ភ្នំពេញៈ រាជរដ្ឋាភិបាល បានទទួល​ជំនួយ​ជា​ទូ​បង្កក​ត្រជាក់​ខ្លាំង​សម្រាប់​រក្សា​វ៉ាក់សាំង​កូវីដ​ ១៩ ចំនួន​ ៣៣​ គ្រឿង​ (​សីតុណ្ហភាព-៨០​អង្សា​)​ ទូទឹកកក​រក្សា​វ៉ាក់សាំង​ចំនួន​ ១០០​ គ្រឿង​ (​សីតុណ្ហភាព​-២០ ​អង្សាសេ​)​ និង​បរិក្ខារ​ប្រព័ន្ធ​ត្រជាក់​ដទៃទៀត ដែលជា​អំណោយ​របស់​ប្រទេស​អូស្ត្រាលី ក្នុង​ការ​ធ្វើឱ្យ​កម្ពុជា​បន្ត​ឈានមុខ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ទៅដល់​ប្រជាពលរដ្ឋ​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​ ២៨ ខែកុម្ភៈ បានឱ្យដឹងថា ទូ​បង្កក​ត្រជាក់​ខ្លាំង​នេះ​ជា​ឧបករណ៍​ចាំបាច់​ដើម្បី​ពង្រឹងសមត្ថភាព​បរិក្ខារ​ប្រព័ន្ធ​ត្រជាក់​របស់​កម្ពុជា ហើយ​ទូ​បង្កក​នេះ ជា​អំណោយ​របស់​រាជរដ្ឋាភិបាល​អូស្ត្រាលី និង​ត្រូវ​ផ្ដល់ជូន​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​យូនីសេហ្វ​ដល់​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​។

ឯកអគ្គរាជទូត​អូស្ត្រាលី លោក​ បាប្លូ កាង បានឱ្យ​ដឹងថា ជាង​ ១ ​ឆ្នាំ​កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​បានចាប់ផ្ដើម​អនុវត្ត​នូវ​កម្មវិធី​ផ្ដល់​វ៉ាក់សាំង ប្រកបដោយ​ភាពជោគជ័យ​យ៉ាងខ្លាំង​។ កម្មវិធី​នេះ​បាន​គ្របដណ្ដប់​ទៅដល់​ប្រជាពលរដ្ឋ​ពេញវ័យ​ស្ទើរតែ​ទាំងអស់ ហើយ​ជាង​ពាក់កណ្ដាល​នៃ​ពួកគេ​ក៏​ទទួលបាន​​វ៉ាក់សាំង​ដូស​ជំរុញ​ដ៏​សំខាន់​ផងដែរ​។

លោក​មានប្រសាសន៍​ថា​៖ «​ដូស​ជំរុញ​ទាំងនេះ គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៃ​កិច្ចខិតខំ​ផ្ដល់​វ៉ាក់សាំង​ជាសកល ដើម្បី​កាត់បន្ថយ​ការ​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ និង​ការស្លាប់​ពី​ជំងឺ​កូវីដ​ ១៩​។ ខ្ញុំ​សូម​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​សិទ្ធិ​ទទួល​វ៉ាក់សាំង​ដូស​ជំរុញ​ឱ្យទៅ​ទទួល​ដូស​នេះ ដើម្បី​ការពារ​ខ្លួន​អ្នក និង​គ្រួសារ​»​។

បើតាម​ស្ថានទូត​អូស្ត្រាលី ទូ​បង្កក​​រក្សា​វ៉ាក់សាំង​សរុប​ចំនួន ១៣៣ ​គ្រឿង​នេះ​គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​គាំទ្រ​ចំនួន ៣៥,៧ ​លាន​ដុល្លារ​អូស្ត្រាលី​ពី​រាជរដ្ឋាភិបាល​អូស្ត្រាលី ដែល​កំពុង​ត្រូវ​បានផ្ដល់​ក្នុង​ភាពជា​ដៃគូ​ជាមួយ​យូនីសេហ្វ​។ កញ្ចប់​គាំទ្រ​នេះ​រួមមាន​វ៉ាក់សាំង​ប្រភេទ Pfizer-BioNTech ចំនួន​ ២,៣៥ ​លាន​ដូស ដែល​ត្រូវបាន​ផ្ដល់ជូន​កម្ពុជា កាលពី​ខែធ្នូ​កន្លងមកនេះ​។

​​ទូបង្កក​ត្រជាក់​ខ្លាំង​សម្រាប់​រក្សា​វ៉ាក់សាំង​កូវីដ-១៩ ជា​ជំនួយ​អូស្ត្រាលី​។ រូបថត ស្ថានទូត​អូស្ត្រាលី

ទូ​បង្កក​ត្រជាក់​ខ្លាំង​ថ្មីៗ​ទាំងនេះ​នឹង​ជួយ​ដល់​ការ​រក្សាទុក​វ៉ាក់សាំង​ប្រភេទ Pfizer-BioNTech បាន​រយៈពេល​វែង នៅតាម​គ្រប់​រាជធានី​ខេត្ត រួមទាំង​ខេត្ត​នៅ​ឆ្ងាយៗ​ផងដែរ​។

