ឧត្តរមានជ័យៈ វត្ថុ​បុរាណ​ដែលមាន​អាយុកាល​ជាច្រើន​ពាន់​ឆ្នាំ​ចំនួន​ ៦៨ ​ផ្ទាំង នៅក្នុង​វត្ត​ជ័យឧត្តម​ចុងកាល់ ត្រូវបាន​មន្ត្រី​ជំនាញ​ការិយាល័យ​បេតិកភណ្ឌ និង​ការិយាល័យ​សារមន្ទីរ​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ត​ឧត្តរមានជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ការពារ​បេតិកភណ្ឌ​ចុះ​ពិនិត្យ និង​បង់​លេខ​សម្គាល់​ចូលទៅក្នុង​បញ្ជី​វត្ថុ​បុរាណ​ ដើម្បី​រក្សា​ទុកជា​សម្បត្តិ​ជាតិ​។ ​នេះ​បើតាម​ការប្រាប់​ឱ្យដឹងពី​មន្ត្រី​ជំនាញ​ដែល​ចូលរួម​នៅ​កិច្ចការ​នេះ​។

លោក យាន យ៉ា មន្ត្រី​ជំនាញ​ការិយាល័យ​បេតិកភណ្ឌ​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ត​ឧត្តរមានជ័យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វត្ថុ​បុរាណ​ទាំងនោះ​ភាគច្រើន​ជា​កុលាលភាជន៍ ដែល​ធ្វើ​ពី​ដី​ដុត មាន​ទម្រង់​ជា​ក្អម ខួច ថូ ផ្តិល​ទឹក និង​ជា​ទម្រង់ ក្រឡ​សម្រាប់​អុជ​ធូប​។ ក្រៅពី​កុលាលភាជន៍ គឺជា​បំណែក​នៃ​រូបចម្លាក់​ប្រាសាទបុរាណ ដូចជា​ក្បាល​នាគ ផ្ដែរ និង ហោង​ជាង ដែល​ធ្វើ​ពី​ថ្មភក់​។

លោក​ថា​៖ «​ផ្អែក​តាម​ទិន្នន័យ​នៃ​ការពិនិត្យ​តាម​ឧបករណ៍​ DNA ​បង្ហាញថា កុលាលភាជន៍​ទាំងនោះ ភាគច្រើន​ត្រូវបាន​គេ​បង្កើតឡើង​តាំងពី​សម័យ​បុរេប្រវត្តិសាស្ត្រ​មក​ម្ល៉េះ​បំណែក​រូបចម្លាក់​នៃ​ប្រាសាទបុរាណ​វិញ​ភាគច្រើន​ស្ថិតក្នុង​សម័យអង្គរ​»​។ «​បច្ចុប្បន្ន កូលាលភាជន៍ និង បំណែក​រូបចម្លាក់​នៃ​ប្រាសាទបុរាណ​ត្រូវបាន​ក្រុមការងារ​យើង​បង់​លេខ​សម្គាល់​ចូលទៅក្នុង​បញ្ជី​វត្ថុបុរាណ ដើម្បី​រក្សា​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​រួចរាល់​ហើយ​។ ប៉ុន្តែ​វត្ថុ​បុរាណ​ទាំងនោះ ត្រូវបាន​រក្សា​តម្កល់ទុក​នៅក្នុង​វត្ត​ជ័យឧត្តម​ចុងកាល់​ដដែល​ទេ​»​។

វត្ត​ជ័យឧត្តម​ចុងកាល់ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​គោក​វត្ត ឃុំ​-​ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ​។ ព្រះចៅអធិការ​វត្តជ័យ​ឧត្តម​ចុងកាល់​ព្រះនាម លុច ប៊ុនលាំង មាន​សង្ឃដីកា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កុលាលភាជន៍ និង​បំណែក​រូបចម្លាក់​នៃ​ប្រាសាទបុរាណ​ទាំងនោះ​មាន​មួយផ្នែក​បានមកពី​ពុទ្ធបរិស័ទ ជិត​ឆ្ងាយ​ប្រគល់ជូន​មក​គណៈកម្មការ​វត្ត និង​មួយផ្នែក​ទៀត​ជា​របស់​គរុវត្ត ដែល​បន្សល់ទុក​មក​។

ព្រះអង្គ​មាន​សង្ឃដីកា​ថា​៖ «​អាត្មា​ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន និង ប្រជា​ពុទ្ធបរិស័ទ ទូទាំង​ស្រុក​ចុងកាល់ មុនដំបូង​មិន​គិតថា កុលាលភាជន៍ និង​បំណែក​នៃ​រូបចម្លាក់​ទាំងនោះ ជា​វត្ថុ​បុរាណ​ដែលមាន​អាយុកាល​រាប់ពាន់​ឆ្នាំ​បែបនេះ​ទេ ប៉ុន្តែ​ក្រោយ​មន្ត្រី​ជំនាញ​ចុះមក​ពិនិត្យ និង​ប្រាប់ថា​ជា​វត្ថុ​បុរាណ​ក្នុង​សម័យ​បុរេប្រវត្តិ និង ក្នុងសម័យ​អង្គរ ពួកយើង​មាន​ក្ដីរីករាយ​ខ្លាំងណាស់ ដោយ​គិតថា ពួកយើង​បានរួម​ចំណែក​នៅក្នុង​ការការពារ សម្បត្តិ​វប្បធម៌​ជាតិ​»​។

បើតាម​ព្រះចៅ​អធិការ នៅពេលនេះ កូលាលភាជន៍ និង​បំណែក​រូបចម្លាក់​ប្រាសាទ​បុរាណ​ទាំងនោះ​ត្រូវបាន​ក្រុម​គណៈកម្មការ​វត្ត​រៀបចំ​ទុកដាក់​នៅក្នុង​ទូកញ្ចក់​មួយ​ចំនួន ដើម្បី​តាំង​បង្ហាញ​ឱ្យ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​បាន​ទស្សនា​ និង​សិក្សា​ស្វែងយល់​បន្ថែម​ពី​ទម្រង់​នៃ​សិល្បៈ​ស្មូន​កុលាលភាជន៍ និង​ក្បាច់ចម្លាក់​លើ​ថ្មភក់​ដ៏ល្អ​ប្រណីត​របស់​បុព្វបុរស​ខ្មែរ​សម័យបុរាណ​៕