ភ្នំពេញៈ តួកគី​ប្រកាស​ប្តេជ្ញាចិត្ត​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​ឆ្នាំ​ ២០២២ ខណៈ​កម្ពុជា​ជឿជាក់ថា ការបើក​ស្ថានទូត​ប្រចាំ​ប្រទេស​ទាំង​ ២ ​នឹង​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​មួយកម្រិត​ទៀត​។

តួកគី​ប្រកាស​ដូច្នេះ​ក្នុងជំនួប​រវាង​លោក Mevlüt Çavuşoğlu រដ្ឋមន្ត្រី​ការបរទេស​តួគី និង​លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​នា​ថ្ងៃទី​ ២៧ ខែកុម្ភៈ​ក្នុងអំឡុងពេល​លោក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួកគី​រយៈពេល ២​ ថ្ងៃ​គឺ​នៅ​ថ្ងៃទី​ ២៦-២៧ ខែកុម្ភៈ​។

លោក Mevlüt Çavuşoğlu ជួប​លោក​ ប្រាក់ សុខុន ​តាម​ប្រព័ន្ធ​វីដេអូ​ដោយសារ​លោក ​MevlütÇavuşoğlu ស្ថិតក្នុង​ការធ្វើ​ចត្តាឡីស័ក​នៃ​ជំងឺ​កូវីដ- ១៩​។ នេះ​បើតាម​លោក Mevlüt Çavuşoğlu ដែល​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់លោក​នា​ថ្ងៃទី​ ២៧ ខែកុម្ភៈ​។

លោក​សរសេរថា​៖ «​យើង​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ដែលជា​ប្រធាន​អាស៊ាន​។ យើង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពិធីការ​»​។

ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច លោក​ ប្រាក់ សុខុន ​បាន​បើកសម្ពោធ​ស្ថានទូត​របស់​កម្ពុជា​នៅក្នុង​ប្រទេស​តួកគី​ក្រោម​វត្តមាន​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ ២ ដោយមាន​ការចូលរួម​ពី​ឥស្សរជន​តួកគី​ព្រមទាំង​សមាជិក​អង្គទូត​។

សេចក្តី​ប្រកាស​ព័ត៌មាន ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​នា​ថ្ងៃទី​ ២៨ ខែកុម្ភៈ​ថា​៖ «​រដ្ឋមន្ត្រី​ទាំង​ ២ មានជំនឿថា ការបើក​ស្ថានទូត​ប្រចាំ​ប្រទេស​ទាំង​ ២ នឹង​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ឆ្ពោះ​ឡើង​ ១ ​កម្រិត​ទៀត​»​។

រដ្ឋមន្ត្រី​ទាំង​ ២ បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ប្រទេស​តួកគី កាលពី​ថ្ងៃទី ២០-២១ ខែតុលា ឆ្នាំ​ ២០១៨ ថា បាន​បើក​ទំព័រ​សករាជ​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​យ៉ាង​ស្វាហាប់​រវាង​កម្ពុជា និង​តួកគី​។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បន្តថា​៖ «​រដ្ឋមន្ត្រី​ទាំង​ ២ បាន​វាយតម្លៃ​ខ្ពស់ និង​បាន​សម្តែង​ឆន្ទៈ​យ៉ាង​មោះមុត​ក្នុងការ​ស្វែងរក ក៏ដូចជា​ពង្រីក​បន្ថែមទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ ២ សមស្រប​ទៅនឹង​សក្តានុពល​នៃ​ប្រទេស​ទាំង​ ២ ​ក្នុង​វិស័យ​ពាណិជ្ជកម្ម អប់រំ បណ្ដុះបណ្ដាល សុខាភិបាល វាយនភណ្ឌ ដឹកជញ្ជូន សំណង់ ថាមពល កសិកម្ម ជួសជុល​ និង​ថែទាំ ទេសចរណ៍ និង​ការដោះមីន​»​។

រដ្ឋមន្ត្រី​ការបរទេស​ទាំង​ ២ ក៏បាន​ឯកភាពគ្នា​បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិ​ការកម្រិត​សភា​បន្ថែមទៀត តាមរយៈ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​សភា​។ លោក ប្រាក់ សុខុន បាន​អបអរសាទរ ប្រទេស​តួកគី ដែល​បាន​ផលិត​វ៉ាក់សាំង ការពារ​កូវីដ​ ១៩ ក្នុងប្រទេស (Turkovac) ប្រកបដោយ​ជោគជ័យ ខណៈ​រដ្ឋមន្ត្រី​ទាំង​ ២ ​បាន​សរសើរ​គ្នា​ទៅវិញ​ទៅមក ចំពោះ​ជោគជ័យ​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​មេរោគ​កូវីដ​ ១៩ និង​ការបើក​ប្រទេស​របស់​ខ្លួន​ឡើងវិញ​។

ភាគី​ទាំង​ ២ ​បាន​ប្តេជ្ញា​ថា នឹង​ទទួលស្គាល់​វិញ្ញាបនបត្រ​វ៉ាក់សាំង​គ្នា​ទៅវិញទៅមក​ ខណៈ​កម្ពុជា​បាន​អរគុណ​ដល់​តួកគី ដែល​បាន​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា​ក្នុង​វិស័យ​អប់រំ ការថែទាំ​សុខភាព ជំនួយ​សង្គ្រោះ​ទឹកជំនន់​និង​គម្រោង​លំនៅឋាន​ដែល​កំពុង​ដំណើរការ​ក្រោម កិច្ចសហប្រតិបត្តិការ​តួកគី និង​ទីភ្នាក់ងារ​សម្របសម្រួល (TIKA) នៅ​ស្រុក​ស្អាង ខេត្តកណ្តាល​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​លោក Mevlüt Çavuşoğlu បាន​សន្យា​ផ្តល់​អាហារូបករណ៍​បន្ថែមទៀត​ដល់​និស្សិត និង​មន្ត្រីរាជការ​កម្ពុជា​នៅ​ឆ្នាំនេះ​ ខណៈ​ភាគី​ទាំង​ ២ ​បានបង្ហាញ​ជំហរ​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅក្នុង​ស្ថាប័ន​អន្តរជាតិ​។ តួកគី​ទន្ទឹងរង់ចាំ​លើកកម្ពស់​បន្ថែមទៀត​នូវ​ទំនាក់ទំនង សន្ទនា​របស់ខ្លួន​ជាមួយ​អាស៊ាន​៕