មណ្ឌលគិរីៈ ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី​កាលពី​ថ្ងៃទី​ ១ មីនា បាន​​បញ្ជូន​បុរស​ជនសង្ស័យ​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត បន្ទាប់ពី​ចាប់ខ្លួន​ពី​យប់​ថ្ងៃទី​ ២៨ កុម្ភៈ ក្នុង​ខេត្តក្រចេះ ប៉ុន្មាន​ម៉ោង​ក្រោយ​ពេលធ្វើ​សកម្មភាព​អា​រក​សម្លាប់​ប្លន់​យកលុយ និង​គ្រឿង​អលង្ការ​ពី​ស្ត្រី​ម្នាក់ រស់នៅ​ភូមិ​អន្ទ្រង​សាមគ្គី​មានជ័យ ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី​។

លោក​ ហែម បូណារ៉ែល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១ មីនា ថា ជនសង្ស័យ​ឈ្មោះ ថន សិទ្ធធាន អាយុ​ ២២ ​ឆ្នាំ ត្រូវ​មន្ត្រី​ជំនាញ​កងរាជ​អាវុធហត្ថ​របស់លោក​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃទី​ ១​ មីនាឆ្នាំ ​២០២២ ។ ជនសង្ស័យ​ម្នាក់នេះ​បាន​រត់គេចខ្លួន​ពី​កន្លែង​កើតហេតុ ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​លោក​សហការ​ជាមួយ​កង​អាវុធហត្ថ​ខេត្តក្រចេះ​តាម​ចាប់ខ្លួនបាន​។

លោក​ថ្លែងថា​៖ «​នៅ​ព្រឹក​ថ្ងៃនេះ​ (​ថ្ងៃទី​ ១​ មីនា​)​ មន្ត្រី​ជំនាញ​របស់ខ្ញុំ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​។ យើង​អាច​បញ្ជូន​គាត់​ទៅ​តុលាការ​នៅ​ល្ងាច​ថ្ងៃនេះ​»​។

បើតាម​កំណត់ហេតុ​របស់​កងរាជ​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​បាន​ឱ្យដឹងថា កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ថន សិទ្ធធាន អាយុ​ ២២ ​ឆ្នាំ​ជនជាតិ​ខ្មែរ​រស់នៅ​ភូមិ​ថ្មគ្រែ ឃុំ​ថ្មគ្រែ ស្រុក​ចិត្របុរី ខេត្តក្រចេះ ចាប់ខ្លួនបាន​កាលពី​យប់​ថ្ងៃទី​ ២៨ កុម្ភៈ ឆ្នាំនេះ​។

ចំណែក​ស្រី្ត​ជនរងគ្រោះ​ឈ្មោះ វេង ភា អាយុ​ ៥១ ​ឆ្នាំ រស់នៅ​ភូមិ​អន្ទ្រងសាមគ្គី​មានជ័យ ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា មណ្ឌលគិរី​។

កំណត់ហេតុ​បង្ហាញ​ទៀតថា ជនសង្ស័យ​បាន​សារភាពថា រូបគេ​បានសម្លាប់​ស្ត្រី​រងគ្រោះ​ដោយ​យក​អង្រែបុក​គ្រឿង​វាយ​ក្បាល​ពីក្រោយ​ចំនួន ​៥ ​អង្រែ បន្ទាប់មក​គេ​បាន​យក​ជើង​ជាន់​ខ្នង​ស្ត្រី​រងគ្រោះ ហើយ​ចាប់​ក្បាល​ភ្ងើយ​ក​ឡើង រួច​យក​កាំបិត​អារក​រហូត​ហូរឈាម​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង​។ ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​​ដកហូត​បាន​ពី​ជនសង្ស័យ​មាន​ម៉ូតូ​មាក​វ៉េវអាល់ហ្វា​ពណ៌​ខ្មៅ​ចំនួន​ ១ ​គ្រឿង ខ្សែ​កមាស​ ២ ​ខ្សែ ខ្សែ​កជើង​ ២ ​ខ្សែ កងជើង​ ២ ​វង់ ចិញ្ចៀន​ ២ ​វង់ កាបូបដៃ​ចំនួន​ ១ លុយ​ខ្មែរ​ចំនួន ៦៩៥ ០០០ ​រៀល លុយ​វៀតណាម​ចំនួន​ ៥ ​ពាន់​ដុង និង​លុយ​ថៃ​ចំនួន​ ១០០ ​បាត​។

