ភ្នំពេញៈ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​សន្ដិភាព​ និង​អភិវឌ្ឍន៍​បាន​លើកឡើងថា មូលបទ​នៃ​ខួប​លើក​ទី ​១១១ ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំនេះ​បង្ហាញថា សមភាព​យេនឌ័រ ពិតជា​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​នោះឡើយ​។

លោកស្រី​ថ្លែង​ដូចនេះ​នា​ឱកាស​នៃ​ការអបអរសាទរ​ខួប​លើក​ទី ​១១១ ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​ ២០២២ ក្រោម​មូលបទ «​សមភាព​យេនឌ័រ​ថ្ងៃនេះ ដើម្បី​ចីរភាព​នាពេល​អនាគត​» នា​ថ្ងៃទី​ ១ ខែមីនា ដែល​បាន​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​វិទ្យាស្ថាន​ជាតិ​អប់រំ​។

លោកស្រី ម៉ែន សំអន បាន​មានប្រសាសន៍​ថា​៖ «​ប្រធានបទ​ឆ្នាំនេះ ពិតជា​ប្រធានបទ​មួយ​ដែលមាន​ខ្លឹមសារ​យ៉ាងជ្រាលជ្រៅ​ដែល​បាន​បង្ហាញថា សមភាព​យេនឌ័រ​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ហើយ​ជា​គ្រឹះ​ដ៏សំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។

លោក ស្រី ក៏បាន​បន្តថា វា​ក៏​ជាការ​រួមចំណែក​យ៉ាងពិត​ប្រាកដ​ចំពោះ​ការលើកកម្ពស់​ការចូលរួម​របស់​ស្ត្រី​ដើម្បី​លើកតម្កើង​សមភាព​យេនឌ័រ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ផ្សារភ្ជាប់​ទៅនឹង​ចលនា​យ៉ាងសកម្ម​របស់​នារី​ទូទាំង​ពិភពលោក​ផងដែរ​។

ចំពោះ​នារី​ទាំងអស់​នៅលើ​ពិភពលោក ថ្ងៃ​ ៨ មីនា គឺជា​ព្រឹត្តិការណ៍​មួយ​រំឭក​ពី​ប្រវត្តិ​នៃ​ការតស៊ូ​របស់​ស្ត្រី​យ៉ាងហោចណាស់​រយៈពេល​ ៩ ​ទសវត្សរ៍​មកហើយ ដើម្បី​ស្វែងរក​សមភាព យុត្តិធម៌ សន្តិភាព និង​ការអភិវឌ្ឍ​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែង​នាឱកាស​នោះដែរ​ថា ក្រសួង​អប់រំ​បាន​និង​កំពុង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​អប់រំ សំដៅ​កាត់បន្ថយ​គម្លាត​យេនឌ័រ​ក្នុង​ការទទួល​បានការ​អប់រំ​ និង​ទទួលបាន​ការបង្កើន​ការចូលរួម​បុគ្គលិក​អប់​រំជា​នារី​នៅក្នុង​ការផ្តល់សេវា​អប់រំ ព្រមទាំង​បណ្តុះបណ្តាល​ឥរិយាបថ​វិជ្ជមាន​របស់​សង្គម​ក្នុង​វិស័យ​អប់រំ​។

លោក រដ្ឋមន្ត្រី មានប្រសាសន៍​ថា​៖ «​ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​នៅតែ​បន្ដ​អនុវត្ត​យុទ្ធសាស្ដ្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​អប់រំ ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ លើកទឹកចិត្ត​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​របស់​សិស្ស និស្សិត​ស្រី និង​ផ្សារភ្ជាប់​ទៅនឹង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ គោល​នយោបាយ​អភិវឌ្ឍ​ជាតិ និង​ផែនការ​យុទ្ធសាស្ដ្រ​នារីរតនៈ​ទី​ ៤»​។

ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក​រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បាន​បញ្ជាក់ដែរថា ក្នុង​ឆ្នាំ​សិក្សា​ ២០២០-២០២១​ កន្លងទៅនេះ គម្លាត​យេនឌ័រ​ក្នុង​កម្រិត​អប់រំ​ចំណេះ​ទូទៅ ត្រូវបាន​កាត់បន្ថយ​គួរឱ្យ​កត់សម្គាល់​ផងដែរ​។ ដោយឡែក​នៅក្នុង​កម្រិត​ឧត្តមសិក្សា​ក៏​ត្រូវបាន​កាត់បន្ថយ​ជា​បណ្តើរៗ​​ផងដែរ​។

លោក ហង់ជួន ណារ៉ុន បាន​ថ្លែងថា​៖ «​ស្ត្រី​ និង​កុមារី មានលទ្ធភាព​កាន់តែច្រើន ក្នុងការ​ទទួលបាន​នូវ​ការសិក្សា​ទាំង​ក្នុង​ប្រព័ន្ធ​ និង​ក្រៅ​ប្រព័ន្ធ ហើយ​ជាការ​កត់សម្គាល់​លទ្ធភាព​នៃ​ការ​សេវា​អប់រំ​នៅក្នុង​កម្រិត​អប់រំ​កុមារ​តូច និង​បឋមសិក្សា​មាន​ភាព​ប្រហាក់ប្រហែលគ្នា ហើយ​សិស្សស្រី​នៅ​មធ្យម​សិក្សា​មាន​ស្ថានភាព​ប្រសើរ​ជាង​សិស្ស​ប្រុស​បន្តិចបន្តួច​»​។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ការជ្រើសរើស​យក​មូលបទ «​សមភាព​យេនឌ័រ​ថ្ងៃនេះ ដើម្បី​ចីរភាព​នាពេល​អនាគត​» ​ក្នុង​គោលបំណង​រំលេច​ឱ្យឃើញថា ស្ត្រី និង​បុរស​ជា​ដៃគូ​ស្មើភាព ហើយ​មូលបទ​នេះ​បានបញ្ជាក់​អំពី​តម្លៃ​នៃ​ការទទួលបាន​នូវ​សមភាព​រវាង​ស្ត្រី និង​បុរស​សម្រាប់​ការអភិវឌ្ឍ​គ្រប់​វិស័យ និង​ជំរុញ​ឱ្យ​អ្នកពាក់ព័ន្ធ​បន្ត​អនុវត្ត​វិធានការ​ផ្នែក​គោលនយោបាយ កម្មវិធី​យុទ្ធនាការ និង​សកម្មភាព​ជាក់លាក់​នានា ក្នុង​ការ​លើកកម្ពស់​សមភាព​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ដ្រី ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