The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមការងារ​បច្ចេកទេស​ កំពុង​ពិសោធ​ផលិត​កូនឈើ​តាមបែប​ជាលិកា​វប្បកម្ម

ក្រុមការងារ​បច្ចេកទេស​ កំពុង​ពិសោធ​ផលិត​កូនឈើ​តាមបែប​ជាលិកា​វប្បកម្ម

Content image - Phnom Penh Post
កូនឈើ​ប្រណីត​ស្ថិត​នៅក្នុង​តំបន់​ពិសោធន៍​របស់​ក្រសួង​កសិកម្ម​ក្នុង​ខេត្តសៀមរាប​។ រូបថត សហការី

ក្រុមការងារ​បច្ចេកទេស​ កំពុង​ពិសោធ​ផលិត​កូនឈើ​តាមបែប​ជាលិកា​វប្បកម្ម

ភ្នំពេញៈ ក្រុមការងារ​ផ្នែក​មន្ទីរពិសោធន៍ បច្ចេកទេស​បង្កាត់​ពូជឈើ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​កំពុង ពិសោធ​សាកល្បង ផលិត​កូនឈើ​តាមបែប​ជាលិកា​វប្បកម្ម ជាពិសេស​ប្រភេទ​ឈើ គ្រញូង ធ្នង់ និង​ត្រាច ក្នុង​គោលបំណង​​ជំរុញ​ការបណ្ដុះ​កូនឈើ​ទ្រង់ទ្រាយ​ធំ ដើម្បី​បម្រើ​ដល់​ការស្ដារ​ព្រៃឈើ​ឡើងវិញ​។

យោងតាម​ហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឱ្យដឹងថា ក្រុមការងារ​​បានទទួល​ការបណ្តុះបណ្តាល​ជាច្រើន​ទាំង​ក្នុងប្រទេស និង​នៅ​សាធារណរដ្ឋ​កូរ៉េ​អំពី​មូលដ្ឋានគ្រឹះ​បច្ចេកទេស​បង្កាត់​ពូជឈើ ការងារ​គ្រប់គ្រង​ថែទាំ ​ចម្ការ​ពូជ​នៅ​ទីវាល ការតាមដាន​ការលូតលាស់ និង​ការវិភាគ​ទិន្នន័យ​ជាដើម​។ ទន្ទឹមនឹងនេះ ការពង្រឹង​សមត្ថភាព​របស់​មន្ត្រី​លើ​បច្ចេកទេស​ជាលិកា​វប្បកម្ម​ក៏ត្រូវ​បាន​គាំទ្រ​ដែរ​។

លោក​ថ្លែងថា​៖ «​ក្រុមការងារ​ផ្នែក​មន្ទីរពិសោធន៍​បាននិង​កំពុង​ធ្វើការ​ពិសោធន៍​សាកល្បង ផលិត​កូនឈើ​តាមបែប​ជាលិកា​វប្បកម្ម ជាពិសេស​ប្រភេទ​ឈើ​ទាំង​គ្រញូង ធ្នង់ និង​ត្រាច​ក្នុង​គោលបំណង​ជំរុញ​ការបណ្ដុះ​កូនឈើ​ទ្រង់ទ្រាយ​ធំ​ដើម្បី​បម្រើ​ដល់​ការស្ដារ​ព្រៃឈើ​ឡើងវិញ​»​។

លោក វេង សាងខុន បានបង្ហាញ​គម្រោងការ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេនេទិច​ព្រៃឈើ​សម្រាប់​ស្តារ​ប្រភេទ​ឈើ​សំខាន់ៗ​នៅ​កម្ពុជា​បាន​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ ២០១៦ ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ព្រៃឈើ សត្វព្រៃ នៃ​រដ្ឋបាល​ព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រោម​ជំនួយ​ឧបត្ថម្ភ​ថវិកា​ពី​អង្គការ​សហប្រតិបត្តិការ​ព្រៃឈើ​អាស៊ី (AFoD) និង​ជំនួយ​បច្ចេកទេស​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ព្រៃឈើ​ជាតិ (NIFoS) និង​សាកលវិទ្យាល័យ​ជាតិ​សេអ៊ូល (​សាធារណរដ្ឋ​កូរ៉េ​)​។