ទោះយ៉ាងណា បើតាម​លោកនាយ​​រង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពេជ្រាដា​ឱ្យដឹង​តាម​សម្តី​សាក្សី​នៅ​ថ្ងៃទី​ ១ ​មីនា ថា ជនសង្ស័យ​នេះ​បាន​ស្រឡាញ់​នារី​ម្នាក់ ហើយ​បាន​ប្រាប់​ឪពុកម្តាយ​ឱ្យចូល​ស្តីដណ្តឹង​នាង​។ ប៉ុន្តែ​ត្រូវបាន​ម្តាយ​ឪពុក​ជននេះ​ប្រាប់ថា គ្មាន​លុយ​រៀបការ​ទេ និង​ឱ្យ​ចាំ​ឆ្នាំក្រោយ​ទៅ​។

លោក​បន្តថា លុះដល់​ម៉ោង​ប្រហែល​ ៨ ​យប់​ថ្ងៃទី​ ២៨ កុម្ភៈ ខណៈ​ប្តី​ស្ត្រី​​រងគ្រោះ​ចេញទៅ​ជួប​ម៉ូយ​ទិញ​គោ ស្រាប់តែ​ជនសង្ស័យ​លបចូល​ក្នុង​ផ្ទះ​ហើយ​យក​អង្រែបុកគ្រឿង​វាយ​ក្បាល ​និង​អារក​សម្លាប់​តែម្តង​។

បន្ទាប់ពី​ជនសង្ស័យ​សម្លាប់​ស្ត្រី​រងគ្រោះ​រួច​ក៏​បើក​ម៉ូតូ​ ១ ​គ្រឿង​រត់គេចខ្លួន​ទាំង​ឈាម​ប្រឡាក់​ពេញ​ខ្លួន​សំដៅទៅ​ស្រុកកំណើត​នៅ​ភូមិ​ថ្ម​គ្រែ ឃុំ​ថ្មគ្រែ ស្រុក​ចិត្របុរី ខេត្តក្រចេះ​។

លោក​បន្តទៀតថា នៅ​យប់​ថ្ងៃ​ដដែល​នោះ​ប្តី​របស់​ស្ត្រី​រងគ្រោះ​បាន​ទូរស័ព្ទ​មក​ប្រពន្ធ តែ​គ្មាន​អ្នកទទួល​ជាហេតុ​​ធ្វើឱ្យ​គាត់​សង្ស័យ ហើយក៏​មកដល់​ផ្ទះ​ឃើញ​ប្រពន្ធ​របស់ខ្លួន​ដេកស្លាប់​ទើប​​បាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ពូជ្រៃ​។ ភ្លាមៗ​នោះ​នគរបាល​ប៉ុស្តិ៍​បានដឹង​តម្រុយ​ថា ជនសង្ស័យ​អាច​គេចខ្លួន​ទៅ​ខេត្តក្រចេះ ក៏​រាយការណ៍​បន្តទៅ​កាន់​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពេជ្រាដា ហើយ​នគរបាល​ប៉ុស្តិ៍​ក៏បាន​រាយការណ៍​បន្តទៅ​នគរបាល​ខេត្តក្រចេះ​ ដើម្បី​សហការ​ចាប់ខ្លួន​ជនសង្ស័យ​។

លោក​ប្រាប់ថា​៖ «​នៅ​យប់នោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដល់​ភូមិ​មួយ​ក្នុង​ទឹកដី​ខេត្តក្រចេះ ហើយ​ចូល​សុំ​បាយ​អ្នកភូមិ​ហូប​។ ​ពេលនោះ​អ្នកភូមិ​ឃើញ​សកម្មភាព​ជនសង្ស័យ​ប្លែក​ក៏​រាយការណ៍​ប្រាប់​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​​នៅ​ជិត​នោះ​ឱ្យ​ចាប់ខ្លួន​តែម្តង​»៕