បន្ទាយមានជ័យៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី ​១ ខែមីនា បាន​សម្ពោធ ជា​ផ្លូវការ​អគារ​ថ្មី​មួយកន្លែង​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កម្ពុជា- ថៃ ក្នុង​ខេត្តបន្ទាយមានជ័យ ដើម្បី​ត្រួតពិនិត្យ​ និង​បម្រើសេវា​បំពេញបែបបទ​ចេញ​-​ចូល​ប្រទេស​ដល់​អ្នកដំណើរ​ជាតិ និង​អន្តរជាតិ​។

លោក ស ខេង បាន​ថ្លែងថា ច្រកទ្វារ​អន្តរជាតិ​នេះ​ប្រៀបបាន​នឹង​កន្លែង​ផ្ដល់​សេវាសាធារណៈ​មួយ​ជូន​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ដែល​ត្រូវធ្វើ​ដំណើរ កទំនិញ ចេញចូល តាម​គ្រប់​មធ្យោបាយ និង​ចម្រុះ​ជាតិសាសន៍ ដូច្នេះ​មន្ត្រី​ពាក់ព័ន្ធ​មាន​តួនាទី​បង្កលក្ខណៈ​ងាយស្រួល​គ្រប់បែបយ៉ាង រួមទាំង​ការត្រួត​ពិនិត្យ​ដើម្បី​រកឱ្យឃើញ​បទល្មើស​នៃ​ការចេញចូល​នោះដែរ​។

លោក​រដ្ឋមន្ត្រី ថ្លែងបន្តថា ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នេះ ជា​ច្រកទ្វារ​ឆ្លងកាត់​ព្រំដែន​មាន​អាយុកាល​ចំណាស់​មួយ​នៅ​កម្ពុជា ហើយក៏​ជា​ច្រកទ្វារ​សំខាន់​នៃ​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​ឆ្ពោះទៅ​រាជធានី​-​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ ​៥ និង​ខេត្តសៀមរាប​តាមផ្លូវ​ជាតិ​លេខ​ ៦ ​ផងដែរ​។

បន្ថែម​ពីនេះ​លោក រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​ថៃ ពិសេស​រដ្ឋបាលខេត្ត​ស្រះកែវ ដែលជា​និច្ចកាល​បានផ្ដល់​កិច្ចសហការ​យ៉ាង​ល្អ​ជាមួយ​កម្ពុជា រួមចំណែក​អភិវឌ្ឍ​តំបន់​ប៉ោយប៉ែត និយាយ​ដោយឡែក និង​និយាយ​ជារួម​ជាមួយ​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​ថ្លែងបន្តថា​៖ «​ខ្ញុំ​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់​របស់​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​ដែល​បាន​យកចិត្តទុកដាក់​យ៉ាងសកម្ម​ជាមួយ​ក្រសួងមហាផ្ទៃ ថ្នាក់​ដឹកនាំ​ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ​ផ្សេងទៀត ព្រមទាំង​ក្រុម​វិស្វករ​ជំនាញ សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ជម្នះ​ការលំបាក​ផ្សេងៗ​រហូត​ធ្វើឱ្យ​សម្រេចបាន​សមិទ្ធផល​ដែល​បាន​ប្រារព្ធ​ពិធី​សម្ពោធ​នា​ថ្ងៃនេះ​»​។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន ដែល​បាន​ចូលរួម​កម្មវិធី​នោះ​បាន​ថ្លែងថា អគារ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ថ្មី​ជា​សមិទ្ធផល​ថ្មី​សន្លាង​មួយទៀត​របស់​រាជរដ្ឋាភិបាល សម័យ​តេជោ ដែល​បានបង្ហាញ និង​បញ្ជាក់​ច្បាស់​ពីមុខ​មាត់ និង​មោទនភាព​ជាតិ​កម្ពុជា​។

លោក ថោង ខុន បាន​ថ្លែងថា​៖ «​អគារ​ថ្មី​នេះ​មិន​ត្រឹមតែ​បម្រើ​ផលប្រយោជន៍​ដល់​សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​ប៉ុណ្ណោះ​ទេ ថែមទាំង​ចូលរួម​គាំទ្រ​ដល់​ការបំពេញ​ការងារ​​របស់​ក្រុមមន្ត្រី​សមត្ថកិច្ច​ប្រកប​ដោយ​វិជ្ជាជីវៈ ជាមួយ​ឥរិយាបថ​ល្អ រួសរាយ​រាក់ទាក់ ទន់ភ្លន់ និង​ម៉ឺងម៉ាត់​ផ្នែក​ជំនាញ ដើម្បី​ប្រែក្លាយ​អគារ​នេះ​ជា​កន្លែង​ដើមទី​ដំបូង​គេ​មួយ​ក្នុង​ការផ្តល់​បដិសណ្ឋារកិច្ច និង​ផ្តល់​ភាពកក់ក្តៅ​ដល់​ភ្ញៀវទេសចរ​»​។

លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត គឺជា​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដ៏សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា សម្រាប់​សេដ្ឋកិច្ច និង​ទេសចរណ៍ និង​ជា​ច្រក​ផ្លូវគោក​ចម្បង​ដែល​មុន​កូវីដ ​១៩ គឺ​បានទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ប្រមាណ​ជា ២៨% នៃ​ភ្ញៀវទេសចរ​តាមផ្លូវ​គោក​សរុប និង​ប្រមាណ ៨,៧% នៃ​ទេសចរ​អន្តរជាតិ​សរុបមក​កម្ពុជា​។

យោងតាម​របាយការណ៍​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារ និង​ហិរញ្ញវត្ថុ លោក សេង យូរអ៊ាន់ បានឱ្យដឹងថា អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កម្ពុជា​-​ថៃ បាន​ប្រារព្ធ​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​ ៣០ ខែតុលា ឆ្នាំ​ ២០១៧ និង​បានបញ្ចប់​ការសាងសង់​កាលពី​ថ្ងៃទី​ ២ ខែសីហា ឆ្នាំ​ ២០២១ ដោយ​ចំណាយ​ថវិកា​របស់​រាជរដ្ឋាភិបាល​ចំនួន​ ១៧ ​ប៊ីលាន​ និង​ ១៣ ​លាន​រៀល​។

លោក យូរអ៊ាន់ ថ្លែងបន្តថា ទន្ទឹមគ្នានេះ​ក៏បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រៅ​អគារ រួមមាន​ជួសជុល​កែលម្អ​អគារ​បំពេញបែបបទ​ចាស់​សម្រាប់​មន្ត្រី​ស្នាក់នៅ សាងសង់​អគារ​សម្រាប់​អ្នកដំណើរ​រង់ចាំ​ចេញ​ និង​មកដល់​ចំនួន ​២ ​ខ្នង ស្ថាបនា​ផ្លូវ​បេតុង​អ៊ុត​កៅស៊ូ រៀបចំ​សួនច្បារ ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ សាងសង់​របង​ព័ទ្ធជុំវិញ ដំឡើង​ត្រង់​ស្វ័រ​ និង​តបណ្ដាញ​ទឹក​ចូល​បរិវេណ​អគារ​។

លោក​គូសបញ្ជាក់ថា សមិទ្ធផល​នេះ​នឹង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ បង្ការ ទប់ស្កាត់​បទល្មើស​ឆ្លងដែន ឆ្លើយតប​តាម​សំណូមពរ និង​ស្ថានភាព​ជាក់ស្ដែង​របស់​មន្ត្រី​ជំនាញ​។

អគារ​ទាំងនេះ​រួមមាន អគារ​បំពេញបែបបទ​ចេញ-​ចូល មាន​ទំហំ​ ៣៥,៨០ ​ម៉ែត្រ គុណ​ ៥៦,៣៩ ​ម៉ែត្រ កម្ពស់​ ៣ ​ជាន់ បំពាក់​ដោយ​ឧបករណ៍ បរិក្ខារ​អគ្គិសនី ម៉ាស៊ីនត្រជាក់ កង្ហារ​បឺតខ្យល់ បណ្ដាញ​ការពារ​អគ្គិភ័យ កាមេរ៉ា​សុវត្ថិភាព ប្រព័ន្ធ​ទូរស័ព្ទ ប្រព័ន្ធ​អ៊ីនធឺណិត ប្រព័ន្ធ​សំឡេង ប្រព័ន្ធ​ការពារ​រន្ទះ ជណ្ដើរយន្ត​ចំនួន​ ៤ និង​ចែកជា​ ២ ​ផ្នែក ផ្នែក​ខាងស្ដាំ​ប្រើប្រាស់​សម្រាប់​អ្នកដំណើរ​ចេញ និង​ផ្នែក​ខាងឆ្វេង​សម្រាប់​អ្នកដំណើរ​មកដល់​៕