ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ លោក វេង សាខុន បាន​ណែនាំ​ និង​ជំរុញ​ឱ្យ​មន្ត្រី​ក្រោមឱវាទ ពង្រឹង​ការត្រួតពិនិត្យ​ការនាំ​ចូល​នូវ​សារធាតុ​គីមីសំយោគ​ក្នុង​វិស័យ​កសិកម្ម ដើម្បី​ចូលរួម​ទប់ស្កាត់​ និង​ប្រយុទ្ធប្រឆាំង​ការផលិត ចរាចរ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា​។

ការជំរុញ​នេះ​បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ស្តីពី «​ការចូលរួម​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួងកសិកម្ម​» ដែល​បាន​ប្រារព្ធ​ឡើង​នា​ថ្ងៃទី​ ២៨ ​ខែកុម្ភៈ ឆ្នាំ​ ២០២២​។ ក្នុង​កិច្ចប្រជុំ​នោះ លោក វេង សាខុន បាន​ណែនាំ​ដល់​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​បង្កើន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ដោយ​ត្រូវធ្វើ​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ តាម​គ្រប់​រូបភាព​អំពី​ហានីភ័យ​នៃ​ការផលិត​ការចរាចរ ការជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន ដល់​មន្ត្រី​សហគមន៍​កសិកម្ម​សហគមន៍​ព្រៃឈើ សហគមន៍​វារីវប្បកម្ម និស្សិត ក្រុមហ៊ុន​ដែល​បាននិង​កំពុង​ធ្វើ​អាជីវកម្ម​ទាក់ទង​នឹង​វិស័យ​កសិកម្ម ជាពិសេស​វត្ថុ​ធាតុដើម​ផ្សំ ផលិត​ជី និង​ថ្នាំ​កសិកម្ម វត្ថុធាតុដើម​ផ្សំ និង​ផលិត​បសុ​ឱសថ​ថ្នាំ​ការពារ​ជំងឺ​សត្វ​ និង​សារធាតុ​ផ្សំ​ ឬ​បន្ថែម​ក្នុង​ចំណី​សត្វ​។

លោក​ជំរុញ​យ៉ាង​ដូច្នេះ​ថា​៖ «​អគ្គលេខាធិការ​ក្រសួង​ច្រកចេញចូល​តែមួយ លេខាធិការដ្ឋាន សម្បទាន​ដី​សេដ្ឋកិច្ច រដ្ឋបាល​ព្រៃឈើ​រដ្ឋបាល​ជលផល អគ្គនាយកដ្ឋាន​កសិកម្ម​អគ្គនាយកដ្ឋាន កៅស៊ូ​ និង​នាយកដ្ឋាន​កសិឧស្សាហកម្ម​ត្រូវ​ពិនិត្យ​តាមដាន​​ឱ្យបាន​ជាប់​ជាប្រចាំ​នូវ​រាល់​សកម្មភាព​នាំចេញ​នាំចូល​នូវ​រាល់​សារធាតុគីមី ថ្នាំ​កសិកម្ម និង​សារធាតុ​ផ្សំ​មក​ប្រើ​ក្នុង​ក្រុមហ៊ុន​»​។

លោក​ថា​៖ «​ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​ខ្ជាប់ខ្ជួន និង​ត្រូវ​បង្កើន​ការយកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​»​។

ក្នុង​រយៈពេល ៥ ខែ​ដំបូង​នៃ​ឆ្នាំ ​២០២១ កម្ពុជា​បាន​នាំចូល​ថ្នាំ​ និង​ជី​កសិកម្ម សរុប​ជាង ៩០ ​ម៉ឺន​តោន ក្នុង​នោះបាន​នាំចូល​ថ្នាំ​កសិកម្ម​ចំនួន​ ៤៧ ៤០៩ តោន និង​ជី​កសិកម្ម​ ៨៥៨ ៦៣២ តោន​។ នេះ​បើ​យោងសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម ចុះ​ថ្ងៃទី​ ៩ ខែសីហា ឆ្នាំ​ ២០២១​។

