ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើ​​ពុករលួយ​ (ACU)​ បានបង្ហាញ​ពី​សកម្មភាព​ការងារ​របស់ខ្លួន​ដែល​សម្រេចបាន​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​លើក​ទី​ ៩ អាណត្តិ​ទី​ ៣ ដោយបាន​ប្រកាស​ពី​ភាព​ជោគជ័យ​ក្នុង​ការប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​តាម​របប​ ២ ​ឆ្នាំ នៅ​ឆ្នាំ​ ២០២២ នេះ​។

កាលពី​ថ្ងៃទី​ ២៨ ខែកុម្ភៈ ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើ​ពុករលួយ​បានរៀបចំ​កិច្ចប្រជុំ​នេះ​ដោយមាន​វត្តមាន​សមាជិក​ចូលរួម​ចំនួន ​១០ ​រូប លើ ​១១​ រូប ក្រោម​អធិបតីភាព លោក តុប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​។

តាម​សេចក្តី​ជូនដំណឹង​របស់​ ACU​ បានឱ្យដឹងថា កិច្ចប្រជុំ​នេះ​សម្រេច​លទ្ធផល​ដោយបាន​ពិនិត្យ​ និង​អនុម័ត​កំណត់ហេតុ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​លើក​ទី​ ៨ អាណត្តិ​ទី​ ៣​។ ​ក្នុងនោះ​ក្រុមប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុម​ជនបង្គោល​ក្រសួង-​ស្ថាប័ន និង​រាជធានី​-​ខេត្ត ដែល​បាន​រួមគ្នា​បញ្ចប់​ទាំងស្រុង​ដោយ​ជោគជ័យ​នូវ​ការប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​តាម​របប ២ ​ឆ្នាំ នៅ​​ឆ្នាំ​ ២០២២​។

សេចក្តី​ជូនដំណឹង​ដដែល​បាន​​បញ្ជាក់ថា​ «​មកទល់នឹង​ពេល​​នេះ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​អាច​វាយតម្លៃ​បាន​ពី​តួនាទី​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​ត្រូវ​បានទទួល​ស្គាល់​ពី​សង្គម​របស់​យើង​ពី​ភាពម៉ឺងម៉ាត់ ហ្មត់ចត់​ល្អិតល្អន់ មានការ​ទទួល​ខុសត្រូវ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​»​។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​​ឱ្យដឹងថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ទទួល​ឯកសារ​​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​​តាម​របប​ ២ ​ឆ្នាំ ឆ្នាំ​ ២០២២ សរុប​ចំនួន ១៥ ០៤៨​ រូប ដែល​ក្នុងនោះ មាន​ឈ្មោះ ស្ទួន លាឈប់ បញ្ឈប់ ចូលនិវត្តន៍ និង​មរណភាព​ចំនួន ៥៧៦​ រូប ស្មើនឹង​ ៩៩,៩៩% នៃ​ចំនួន​ត្រូវ​ប្រកាស​សរុប​ ១៥ ០៥០ ​រូប​។

លោក​បានឱ្យដឹង​បន្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​​បានទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ចំនួន​ ២៧៤ ​រូប​តាម​មូលហេតុ​ផ្សេងទៀត​ដែល​តែងតាំង​ថ្មី​ ១៥៥​ រូប , លាឈប់​ចប់​អាណត្តិ​ពី​ការងារ ៤២ ​រូប បញ្ឈប់​ពី​ការងារ​ ១១ ​រូប​ និង​ចូលនិវត្តន៍​ ៦៦ ​រូប​។

លោក​បាន​បញ្ជាក់ថា​៖ «​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បើក​ស្រោមសំបុត្រ​ពិនិត្យ​ទ្រព្យសម្បត្តិ​ និង​បំណុល​ចំនួន​ ១៦ ​នាក់​តាម​សំណូមពរ​ស៊ើបអង្កេត​ចំនួន ៧ ​ករណី​។ ​អង្គភាព​​ប្រឆាំង​អំពើពុករលួយ​បានទទួល​ពាក្យ​ប្តឹង​សរុប​ចំនួន ៤៦ ​បណ្តឹង (​អនាមិក​ចំនួន ២៣ ​បណ្តឹង ស្មើនឹង​ ៥០%)​។ ក្រុមអ្នកច្បាប់​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ប្រជុំ​ពិនិត្យ វិភាគ និង​មាន​ចំណាត់ការ​លើ​ពាក្យ​ប្តឹង​ជា​រៀងរាល់​ព្រឹក​នៃ​ថ្ងៃ​បន្ទាប់​ដែល​ទទួលបាន​ពាក្យ​បណ្តឹង​»​។

