ភ្នំពេញៈ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ (​រ.ទ.ស.ភ​) ​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​រាជធានី​ភ្នំពេញ​ឱ្យប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​នៅ​រដូវប្រាំង​នេះ ដើម្បី​ចូលរួម​កាត់បន្ថយ​ការខ្វះខាត​ទឹក​នៅ​ជាយក្រុង ប៉ុន្តែ​បាន​អះអាងថា នៅ​ចុងឆ្នាំ​ ២០២៣ ​ឬ​ដើមឆ្នាំ​ ២០២៤ ​រាជធានី​ភ្នំពេញ​នឹង​លែង​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​ទៀតហើយ​។ ​នេះ​បើតាម​លោក ឡុង ណារ៉ូ អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព​មូលដ្ឋាន​សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​» ​នៅ​ថ្ងៃទី ១​ ខែមីនា លោក ឡុង ណារ៉ូ លើកឡើងថា នា​រដូវប្រាំង​គិត​ចាប់ពី​ខែមករា​រហូត​ដល់​ខែឧសភា នីវ៉ូទឹក​មាន​ការស្រក​ចុះ​បណ្ដាលឱ្យ​ការផ្គត់ផ្គង់​ទឹក​មានការ​យឺតយ៉ាវ និង​ខ្វះខាត​នៅ​តំបន់​មួយចំនួន​នៅ​ភាគ​ខាងលិច​រាជធានី​-​ភ្នំពេញ ដូចជា​តំបន់​កំបូល​ជាដើម​។

លោក​បានឱ្យដឹងថា រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​បានទទួល​ជំនួយ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ជប៉ុន​លើ​ការសិក្សា​គម្រោង​មេ​ចំនួន ​៣ លើ​ការផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​រាជធានី​ភ្នំពេញ​​ក្នុងនោះ​គម្រោង​ទី​ ១ បានចាប់ផ្ដើម​ពី​ឆ្នាំ​ ១៩៩១ មកទល់​ឆ្នាំ​ ២០០០ គម្រោង​ទី​ ២ ​ចាប់ពី​ឆ្នាំ​ ២០០០ ដល់​ឆ្នាំ ​២០១០ និង​គម្រោង​ទី​ ៣ បច្ចុប្បន្ន​ចាប់ផ្ដើម​ពី​ឆ្នាំ ​២០២០ ដល់​ឆ្នាំ​ ២០៣០​។ គម្រោង​ទី​ ៣ គឺ​ភាគី​ជប៉ុន​ទើប​សិក្សា​បញ្ចប់​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​ ២០២២​។

លោក​ថ្លែងថា ការ​ផ្គត់ផ្គង់​ទឹក​នៅ​រាជធានី​ភ្នំពេញ​បាន​គ្រប់គ្រាន់​ ១០០​ ភាគរយ​ទៅហើយ ប៉ុន្ដែ​ដោយសារ​រាជរដ្ឋាភិបាល​បាន​កាត់​ឃុំ​បន្ថែមចំនួន ​២០ ​ឃុំ ចូលមក​រាជធានី​ភ្នំពេញ​ទៀត ធ្វើឱ្យ​អត្រា​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​ធ្លាក់ចុះ​មកដល់​ ៨៥ ​ភាគរយ​វិញ​។

ប៉ុន្ដែ​បច្ចុប្បន្ន​រដ្ឋាករទឹក​ពង្រីក​ការផ្គត់ផ្គង់​បន្ថែម​បាន​រហូតដល់​ប្រមាណ​ ៩២ ​ភាគរយ​នៅលើ​ផ្ទៃ​សេវា​ប្រមាណ ៦៧០ ​គីឡូម៉ែត្រ​ការ៉េ​។

