បន្ទាយមានជ័យៈ ឪពុកចុង​ម្នាក់​ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចោទប្រកាន់​នៅ​ថ្ងៃទី​ ១ ​មីនា ពាក់ព័ន្ធ​ចាប់រំលោភ​សេពសន្ថវៈ​កូនស្រី​ចុង​តាំងពី​នាង​មាន​អាយុ​ ៩​ ឆ្នាំ ក្នុង​ឆ្នាំ​២០១៩ និង​បាន​ចាប់រំលោភ​សេពសន្ថវៈ​បានសម្រេច​ជា​បន្តបន្ទាប់​ទៀត ក្នុង​ឆ្នាំ​ ២០២២ ប្រព្រឹត្ត​នៅ​ប្រទេស​ថៃ​។

លោក សំរិទ្ធ សុខុន អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ប្រាប់​នៅ​ថ្ងៃទី​ ១​ មីនា ថា បុរស​ឈ្មោះ ស៊ុន ពេជ្រ អាយុ ៣៩ ​ឆ្នាំ ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​។ បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​គឺ​ជនសង្ស័យ​ត្រូវបាន​តំណាង​អយ្យការ​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​បន្តទៀត​។

លោក​ថ្លែងថា​៖ «​បុរស​រូបនេះ ត្រូវបាន​ចោទ​ពីបទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស ហើយ​ការចោទប្រកាន់​នេះ​តាម​មាត្រា​ ២៤០ នៃ​ក្រមព្រហ្មទណ្ឌ​។ ឥឡូវ​តំណាង​អយ្យការ​បាន​រុញ​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ថា ឃុំខ្លួន​ ឬ​មិន​ឃុំខ្លួន​»​។

លោក នង សំរ៉ាំង នាយប៉ុស្តិ៍​នគរបាល​ឃុំ​អូបីជាន់​ឱ្យដឹង​នៅ​ថ្ងៃទី​ ១​ មីនា​តាម​សម្តី​ម្តាយ​ក្មេងស្រី​រងគ្រោះ​ថា ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​លែងលះ​ជាមួយ​ប្តី​មុន ហើយ​គាត់​មានកូន​ស្រី​ ២ ​នាក់​ជាមួយ​គ្នា​។ ក្រោយមក​ស្ត្រី​ម្តាយ​ក្មេង​រងគ្រោះ​បាន​យក​បុរស​រូបនេះ​ជា​ប្តី ហើយ​បាននាំគ្នា​ទៅ​ស៊ីឈ្នួល​កាប់​អំពៅ​ក្នុង​ខេត្ត​មួយ​នៅ​ប្រទេស​ថៃ​ដែលមាន​ព្រំប្រទល់​ជាប់​ខេត្តបន្ទាយមានជ័យ​។

លោក​និយាយ​តាម​សម្តី​ម្តាយ​ក្មេងស្រី​រងគ្រោះ​ថា ក្នុងការ​រស់នៅ​ប្រកបរបរ​ស៊ីឈ្នួល​គេ​នោះ បុរស​ជា​ឪពុកចុង​បាន​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​បាន​ម្តង​ក្នុង​ឆ្នាំ​ ២០១៩​។ បន្ទាប់មក​នៅ​ខែកុម្ភៈ ឆ្នាំ ​២០២២​ នេះ​ជនសង្ស័យ​បាន​ចាប់​ក្មេងរងគ្រោះ​រំលោភ​បានសម្រេច​ ២​ ដង​ទៀត តែ​ខណៈ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​លើកចុងក្រោយ ប្រហែល​ម៉ោង​ ១​ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​ ២៦ ​កុម្ភៈ​ក៏ត្រូវ​បាន​ម្តាយ​របស់​ក្មេងរងគ្រោះ​ទាន់ ហើយ​ព្រឹក​ឡើង​ក៏​ឆ្លងដែន​មកប្តឹង​នគរបាល​ប៉ុស្តិ៍​ឃុំ​អូរបីជាន់ ក្នុងស្រុក​អូរជ្រៅ ដើម្បី​សុំឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ​។

លោក សំរ៉ាំង បន្ថែមថា ក្រោយពី​នគរបាល​ទទួលបាន​ពាក្យបណ្តឹង​ពី​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​មក​គឺ​នៅ​ថ្ងៃទី​ ២៧​ កុម្ភៈ លោក​រួមជាមួយ​កម្លាំង​នគរបាល​ក្រោម​ឱវាទ​បាន​រក​មធ្យោបាយ​ទាក់ទង​ជនសង្ស័យ​តាម​ទូរស័ព្ទ​ដោយ​បញ្ឆោត​ឱ្យ​ជនសង្ស័យ​ឆ្លងដែន​មក​ទទួលយក​កូន​ (​ក្មេងរងគ្រោះ​) ​ចូលទៅ​ប្រទេស​ថៃ​វិញ​។ នៅ​ថ្ងៃ​ដដែល​នេះ​ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​ ១ ​គ្រឿង​តែម្នាក់ឯង​កាត់​ព្រៃ​ឆ្លងដែន​មកពី​ប្រទេស​ថៃ​។ គ្រាន់តែ​ជនសង្ស័យ​ធ្វើដំណើរ​មកដល់​គោលដៅ​ណាត់គ្នា​ក៏ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។

បើតាម​លោក សំរ៉ាំង ជនសង្ស័យ​បាន​សារភាពថា រូបគេ​ពិតជា​បាន​ចាប់​កូនចុង​រំលោភ​ពិតប្រាកដ​មែន​។ រីឯ​ក្មេងស្រី​រងគ្រោះ​ក៏​និយាយប្រាប់​សមត្ថកិច្ច​ដែរ​ថា ឪពុកចុង​របស់​នាង​បាន​ចាប់​នាង​រំលោភ​បាន​ម្តង​កាលពី​នាង​មាន​អាយុ​ ៩ ​ឆ្នាំ ហើយ​ក្នុង​ខែកុម្ភៈ​ឆ្នាំ​ ២០២២ ឪពុក​នាង​ចាប់រំលោភ​បាន ​២ ​ដង​ទៀត​។ ដោយយោង​ចម្លើយ​របស់​ជនល្មើស និង​ក្មេងស្រី​រងគ្រោះ​មាន​លក្ខណៈ​ស៊ីចង្វាក់​គ្នា ទើប​លោក​ចាប់ខ្លួន​ជនល្មើស​តែម្តង​៕