លោក​ថា គម្រោង ការបង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេនេទិច​ព្រៃឈើ​សម្រាប់​ស្តារ​ប្រភេទ​ឈើ​សំខាន់ៗ​នៅ​កម្ពុជា គោលបំណង​សំខាន់​គឺ ទី ១ បង្កើត​ចម្ការ​បង្កាត់​ពូជឈើ ដើម្បី​រក្សា​ធនធាន​សេនេទិច​ព្រៃឈើ និង​ទី ២ ពង្រឹងសមត្ថភាព​របស់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។

លោក​បន្តថា គម្រោង​បាន​អនុវត្ត​លើ​ទីតាំង​ចម្ការ​បង្កាត់​ពូជឈើ​ចំនួន​ ២​ កន្លែង ទី​ ១ នៅ​ភូមិ​ត្រពាំងថ្ម ឃុំ​ឃុនរាម ស្រុក​បន្ទាយស្រី និង​ទី​ ២ នៅ​ភូមិ​គោកទឹង ឃុំ​ចាន់ស ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប​។ ទីតាំង​នីមួយៗ​មាន​ផ្ទៃដី​ទំហំ ១៥ ​ហិកតា បែងចែក​ជា​ឡូត៍​ពិសោធន៍​ប្រៀបធៀប​ដើម​ពូជ​ចំនួន ១២ ហិកតា និង​ឡូត៍​បង្កាត់​ដើម​មេ​ពូជឈើ​ចំនួន ៣​ ហិកតា​។

ជា​លទ្ធផល ឡូត៍​ពិសោធន៍​បង្កាត់​ពូជឈើ (Seed Orchard) ឡូត៍​ពិសោធន៍​ប្រៀបធៀប​ដើម​ពូជ​ចំនួន ២៤ ហិកតា​បាន​បង្កើតឡើង​ដោយ​ការប្រមូល​គ្រាប់ពូជ​តាម​បណ្តា​ខេត្ត​ចំនួន​ ១១ (​សៀមរាប ​ព្រះវិហារ បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ កំពត កែប ព្រះសីហនុ តាកែវ កោះកុង និង​កណ្ដាល​) ដើម្បី​ធ្វើការ​បណ្តុះ​យក​កូនឈើ​ទាំងនោះ​ទៅ​ដាំ រួច​ធ្វើការ​ប្រៀបធៀប​គ្នា ជ្រើសរើស​យក​ដើម​ដែល​អាច​ទុក​ជាដើម​ពូជ​ល្អ​តាម​លក្ខណៈ​វិនិច្ឆ័យ​លើ​ការលូតលាស់ ទម្រង់​ដើម និង​ភាព​ធន់ជំងឺ​។

ការពិសោធ​បាន​អនុវត្ត​វិធីសាស្ត្រ​សាកវប្បកម្ម (Grafting) ក្នុង​ការផលិត​កូនឈើ​គ្រញូង និង​ធ្នង់ ហើយ​ចំពោះ​ឈើ​ត្រាច​ត្រូវបាន​បណ្តុះ​កូន​ដោយ​គ្រាប់​។ ឡូត៍​ពិសោធន៍​បង្កាត់​ពូជឈើ​សរុប​មាន​ចំនួន ៦ ហិកតា ដោយ​ប្រើប្រាស់​កូនឈើ​ចំនួន ៤០០ ដើម​ទាំង ២ ទីតាំង​។

លោក​បាន​បញ្ជក់​ថា កូនឈើ​ដែល​បាន​ដាំ​រួច​ចំនួន ២៦ ២០០ ​ដើម​ត្រូវបាន​ថែទាំ​យ៉ាងយក​ចិត្ត​ទុកដាក់​ទៅតាម​បច្ចេកទេស និង​តាម​ស្ថានភាព​ជាក់ស្ដែង ដូច​ជា​ការស្រោច​ទឹក​នៅ​រដូវប្រាំង សម្អាត​ស្មៅ ប្រើ​ថ្នាំ​ការពារ​សត្វ​បំផ្លាញ និង​ការក្រី​មែក​ជាដើម​។

លោក​លើកឡើង​ថា​៖ «​ការតាមដាន​កម្រិត​លូតលាស់​របស់​កូនឈើ​ប្រព្រឹត្តទៅ​រៀងរាល់ ៦ ខែម្តង (​រយៈពេល ៥ ឆ្នាំ​ដំបូង​) បន្ទាប់មក ១ ឆ្នាំ​ម្ដង ដោយ​កត់ត្រា​ទិន្នន័យ​កម្រិត​លូតលាស់ អង្កត់ផ្ចិត កម្ពស់ កន្សោម​ស្លឹក សុខភាព និង​ទម្រង់​ដើម​របស់​កូនឈើ​។ ទិន្នន័យ​ត្រូវបាន​រក្សាទុក​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុងការ​ជ្រើសរើស ដើម​ពូជ​ល្អ យក​ទៅ​រក្សាទុក​»​។

