស្អាត​អានកូ​ផងដែរ​។

លោក ចម ប្រសិទ្ធ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​អានកូ ដែល​បាន​ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​ជូន​ពលរដ្ឋ​នៅ​ក្រុង​ស្រុក​ទាំង​ ៣ នៃ​ខេត្ត​ព្រះសីហនុ​។

ជាមួយ​គ្នា​នេះ​លោក​ក៏បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ពង្រីក​ខ្នង​ទំនប់​បន្ថែម​ និង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ព្រមទាំង​បន្ត​ពង្រីក​ការគ្រប់គ្រង​ទឹក​ឱ្យបាន​កាន់តែច្រើន ខណៈ​ខេត្ត​ព្រះសីហនុ​​កំពុងមាន​ការអភិវឌ្ឍ​តាមរយៈ​អ្នក​វិនិយោគទុន​ទាំង​ជាតិ និង​អន្តរជាតិ​មក​បណ្ដាក់ទុន​។

លោក​ថ្លែងថា​៖ «​ទន្ទឹមនឹង​ខេត្ត​ព្រះសីហនុ​មាន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ស្អាត ប្រព័ន្ធ​គមនាគមន៍​រៀបចំ​បាន​រួចរាល់ ក្នុងនោះ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​អានកូ រៀបចំ​បណ្ដាញ​ប្រព័ន្ធ​ទឹកស្អាត​ឱ្យបាន​គ្រប់គ្រាន់​តាម​តម្រូវការ​និង​ឱ្យ​ក្រុមហ៊ុន​បន្ត​តបណ្ដាញ​ឱ្យបាន​ទៅដល់​ក្រុង​ស្រុក ជាពិសេស​នៅ​តំបន់​ដែល​កំពុងមាន​ការអភិវឌ្ឍន៍​ប្រើប្រាស់​គ្រប់គ្រាន់​ ដើម្បី​​ឱ្យ​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្ដែង បើ​គ្មាន​បណ្ដាញទឹក​ការអភិវឌ្ឍ​ក៏​មិនអាច​ទៅរួច​ដែរ​»​។

លោក​ កុក អាន អគ្គនាយក​ក្រុមហ៊ុន​ទឹកស្អាត​អានកូ​បានឱ្យដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកស្អាត ចំនួន​ ៣ ​កន្លែង ដោយមាន​សមត្ថភាព​ផលិត​ទឹក​ក្នុង​ ១ ​ថ្ងៃ​​បាន​ ១៦ ​ម៉ឺន​ម៉ែត្រគុប ក្នុងនោះ​ទំនប់​ទី​ ១ អាច​ផលិត​បាន​ ៤ ​ម៉ឺន​ម៉ែត្រគុប ទំនប់​ទី​ ២ ​ផលិត​បាន​ ៦ ​ម៉ឺន​ម៉ែត្រគុប និង​ទំនប់​ទី​ ៣ ផលិត​បាន​ ៦​ ម៉ឺន​ម៉ែត្រគុប សម្រាប់​ចែកចាយ​ក្នុង​ខេត្ត​ព្រះសីហនុ​។

លោក​បន្តថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​អូស​បណ្ដាញ​តភ្ជាប់​ជូន​ពលរដ្ឋ រោងចក្រ​សហគ្រាស​ប្រើប្រាស់​នៅក្នុង​ក្រុង​​ព្រះសីហនុ ១ ​ផ្នែក​នៃ​ស្រុក​ព្រៃនប់​ និង​ស្រុក​ស្ទឹងហាវ​ដែល​អាច​ប្រើប្រាស់​ទឹក​ក្នុង​រង្វង់​ពី​ ៦​ ម៉ឺន​ទៅ​ ៧​ ម៉ឺន​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​។ រីឯ​ទិសដៅ​បន្ត ក្រុមហ៊ុន​នឹង​ខិតខំ​តភ្ជាប់​បណ្ដាញ​ឱ្យបាន​ច្រើន​ទៅតាម​បណ្ដា​ក្រុង​ស្រុក រោងចក្រ​​សហគ្រាស​ដែល​កំពុង​មានការ​អភិវឌ្ឍន៍​ថ្មីៗ​ ដើម្បីឱ្យ​ស្របទៅនឹង​កំណើន​នៃ​ការអភិវឌ្ឍ​របស់​ខេត្ត​ព្រះសីហនុ​។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ដែរ​ថា ដើម្បី​រួមចំណែក​រៀបចំ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​គឺមាន​ ២ ​ចំណុច​សំខាន់ៗ ទី​ ១ គឺ​ការថែរក្សា​ និង​អភិរក្ស​នូវ​ផ្ទៃ​រងទឹក​ភ្លៀង​ក្នុង​តំបន់​ក្បាលឆាយ​ដោយ​ក្នុងនោះ​ស្នើសុំ​មន្ទីរ​បរិស្ថាន​ខេត្ត​ផ្តល់​ផែនទី​ជូន​ក្រុមហ៊ុន​អានកូ​ ដើម្បី​សហការគ្នា​ក្នុង​​ការអភិរក្ស និង​ការពារ​ធនធាន​ធម្មជាតិ​ និង​ព្រៃឈើ​ឱ្យបាន​គង់វង្ស​ឱ្យមាន​ការកាប់​ទន្ទ្រាន ក៏ដូចជា ការ​លួច​សង់​លំនៅឋាន ធ្វើ​កសិកម្ម ដែល​បង្ក​ឱ្យ​ខូច​​គុណភាព​ទឹក និង​ប៉ះពាល់​បរិស្ថាន​តាមរយៈ​ការប្រើ​សារជាតិ​គីមី​ផ្សេងៗ​។

