
ពិធីចុះ MoU លើកកម្ពស់ការប្រឆាំងការជួញដូរមនុស្ស។ រូបថត NCCT
ភ្នំពេញៈ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអង្គការវីនរ៉ក់អន្តរជាតិ ចុះអនុស្សរណៈនៃការយោគយល់ បង្កើនកិច្ចសហប្រតិបត្តិការ លើកកម្ពស់ការប្រយុទ្ធប្រឆាំង និងវិធានការប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា។
អនុស្សរណៈនៃការយោគយល់នេះត្រូវបានចុះហត្ថលេខាដោយលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ. ជ. ប. ជ) និង លោក Mark Taylor ប្រធានគម្រោង CTIP និងជា តំណាងអង្គការវីនរ៉ក់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ ។
តាមរយៈខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់នេះសរសេរថា នឹងពង្រឹងកិច្ចសហការដើម្បីឆ្លើយតបចំពោះអនុសាសន៍សម្រាប់កម្ពុជា ដែលមានចែងនៅក្នុងរបាយការណ៍ស្តីពីអំពើជួញដូរមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក និងសំដៅលើកកម្ពស់ប្រសិទ្ធភាពវិធានការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្លែងថា គ.ជ.ប.ជ រីករាយក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយ គម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ដែលអនុវត្តដោយវីនរ៉ក់អន្តរជាតិក្នុងកិច្ចការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ មានកិច្ចការជាច្រើនដែលអាចធ្វើរួមគ្នាបន្ថែមពីលើអ្វីដែលកំពុងធ្វើកន្លងមក ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព។
លោកស្រីថ្លែងថា៖ «យើងនឹងពិនិត្យមើលផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងពិភាក្សាអំពីរបៀបដែលគម្រោងនេះអាចជួយសម្រេចបាននូវលទ្ធផលដែលបានគ្រោងទុក ស្របតាមគោលបំណង និងទិសដៅដែលបានកំណត់ចែងនៅក្នុងផែនការយុទ្ធសាស្ត្រជាតិ»។
ដោយទទួលបានការគាំទ្រផ្នែកថវិកាដោយទីភ្នាក់ងារជំនួយអាមេរិកប្រចាំនៅកម្ពុជាដែលហៅកាត់ថា USAID គម្រោង CTIP នឹងគាំទ្រដល់ពលករចំណាកស្រុក និងអ្នកដែលមានហានិភ័យតាមរយៈការលើកស្ទួយជីវភាពក្នុងការចិញ្ចឹមជីវិតប្រកបដោយភាពច្នៃប្រឌិត និងផ្តល់ឱកាសកសាងជំនាញ ដោយកាត់បន្ថយការលើកទឹកចិត្តក្នុងការស្វែងរកឱកាសចិញ្ចឹមជីវិតដែលមានហានិភ័យឆ្ងាយពីផ្ទះ។
លោក Mark Taylor ប្រធានគម្រោង CTIP និងជា តំណាងអង្គការវីនរ៉ក់ ថ្លែងថា គម្រោង CTIP កម្ពុជា មានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្ងៃនេះ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្រៃ្តយ៍នៃ គ.ជ.ប.ជ។