ដោយនិយាយ​យោង​ដល់​ការទើប​ត្រឡប់​ពី​ការចូលរួម​ក្នុង​សិក្ខាសាលា​​ស្ដីពី​បញ្ហា​ទឹកស្អាត​ទូទាំង​ពិភពលោក​នៅ​ប្រទេស​អង់គ្លេស​កាលពី​សប្ដាហ៍​មុន លោក ណារ៉ូ ថ្លែងថា តាមរយៈ​សិក្ខាសាលា​នោះ​បាន​សង្កេតឃើញ​ថា បញ្ហា​អាកាសធាតុ​ក្នុង​ពិភពលោក​​បច្ចុប្បន្ន​បានធ្វើឱ្យ​មានការ​បារម្ភ​ពី​​ប្រភពទឹក ដោយសារ​គ្រោះរាំងស្ងួត​កាន់តែ​មាន​ច្រើន​ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ​ក៏​ជួប​ញ្ហា​នេះដែរ​។

លោក​ថ្លែងថា​៖ «​យើង​បាន​សម្គាល់​ឃើញ​ទាំងអស់គ្នា​ថា នៅ​រដូវវស្សា​មិនមាន​អតិថិជន​ស្រែក​លើ​បញ្ហា​ខ្វះខាត​​ទឹក​ទេ ប៉ុន្ដែ​បើ​រដូវប្រាំង​គិត​ចាប់ពី​ខែមករា​ដើមឆ្នាំ គឺ​ចាប់ផ្ដើម​រហូត​ទៅ​ទល់នឹង​ខែឧសភា ទើប​ស្ថានភាព​ទឹកទន្លេ​​ខ្ពស់​ឡើងវិញ ទើប​ធ្វើឱ្យ​ការបូមទឹក​របស់​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​»​។

បើតាម​លោក ណារ៉ូ សមត្ថភាព​របស់​រដ្ឋាករ​ស្វយ័ត​អាច​ផ្គត់ផ្គង់​បានតែ​ ៥៩២ ​ពាន់​ម៉ែត្រគុប ប៉ុណ្ណោះ​ក្នុង​ ១ ​ថ្ងៃ ប៉ុន្ដែ​តម្រូវការ​ទឹក​បច្ចុប្បន្ន តាម​ការសិក្សា​របស់​គម្រោង​អង្គការ JICA ឃើញថា តម្រូវការ​ទឹក​ពី​ឆ្នាំ​ ២០២០ ​ដល់​ ២០២២ ​នេះ គឺមាន​ប្រមាណ ៨ ​សែន​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​។

លោក​បានឱ្យដឹងថា ថ្វីបើ​រដ្ឋាករទឹក​​មាន​សមត្ថភាព​ផ្គត់ផ្គង់​ទឹក​បានតែ​ ៥៩២​ ពាន់​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ ប៉ុន្ដែ​មន្ដ្រី​ជំនាញ​ខំ​ច្នៃប្រឌិត​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​ទឹកបាន​រហូតដល់ ​៦៣៥​ ពាន់​ម៉ែត្រគុប​ក្នុង​ ១​ ថ្ងៃ មានន័យថា​កើន​ប្រមាណ​ ៤ ​ម៉ឺន​ម៉ែត្រគុប​បន្ថែមទៀត ប៉ុន្ដែ​នៅមាន​ការខ្វះខាត​ប្រមាណ​ ២ ​សែន​ម៉ែត្រគុប​ទៀត​ក្នុង​ ១​ ថ្ងៃ​។

បើតាម​ការសិក្សា​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ការប្រើប្រាស់​ទឹក​នៅ​កម្ពុជា​របស់​អតិថិជន​ ១​ នាក់ ក្នុង​ ១​ ថ្ងៃ មាន​កម្រិត​ខ្ពស់​ពី​ ២០០ ទៅ​ ២៨០ ​លីត្រ ខណៈ​កម្រិត​ប្រើ​ជាទូទៅ​ត្រឹមតែ​ ១៥០​ លីត្រ​ ១​ នាក់​សម្រាប់​ ១​ ថ្ងៃ​។

លោក ណារ៉ូ ថ្លែងថា​៖ «​ក្នុង​រដូវប្រាំង​នេះ​រដ្ឋាករទឹក សូម​ធ្វើការ​សំណូមពរ​។ ខ្ញុំ​ក៏បាន​ចេញ​នូវ​សេចក្ដី​ជូនដំណឹង​ហើយ សំណូមពរ យើង​នាំគ្នា​សន្សំសំចៃ​ទឹក​ក្នុង​រដូវប្រាំង​នេះ​»​។