លោក​បន្តថា ទី​ ២ ខេត្ត​ព្រះសីហនុ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា កំណត់​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង និង​ជា​តារា​រះ​នា​ទិសនិរតី ដែលមាន​ចក្ខុវិស័យ​វែងឆ្ងាយ​អំពី​ការរៀបចំ​ឱ្យ​ខេត្ត​របស់​យើង​ក្លាយជា​តំបន់ឧស្សាហកម្ម​ធុន​ធ្ងន់ ទំនើប និង​វិទ្យាសាស្ត្រ ដែល​រាជរដ្ឋាភិបាល​បានរៀបចំ​ផែនការមេ​ ​ដើម្បី​តម្រង់ទិស​នៃ​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​នាពេល​អនាគត ពិសេស​​ផ្លូវ ទឹក និង​ភ្លើង​ត្រូវ​ដើរ​ស្របគ្នា​នឹង​គោលដៅ​នៃ​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​នាពេល​បច្ចុប្បន្ន​ និង​អនាគត​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៨ កុម្ភៈ ថា ការផ្គត់ផ្គង់​ទឹកស្អាត​​ក្នុង​ក្រុងព្រះសីហនុ​របស់​ក្រុមហ៊ុន អានកូ គឺ​មិនមាន​ការខ្វះខាត​ទេ ដែល​បច្ចុប្បន្ននេះ​ក្រុមហ៊ុន​បាន​ជំរុញ​ការអូស​បណ្តាញទឹក​ និង​តភ្ជាប់​ឱ្យដល់​គ្រប់​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​។

លោក​ថា​៖ «​តាម​អនុសាសន៍​របស់​ឯកឧត្តម កិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ គឺ​លោក​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​អានកូ ពង្រីក​ខ្នង​ទំនប់​បន្ថែម​ ដើម្បី​ការពារ​អាង​ស្តុក​ទឹក និង​សុវត្ថិភាព​នៃ​អាង​នោះ​។ ​អ៊ីចឹង​វា​ទាមទារ​ឱ្យ​ការធ្វើ​ខ្នងទំនប់​ឱ្យមាន​ការ​រឹងមាំ​។ លោក​បាន​ណែនាំ​ឱ្យធ្វើ​ទំនើបកម្ម​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​ដោយ​ប្រើ​បច្ចេកវិទ្យា​ ដើម្បីឱ្យ​​មានការ​ប្រកួតប្រជែង​ឆ្លើយតប​នឹង​ការអភិវឌ្ឍ​ទាំង​បច្ចុប្បន្ន​ និង​អនាគត​»​។

បើតាម លោក ឃាង ភារម្យ ក្នុង​ខេត្ត​​ព្រះសីហនុ​មាន​ប្រតិបត្តិករ​ ឬ​ក្រុមហ៊ុន​ចែកចាយ​ទឹក​ច្រើន​ដែល​កំពុង​ប្រតិបត្តិការ​នៅតាម​ក្រុង​ស្រុក និង​តំបន់​នានា មិនមែន​មានតែ​ក្រុមហ៊ុន អានកូ មួយ​ទេ​៕