លោកស្រីថ្លែងថា៖ «គ.ជ.ប.ជ បានវិវត្តទៅជាស្ថាប័នសម្របសម្រួលប្រកបដោយប្រសិទ្ធភាពខ្ពស់លើកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើជួញដូរមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយស្ថាប័ននេះបម្រើជាគំរូសម្រាប់ស្ថាប័នដទៃទៀតនៅក្នុងតំបន់ និងលើពិភពលោក។ គម្រោង CTIP ប្រាកដថានឹងអាចសម្រេចជោគជ័យរួមគ្នាជាមួយ គ.ជ.ប.ជ និងសមាជិករបស់ស្ថាប័ននេះក្នុងកិច្ចការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងរយៈពេល ៥ ឆ្នាំបន្តទៀត»។
តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការវីនរ៉ក់ នៅថ្ងៃទី ១ ខែមីនា បានឱ្យដឹងថា នៅឆ្នាំ ២០២១ កូវីដ ១៩ បានធ្វើឱ្យស្ថានការណ៍ទាំងមូលនៅក្នុងព្រះរាជាណាចក្រកម្ពុជាកាន់តែមានសភាពធ្ងន់ធ្ងរ ដោយមានលំហូរនៃពលករចំណាកស្រុកត្រឡប់មកពីប្រទេសជិតខាង និងការកើនឡើងនៃភាពអត់ការងារធ្វើនៃប្រជាជនក្នុងស្រុកដោយសារតែការបិទរោងចក្រ និងគ្រឹះស្ថានអាជីវកម្មមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ។
សេចក្តីប្រកាសព័ត៌មាននេះបន្តថាក្នុងអំឡុងភាគច្រើននៃឆ្នាំ ២០២១ សកម្មភាពសង្គមត្រូវបានកម្រិត ខណៈមានការកើនឡើងខ្លាំងនៃសកម្មភាពតាមអ៊ីនធឺណិតដែលបានបង្កើតឱកាសកាន់តែច្រើនដល់ជនល្មើសក្នុងការប្រព្រឹត្តបទល្មើសកេងប្រវ័ញ្ចលើប្រព័ន្ធអ៊ីនធឺណិតតាមរូបភាពផ្សេងៗជាច្រើនប្រភេទ។
យោងតាម គ.ជ.ប.ជ ជនសង្ស័យចំនួន ៤០០ នាក់ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០២១ ដែលជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។ ប៉ូលិសបានបង្ក្រាបបទលើ្មពាក់ព័ន្ធអំពើជួញដូរមនុស្សបានចំនួន ២៣៥ ករណីនៅក្នុងឆ្នាំ ២០២១ ដែលជាការកើនឡើងយ៉ាងខ្លាំង (កើនឡើង ១៩១ ករណីបន្ថែមទៀត) បើប្រៀបធៀបនឹងបទល្មើសដែលត្រូវបានបង្ក្រាបក្នុងឆ្នាំ ២០២០ (៤៤ ករណីប៉ុណ្ណោះ)។
របាយការណ៍នេះបន្តថា ចាប់តាំងពីបានប្រកាសឱ្យដំណើរការកាលពីខែសីហា ឆ្នាំ ២០២១ គម្រោង CTIP បានចូលរួមក្នុងការគាំទ្រយ៉ាងជិតស្និទ្ធដល់ គ.ជ.ប.ជ ដើម្បីបង្កើនវិសាលភាពនៃការបណ្តុះបណ្តាលអំពីរបៀបកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងផ្តល់សេវាកម្មសមស្របទៅដល់មន្ត្រីជួរមុខនៅតាមស្រុកជាប់ព្រំដែនប្រទេសថៃក្នុងខេត្តបាត់ដំបង។
គម្រោង CTIP ក៏បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងផ្នែកបង្ការទប់ស្កាត់របស់ខ្លួនតាមរយៈការបណ្តុះបណ្តាលដល់ប្រជាជនក្នុងសហគមន៍ងាយរងគ្រោះដោយអំពើជួញដូរមនុស្ស ស្តីពីអំពើជួញដូរមនុស្ស និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពនៅថ្នាក់ខេត្ត ព្រមទាំងចូលរួមក្នុងថ្នាក់ជាតិរួមមានដូចជា កិច្ចការវាយតម្លៃពាក់កណ្តាលអាណត្តិនៃផែនការយុទ្ធសាស្ត្រជាតិ ៥ ឆ្នាំសម្រាប់ប្រឆាំងអំពើជួញដូរមនុស្សការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្សក្នុងចំណោមកិច្ចការសំខាន់ៗមួយចំនួនទៀតដែលគម្រោងនេះកំពុងសហការធ្វើជាមួយ គ.ជ.ប.ជ៕