ការខ្វះខាត​នេះ​ក៏​មកពី​កត្ដា​ប្រជាជន​ចូល​ទីក្រុង​ច្រើន និង​បញ្ហា​ទឹកទន្លេ​ស្រក​ចុះ​ផងដែរ​។ ដូច្នេះ​ក្នុងនាម​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បានធ្វើ​សេចក្ដី​ជូនដំណឹង​ដល់​អតិថិជន ដែល​នៅក្នុង​ក្រុង​ឱ្យជួយ​សន្សំសំចៃ​ទឹក​ដើម្បី​ជួយ​ដល់​តំបន់​ជាយក្រុង​ឱ្យមាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​។

លោក​ថ្លែងថា​៖ «​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ ​២០២២​ នេះ យើង​មានការ​លំបាក​នៅ​តំបន់​ក្រុង​តាខ្មៅ នៅក្នុង​តំបន់​ចុង​ខាងលិច​រាជធានី​ភ្នំពេញ​។ ប៉ុន្ដែ​ក្រោយពី​យើង​ឱ្យ​ដំណើរការ​រោងចក្រ​ផ្គត់ផ្គង់​ទឹក​លើ​ពី​សមត្ថភាព​ផលិត ប៉ុន្ដែ​នៅតែមាន​ការលំបាក​បន្តិច​នៅ​តំបន់​ខណ្ឌ​កំបូល​។​កាលពី​ខែមករា​ឆ្នាំនេះ មាន​​ការលំបាក​រហូតដល់​មានការ​ស្រែក​»​។

លោក​បន្តថា បញ្ហា​ដែល​នៅសល់​គឺ​នៅ​តំបន់​កំបូល​មួយគត់​ដែល​បំពង់​មេ​នាំ​ទឹក​ចេញពី​ទីតាំង​ផ្លូវជាតិ​លេខ​ ៤ តំបន់​ទំនប់​កប់​ស្រូវ​រហូត​ដល់​តំបន់​កំបូល​មាន​ទំហំ​តូច​។ ​ក៏ប៉ុន្តែ​ឥឡូវនេះ​​រដ្ឋាករទឹក​កំពុង​ខិតខំ​ធ្វើយ៉ាងណា​​ដើម្បី​អាច​ធានាថា នៅពេល​ចូលឆ្នាំ​ថ្មី​ខាងមុខនេះ តំបន់​កំបូល​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​។

បើតាម​លោក ណារ៉ូ បញ្ហា​ដែល​សំខាន់​ជាងគេ គឺ​ទន្លេមេគង្គ​នៅ​រយៈពេល ​៥ ​ឆ្នាំនេះ ទឹក​មាន​ការស្រក​ផុតពី​ភាពប្រក្រតី​ប្រមាណ​ ១​ ម៉ែត្រ ខណៈ​រដ្ឋាករទឹក​បានកំណត់​ថា រដូវប្រាំង​ត្រូវមាន​ទឹក​កម្ពស់​ ៣ ​ម៉ែត្រ ដើម្បី​បូម​ចូលមកក្នុង​ប្រព័ន្ធ​ប្រព្រឹត្ដិកម្ម​សម្រាប់​ផ្គត់​ផ្គង់​ដល់​ពលរដ្ឋ ប៉ុន្ដែ​ឥឡូវនេះ​ទឹក​នៅសល់តែ​ ២​ ម៉ែត្រ​ប៉ុណ្ណោះ​។