បន្ថែម​ពី​ការងារ​សម្រេចបាន​ទាំងនេះ លោក ឱម យ៉ិនទៀង ​ក៏បាន​បង្ហាញ​ពី​សកម្មភាព​ការងារ​ផ្សេងៗ​របស់ខ្លួន ដូចជា​ការងារ​ពាក្យបណ្តឹង ការងារ​បង្ការ និង​ទប់ស្កាត់ រួមទាំង​ការបង្ហាញ​អំពី​ការងារ​បណ្តុះបណ្តាល​​របស់​អង្គភាព​ខ្លួន​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​មហាជន​របស់​យើង​ទទួលស្គាល់​ច្បាស់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជា​អង្គភាព​ស្អាត​ខ្លួនឯង​។ ពិត​ហើយ​ថា អ្នកខ្លះ​ចង់ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ឱ្យបាន​ច្រើន ហើយ​មើលរំលង​ជ្រុង​ ២ ​ផ្សេងទៀត គឺ​អប់រំ និង​បង្ការ ទប់ស្កាត់​ដែលជា​កត្តា​កំណត់​ច្រើនជាង​សម្រាប់​​រួមចំណែក​កែប្រែ​ផ្នត់គំនិត ទម្លាប់​ពាក់ព័ន្ធ​ទៅនឹង​អំពើ​ពុករលួយ​នៅក្នុង​សង្គម​»​។

តាម​សេចក្តី​ជូនដំណឹង​របស់​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​បាន​អះអាងថា ក្នុង​រយៈពេល​កន្លងមក អង្គភាព​បាន​ស្រាវជ្រាវ និង​បញ្ចប់​លើ​ពាក្យ​ប្តឹង​ចំនួន​ ១០ ដោយ​រកឃើញ​មិនមាន​តម្រុយ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នោះទេ ខណៈ​ខ្លួន​បាន​ឆ្លើយតប​ទៅ​ម្ចាស់​បណ្ដឹង​វិញ​ចំនួន​ ២៩ ​លិខិត និង​បានធ្វើ​លិខិត​ឱ្យ​សាមី​សា្ថប័ន សាមីខ្លួន បំភ្លឺ​ចំពោះ​ការចោទប្រកាន់​ចំនួន ៣៦ ​លិខិត ព្រមទាំង​ធ្វើលិខិត​កោះហៅ​មក​ស្តាប់​ការបំភ្លឺ​ចំនួន​ ២៥ ​លិខិត និង​ធ្វើលិខិត​អន្តរាគមន៍​ចំនួន ​៤​ លិខិត​ផងដែរ​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​ថ្លែងថា សកម្មភាព​នានា​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ គឺមាន​វិធីសាស្ត្រ​ជាច្រើន សម្រាប់​វាយតម្លៃ​ទៅ​​លើ​ប្រសិទ្ធភាព​នៃ​ការងារ​របស់​​ខ្លួន​ដើម្បី​បញ្ជាក់​ពី​ប្រសិទ្ធភាព​កម្រិតណា​។

យ៉ាងណាក្ដី លោក​ថា ស្ថានភាព​នៃ​អំពី​ពុករលួយ​នៅក្នុង​ប្រទេស គឺមាន​កម្រិត​នៅឡើយ​ព្រោះ​សម្ទុះ​នៃ​អំពើពុករលួយ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បង្ហាញ​ដោយ​អង្គការ​នានា នៅតែមាន​កម្រិត​ខ្ពស់​នៅឡើយ​។

លោក​បញ្ជាក់ថា​៖ «​ប្រសិនបើ​សម្ទុះ​នៃ​តួលេខ​អំពើ​ពុករលួយ​នៅមានកម្រិត​ខ្ពស់​អ៊ីចឹង​គេ​អាច​មានការ​សន្និដ្ឋានបាន​ថា នៅមាន​ចំណុច​ខ្វះខាត​នៅឡើយ នៅក្នុង​វិធានការ​ប្រឆាំង​អំពើពុករលួយ ហើយ​ទំនងជា​ផែនការ​យុទ្ធសាស្ត្រ​របស់​អង្គភាព​នេះ នៅមាន​កម្រិត បើ​ធៀប​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​»៕