ភ្នំពេញៈ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​(​អ.វ.ត.ក) ហៅ​កាត់​ថា សាលាក្តី​ខ្មែរក្រហម បាន​បើក​វគ្គ​បណ្តុះបណ្តាល​លើក​ទី​ ១ ស្តីពី​ការគ្រប់គ្រង​បណ្ណសារ​ជាមួយ​សា្ថប័ន​ដៃគូ ដើម្បី​ពង្រឹងសមត្ថភាព​ក្នុង​ការគ្រប់គ្រង​បណ្ណសារ​នៅ​កម្ពុជា​។

សេចក្ដី​ប្រកាស​ព័ត៌មាន របស់ អ.វ.ត.ក ចុះ​ថ្ងៃទី​ ២៨ ខែ កុម្ភៈ​ឆ្នាំ ២០២២ ឱ្យដឹងថា វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​បណ្ណសារ​ជាមួយ​ស្ថាប័ន​ជាតិ​នានា ត្រូវបានធ្វើ​ចាប់ពី​ថ្ងៃទី​ ១៥ ដល់​ថ្ងៃទី​ ២២ ខែកុម្ភៈ ឆ្នាំ ​២០២២​។ ក្នុង​រយៈពេល​ ៦ ​ថ្ងៃ​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ បុគ្គលិក​អង្គភាព​បណ្ណសារ​មកពី​បណ្ណសារដ្ឋាន​ជាតិ​កម្ពុជា និង មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ពាក់ព័ន្ធ​នឹង អ.វ.ត.ក បាន​ចូលរួមចំណែក​នៅក្នុង​ម៉ូឌុល ដែល​តាក់តែង​ដោយ​ក្រុមប្រឹក្សា​បណ្ណសារ​អន្តរជាតិ ដែល​រៀបចំឡើង​សំដៅ​ដោះស្រាយ​បញ្ហា​នៃ​ការគ្រប់គ្រង​បណ្ណសារ​ដែល​ប៉ះពាល់​ដល់​ស្ថាប័ន​នានា​របស់​កម្ពុជា​។ អ.វ.ត.ក គូសបញ្ជាក់ថា នេះ​គឺជា​ការបណ្តុះបណ្តាល​លើក​ទី ​១ ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មានការ​សម្របសម្រួល ដោយ​ប្រធាន​អង្គភាព​បណ្ណសារ​គឺ​លោកស្រី JIMENEZ SANCHEZ ហើយ​អ្នកចូលរួម​ទទួលបាន​ផលប្រយោជន៍​ពី​វគ្គ​បណ្តុះបណ្តាល​លើ​អភិបាលកិច្ច​ល្អ​ និង​វិធីសាស្ត្រ​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​ក្នុង​ការគាំទ្រ ការរៀបចំ និង​ការអនុវត្ដ​ដំណើរការ​រក្សា​បណ្ណសារ​។ ​បន្ថែម​ពីនេះ អ្នកចូលរួម​ទាំងអស់​ទទួលបាន​ការទទួល​ស្គាល់​ពី​ក្រុមប្រឹក្សា​បណ្ណសារ​អន្តរជាតិ​ផងដែរ​។

ប្រធានការិយាល័យ​រដ្ឋបាល​ស្ដីទី អ.វ.ត.ក លោក ក្រាញ់ តួនី បាន​ជួប​ជាមួយ​អ្នកចូលរួម និង​បាន​អបអរសាទរ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​អ្នកចូលរួម​ក្នុង​ការអភិវឌ្ឍ​សមត្ថភាព​នៅក្នុង​វិស័យ​គ្រប់គ្រង​បណ្ណសារ​នៅ​កម្ពុជា​។

ជាមួយ​គ្នានេះដែរ លោកស្រី កែវ សូនី ប្រធាន​បណ្ណសារដ្ឋាន​ជាតិ និង​លោក ស៊ាង សុភ័ក្ត្រ អនុប្រធាន​បណ្ណសារ​នៃ​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ពាក់ព័ន្ធ​នឹង អ.វ.ត.ក បាន​សម្ដែង​ការ​អរគុណ​ចំពោះ អ.វ.ត.ក ដែល​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ និង បាន​គូសបញ្ជាក់​អំពី​ផលវិជ្ជមាន​សម្រាប់​សា្ថប័ន​របស់​អ្នកចូលរួម​ទាំងអស់​ក្នុង​ដំណើរ​ឆ្ពោះទៅមុខ​៕