យ៉ាងណាក្ដី លោក​បានឱ្យដឹងថា នៅ​ថ្ងៃទី​ ៧ ខែមីនា​ខាងមុខនេះ រដ្ឋាករ​ទឹកនឹង​ចុះកិច្ចសន្យា​លើ​ការ​សាងសង់​រោងចក្រ​ទឹកស្អាត​ថ្មី​មួយទៀត​​នៅ​តាខ្មៅ ក្រោម​ជំនួយ​ឥតសំណង​របស់​ប្រទេស​ជប៉ុន ដែល​អាច​ផ្គត់ផ្គង់​ទឹកបាន​ប្រមាណ​ ៣ ​ម៉ឺន​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​។ ​ជាមួយ​គ្នានេះ​រោងចក្រ​បាក់ខែង​ដែល​ទទួលបាន​ការសម្ពោធ​ពី​​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន​ កាលពី​ខែមករា ឆ្នាំ​ ២០២០ បាន​សាងសង់​រួចរាល់​ប្រមាណ​ ៦០​ ភាគរយ​ហើយ ដែល​តាម​ផែនការ​នឹង​សាងសង់​រួចរាល់​នៅ​ចុងឆ្នាំ​ ២០២៣​។

លោក​បញ្ជាក់ថា​៖ «​យើង​នឹង​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​។​ នៅ​ដើមឆ្នាំ​ ២០២៤ ​គឺ​ធានាថា ទឹក​នៅក្នុង​រាជធានី​-​ភ្នំពេញ លែងមាន​បញ្ហា​ហើយ គឺ​គ្រប់គ្រាន់​ទាំងអស់​»​។

លោក​ ឡេង ខៀវ ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ១ មីនា​នេះ​ថា បច្ចុប្បន្ន​នៅ​ជាយ​រាជធានី-​ភ្នំពេញ​ពិតជា​មានការ​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​តាម​តំបន់​មួយចំនួន ដូចជា​នៅ​តំបន់​ព្រែកហូរ ក្រុង​តាខ្មៅ និង​កំបូល​ជាដើម​។

លោក​បញ្ជាក់ថា​៖ «​ទាក់ទង​នឹង​បញ្ហា​ខ្វះ​ទឹក​នៅ​ភ្នំពេញ​នេះ​ពួកយើង​​ក៏​ធ្លាប់បាន​ទាក់ទង​ទៅ​រដ្ឋាករទឹក​ដើម្បី​ដោះស្រាយ​ដែរ ប៉ុន្ដែ​ខាង​រដ្ឋាករ​ទឹកបាន​ប្រាប់ថា កំពុង​ដំណើរការ​ដោះស្រាយ​។ ​យើង​មិនដឹងថា ដំណើរការ​នេះ​​ទទួលបាន​លទ្ធផល​យ៉ាងណាទេ​»​។

លោក ខៀវ បាន​បញ្ជាក់ថា ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ទឹកស្អាត​នេះ​ក្នុងនាម​សមាគម មាន​តែ​ស្នើ​ទៅ​ជួប​ជាមួយ​អាជីវករ​ផ្គត់ផ្គង់​ទឹក​នៅតាម​តំបន់​ធ្វើយ៉ាងណា​ពង្រីក​ការផ្គត់ផ្គង់​គុណភាព​ទឹក​ឱ្យបាន​គ្រប់គ្រាន់ និង​ស្អាត​ដល់​ប្រជាពលរដ្ឋ ឬ​បង្កើន​ការផលិត​ទឹកស្អាត​នេះ​ថែមទៀត​នៅតាម​តំបន់​ដែល​ខ្វះខាត​នោះ​។

តាមរយៈ​រដ្ឋាករទឹក គិត​តាំងពី​ការផ្គត់ផ្គង់​តាំងពី​ឆ្នាំ​ ១៩៩៣ មកទល់​ឆ្នាំ ​២០២០ រដ្ឋាករ​ទឹកបាន​ប្រើប្រាស់​ថវិកា​អស់​ប្រមាណ​ ៦៩០​ លាន​ដុល្លារ​ដែល​បានធ្វើឱ្យ​សមត្ថភាព​ផ្គត់ផ្គង់​ទឹក​កើនឡើង​ពី ៦៣ ០០០ ​ម៉ែត្រគុប មកដល់ ៥៩២ ​ពាន់​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​នាពេល​បច្ចុប្បន្ន​៕