ក្រុមការងារ​យូនីសេហ្វ​នឹង​ជួយ​ដំឡើង​បរិក្ខារ​ទាំងនេះ​ផ្ដល់​ការបណ្ដុះបណ្ដាល​អំពី​ការប្រើប្រាស់ និង​ពិនិត្យ​តាមដាន​ផលប្រយោជន៍​នៃ​ការប្រើប្រាស់​។ បរិក្ខារ​ទាំងនេះ នឹង​បន្ត​ពង្រឹង​ប្រព័ន្ធ​ថែទាំ​សុខាភិបាល​ជាតិ​នាពេល​អនាគត​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

ជាមួយ​គ្នា​នោះដែរ លោក​ឯកអគ្គ​រាជទូត បាប្លូ កាង ក៏បាន​កត់សម្គាល់​ផងដែរ ដោយ​ប្រទេស​អូស្ត្រាលី​បានធ្វើការ​កោតសរសើរ​ដល់​កិច្ចខិតខំ​របស់​ក្រសួង​សុខាភិបាល និង​យូនីសេហ្វ ក្នុង​ការធ្វើការងារ​ដោយផ្ទាល់​ជាមួយ​សហគមន៍​នានា​ដើម្បី​កំណត់ និង​ជួយ​ទៅដល់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​បំផុត​។ លោក​ថា ៖ «​យើង​មាន​សេចក្ដី​រីករាយ​ក្នុង​ការជួយ​ដល់​ក្រសួង​ ដើម្បី​ធានា​នូវ​យុទ្ធនាការ​មួយ​ប្រកបដោយ​សមធម៌ និង​បរិយាប័ន្ន​សង្គម​»​។

ចំណែក លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកា​យូនីសេហ្វ​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​ ២៨ កុម្ភៈ​ដែរ​ថា​៖ «​យូនីសេហ្វ មាន​មោទនភាព​ដែល​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល និង​ដៃគូ​នានា ដូចជា​ស្ថានទូត​អូស្ត្រាលី​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ឈានមុខ​ក្នុង​ពិភពលោក​របស់​ប្រទេស​កម្ពុជា​»​។ ជាមួយ​នឹង​អំណោយ​សប្បុរសធម៌​របស់​រាជរដ្ឋាភិបាល​អូស្ត្រាលី យូនីសេហ្វ​នឹង​អាច​បន្ត​គាំទ្រ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ របស់​ប្រទេស​កម្ពុជា និង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ទាំងមូល ក្រោយពី​ជំងឺ​រាតត្បាត​នេះ​។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ បាន​បញ្ជាក់ថា​៖ «​សមត្ថភាព​បន្ថែម​នៃ​បរិក្ខារ​ប្រព័ន្ធ​ត្រជាក់​នេះ​នឹងមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ចំពោះ​សេវា​សុខាភិបាល សម្រាប់​រយៈពេល​ជាច្រើន​ឆ្នាំ​ខាងមុខ ដូចជា​ការពង្រឹង​ការផ្ដល់​​វ៉ាក់សាំង​ជាប្រចាំ​ដល់​កុមារ និង​ការសង្គ្រោះ​អាយុជីវិត​កុមារ​រាប់មិនអស់​។ យើង​រីករាយ​ណាស់​ដោយបាន​ដើរតួនាទី​ជា​ផ្នែក​មួយ​នៃ​កេរដំណែល​នេះ​សម្រាប់​អនាគត​»​។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​គូសបញ្ជាក់ថា ទឹក​ចិត្តសប្បុរសធម៌​ដ៏ថ្លៃថ្លា​របស់​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​អូស្ត្រាលី ត្រូវបាន​ចងចាំ​ទុក​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​សុខាភិបាល ព្រមទាំង​អ្នករងគ្រោះ​ដោយ​ជំងឺ​កូវីដ​ ១៩​។

លោក​មានប្រសាសន៍​ថា៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ថា ទោះបីជា​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ហើយក៏​ដោយ សូម​អង្វរករ​ដល់​ពលរដ្ឋ​គ្រប់រូប​ត្រូវ​បន្ត​អនុវត្ត​វិធី​ការពារ​ខ្លួន ៣ ​ការពារ និង​ ៣ ​កុំ ឱ្យបាន​ជាប់​ជាប្រចាំ​ផងដែរ​»​។ វិធានការ​ ៣ ​ការពារ រួមមាន​ពាក់ម៉ាស់ លាងដៃ​ញឹកញាប់​ជាមួយ​អាល់កុល ឬ​ជែល និង​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងតិច ១,៥ ​ម៉ែត្រ ចំណែក​ ៣ ​កុំ រួមមាន កុំទៅ​កន្លែង​បិទ​ជិត កន្លែង​មាន​មនុស្ស​កុះករ​កកកុញ និង​កុំ​ចាប់ដៃ​ពេល​ជួបគ្នា​៕