យ៉ាងណា​ក៏ដោយ ការខ្វះ​កិច្ចសហការ​ក្នុងការ​ចែករំលែក​ និង​ផ្ដល់ព័ត៌មាន​លម្អិត​នៅក្នុង​ក្របខណ្ឌ​នៃ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​ជាតិ​បាន​បង្កើតឱ្យមាន​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ និង​សង្គម​នៅ​កម្ពុជា តាមរយៈ​ការលួចបន្លំ​នាំចូល​នូវ​សារធាតុ​គីមីសំយោគ​ពាក់កណ្ដាល​សម្រេច ដែល​អាច​ផ្សំ​សម្រាប់​ការផលិត​កែច្នៃ​គ្រឿងញៀន​នៅ​កម្ពុជា​របស់​ក្រុមហ៊ុន​ទុច្ចរឹត​មួយចំនួន​។ នេះ​បើ​យោងតាម​ការប្រកាស​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង​ កាលពី​ថ្ងៃទី ២៥ មករា ឆ្នាំ​ ២០២២​។

លោក​បន្តថា​៖ «​កាលពីពេល​ថ្មីៗ [​ខែមករា​] កន្លងទៅនេះ ក្រុម​សមត្ថកិច្ច​នគរបាល​បង្ក្រាប​គ្រឿងញៀន​បាន​បង្ក្រាប​ទីតាំង​លួចលាក់​ផលិត​គ្រឿងញៀន​ដ៏ធំ​មួយ​នៅ​ខេត្តកំពង់ស្ពឺ ហើយ​បាន​រកឃើញ​ និង​ចាប់​រឹបអូស​សារធាតុ​គីមីសំយោគ​សម្រាប់​ផ្សំ​ផលិត​គ្រឿងញៀន​បាន​ជាង​ ១០០ ​តោន ដែល​សារធាតុ​គីមីសំយោគ​ទាំងនោះ​ត្រូវបាន​គេ​នាំចូល​ដោយមាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​»​។

ក្នុងអំឡុង​ពេលនោះ លោក ស ខេង បាន​ស្នើឱ្យ​ក្រសួង​ពាក់ព័ន្ធ​នានា ដែលមាន​សិទ្ធិ​ក្នុង​ការផ្ដល់​អាជ្ញាប័ណ្ណ​នាំចូល​នូវ​មុខទំនិញ ពី​ក្រៅប្រទេស​ជាពិសេស​សារធាតុ​គីមីសំយោគ​ត្រូវមាន​កិច្ចសហការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដើម្បី​ការពារ​ទប់ស្កាត់​ចលនា​ប៉ុនប៉ង​របស់​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ក្នុង​ការយក​កម្ពុជា​ជា​ទីតាំង​កែច្នៃ និង​ផលិត​គ្រឿងញៀន ។

ជុំវិញ​ករណី​នេះដែរ លោក វេង សាខុន បានសម្រេច​បង្កើត​ក្រុមការងារ​ផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់​ការប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​មួយ នៅក្នុង​ក្របខ័ណ្ឌ​ក្រសួងកសិកម្ម ដើម្បី​ចូលរួម​សហការ​អនុវត្ត​វិធានការ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​ ៧ សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី ​១ ខែមករា ដល់​ថ្ងៃទី​ ៣១ ខែធ្នូ​ឆ្នាំ​ ២០២២​។

ទន្ទឹមនឹងនេះ លោក​បាន​ណែនាំ និង​ជំរុញ​ឱ្យ​ក្រុមការងារ​ថ្មី​នេះ ត្រូវ​បង្កើន​កិច្ចសហការ​ឱ្យបាន​ទូលំទូលាយ និង​ស៊ីជម្រៅ​ជាមួយ​អាជ្ញាធរ​គ្រឿងញៀន ដើម្បីឱ្យ​ការអនុវត្ត​ផែនការ​សកម្មភាព​នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​ ៧ ​នេះ ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ប្រសិទ្ធភាព និង​សម្រេចបាន​ជោគជ័យ​៕