លោក​រដ្ឋមន្ត្រី​កសិកម្ម ថ្លែងថា អនាគត បន្ទាប់ពី​ធ្វើការ​ដកហូត​ដើម​មេពូជ​ដែល​អន់​រួច ចម្ការ​បង្កាត់​ពូជឈើ​នេះ​នឹង​ក្លាយជា​ប្រភព​គ្រាប់ពូជ​មួយ (​ចំពោះតែ​ប្រភេទ​គ្រញូង ធ្នង់ និង​ត្រាច​) ដែលមាន​ព័ត៌មាន​ច្បាស់លាស់​អំពី​ប្រភព​ធនធាន​សេនេទិច និង​អាច​ផ្ដល់​គ្រាប់ពូជ​ដែលមាន​គុណភាព​ខ្ពស់​ទៅតាម​តម្រូវ​ការដាំ​ស្តារ​ព្រៃឈើ​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។

លោក​បញ្ជាក់ថា​៖ «​ក្រៅពី​ឈើ ៣ ​ប្រភេទ​ខាងលើនេះ យើង​ក៏ត្រូវ​ពង្រីក​បន្ថែម​ក្នុងការ​បង្កើត​ចម្ការ​បង្កាត់​ពូជឈើ​ប្រភេទ​ផ្សេងៗ​ទៀត ដើម្បី​រក្សា​សេនេទិច​ពូជឈើ និង​ជា​ប្រភព​គ្រាប់​ពូជឈើ​ល្អ បម្រើ​ឱ្យ​ការងារ​ដាំ​ស្តារ​ព្រៃឈើ​នៅ​កម្ពុជា​»​។

លោក ជា ចំរើន ប្រធាន​អង្គការ​ថែរក្សា​បរិស្ថាន និង​កសិកម្ម ថ្លែង​នៅ​ថ្ងៃទី​ ២៧ ខែកុម្ភៈ ថា ការខិតខំ​របស់​មន្ត្រី​ជំនាញ​ក្រសួង​កសិកម្ម​ក្នុង​ការពិសោធ​សាកល្បង ផលិត​កូនឈើ​តាមបែប​ជាលិកា​វប្បកម្ម ជាពិសេស​ប្រភេទ​ឈើ​ទាំង​គ្រញូង ធ្នង់ និង​ត្រាច ក្នុង​គោលបំណង​ជំរុញ​ការបណ្ដុះ​កូនឈើ​ទ្រង់ទ្រាយ​ធំ ដើម្បី​បម្រើ​ដល់​ការស្ដារ​ព្រៃឈើ​ឡើងវិញ​នេះ​គឺជា​រឿង​ល្អ​។ ប៉ុន្តែ​អ្វីដែល​ល្អ​ជាង​នោះ​ទៀត គួរតែមាន​ការដាំ​ដំណាំ​ប្រភេទ​ដើមឈើ​ឧស្សាហកម្ម ព្រោះ​វា​មាន​ប្រយោជន៍​ក្នុង​ការជួយ​ដល់​អាកាសធាតុ​ផង និង​បម្រើ​ផលប្រយោជន៍​ធំៗ​ច្រើន​ទៀតផង​។

លោក​ថ្លែងថា​៖ «​លើ​ពិភពលោក​គេ​ដាំ​ដើមឈើ​ណា​ដែល​មនុស្ស​អាច​យក​ផល​បាន​ហើយ​ការពារ​បរិស្ថាន​។ ដូចដើម​ទាំងអស់នេះ​ [​គ្រញូង ធ្នង់ និង​ត្រាច​] ​វា​បម្រើ​បានតែ​អាកាសធាតុ​ទេ បើសិនណា​មាន​អ្នកលួច​កាប់​យកទៅ​ប្រើ​នៅតែ​អាច​លួចបាន​អ៊ីចឹង ហើយ​ការដាំ​របៀប​ហ្នឹង​ការថែទាំ​ក៏ត្រូវ​ប្រើ​ឆ្មាំ​ប្រើ​អី​ច្រើនណាស់​»៕

អត្ថបទគួរចាប់អារម្មណ៍