កណ្តាលៈ ​លោក​ គង់ សោភ័ណ្ឌ អភិបាល​ខេត្តកណ្តាល​បាន​យល់ព្រម​ទៅតាម​សំណើ​របស់​លោក ម៉ឹង យូឡេង ប្រធាន​មន្ទីរសាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល ដែល​ស្នើសុំ​ផ្លាស់ប្ដូរ​មន្ត្រីរដ្ឋបាល​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ចំនួន ៥ ​កន្លែង បន្ទាប់ពី​មានការ​បែកធ្លាយ​ជុំវិញ​អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​វិធានការ​បង្ក្រាប​រថយន្ត​ដឹក​លើស​ទម្ងន់​កំណត់​តាម​ស្ថានីយ​ទាំងនោះ​។

លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក​ ម៉ឹង យូឡេង ដាក់ជូន​អភិបាលខេត្ត​កណ្ដាល កាលពី​ថ្ងៃទី​ ២៣ ​កុម្ភៈ បាន​លើកឡើង​ថា ការស្នើសុំ​ផ្លាស់ប្តូរ​មន្ត្រីរដ្ឋបាល​ទាំង​ ៥​ នាក់ គឺ​ដើម្បី​ធានា​ដល់​ការអនុវត្ត​ការងារ​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ឱ្យមាន​ប្រសិទ្ធភាព និង​ទប់ស្កាត់​ភាពអសកម្ម​របស់​មន្ត្រី​អនុវត្ត​ការងារ​ ១​កន្លែង​ច្រើន​ឆ្នាំ នៅតាម​ស្ថានីយ​ថ្លឹង​រថយន្ត​អចល័ត​។

លិខិត​ដដែល​បានបញ្ជាក់​​ថា​៖ «​អង្គសន្និបាត​បានសម្រេច​ត្រូវធ្វើ​ការផ្លាស់ប្តូរ សមាសភាព​មន្ត្រី​ថ្មី ឬ​ទីកន្លែង​ប្រចាំការ នៅតាម​ស្ថានីយ​ជញ្ជីង​អចល័ត​ទាំងអស់​។ ហេតុដូចនេះ មន្ទីរ​សូម​ស្នើសុំ​សមាសភាព​មន្ត្រីរដ្ឋបាល​ខេត្ត​ចំនួន ៥ ​រូប (​ប្រសិនបើ​សមាសភាព​ចាស់​ត្រូវ​ប្តូរ​ស្ថានីយ ប្រចាំការ​) សម្រាប់​ប្រចាំការ​នៅ​ស្ថានីយ​ជញ្ជីង​អចល័ត​ចំនួន ៥»​។

បើតាម​លិខិត​ដដែល​បានឱ្យដឹងថា មន្ត្រីរដ្ឋបាល​នៅតាម​ជញ្ជីង​ដែល​ត្រូវ​ផ្លាស់ប្ដូរ​មាន​ចំនួន​ ៥ ​កន្លែង​នោះ​គឺមាន​ស្ថានីយ ថ្លឹង​រថយន្ត​កំពង់ភ្នំ ផ្លូវជាតិ​លេខ​ ១, ស្ថានីយ​ក្រសាំង​ផ្លូវជាតិ​លេខ​ ២, ស្ថានីយ​កំពង់ទួល​ផ្លូវជាតិ​លេខ​ ៣, ស្ថានីយ​អង្គស្នួល ផ្លូវជាតិ​លេខ​ ៤ និង​ស្ថានីយ​ព្រែកស្ដី ផ្លូវជាតិ​លេខ​ ២​។ ប៉ុន្តែ​លិខិត​ស្នើសុំ​នោះ​មិនបាន​បញ្ជាក់​ឈ្មោះ​មន្ត្រី​ទាំង​នោះទេ​។

លោក ម៉ឹង យូឡេង មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​បានទេ ដោយ​ទូរស័ព្ទ​របស់​លោក​ត្រូវបាន​ចុច​ផ្តាច់​នៅពេលដែល​តេ​ចូល​។

យ៉ាងណាក្តី កាលពី​ថ្ងៃទី​ ១៨ កុម្ភៈ មានការ​ចុះផ្សាយ​តាម​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​ដោយ​បាន​ធ្វើការ​ចោទប្រកាន់​ថា លោក​ ស៊ូ ទីរ៉ូ និង​លោក សុគន្ធ ដារ៉ារិទ្ធ ប្រធាន-​អនុប្រធាន ស្ថានីយ​ថ្លឹង​រថយន្ត​ស្រុក​អង្គស្នួល ផ្លូវជាតិ​លេខ​ ៤ បាន​ប្រើល្បិច​លេប​លុយ​អ្នក​ដឹកជញ្ជូន ប្រព្រឹត្ត​ដោយ​ពហុជំនាញ​។ សារព័ត៌មាន​ទាំងនោះ​ក៏បាន​ផ្សាយ​ផងដែរ​ថា មាន​អំពី​អំពើពុករលួយ​ជុំវិញ​ការឃាត់​ឡាន​ដឹក​លើស​ទម្ងន់​ ៦០ ​គ្រឿង យកលុយ​ពី​ម្ចាស់​ឡាន​ហើយ ប្រើល្បិច​កេងប្រវ័ញ្ច​យកលុយ​ពី​ក្រសួង​ទៀត​។ ប៉ុន្តែ ការចោទប្រកាន់​នេះ​ត្រូវបាន​ច្រានចោល និង​បដិសេធ​។

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល​បានចេញ​លិខិត​បំភ្លឺ និង​ឆ្លើយតប​កាលពី​ថ្ងៃទី​ ២៣​កុម្ភៈ​ថា មន្ត្រី​ស្ថានីយ​ទាំងអស់​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នៅក្នុង​ខ្លឹមសារ​អត្ថបទ​ចុះផ្សាយ​ថ្ងៃទី​ ១៨ ខែកុម្ភៈ ឆ្នាំ​ ២០២២ របស់​សារព័ត៌មាន​នគរវត្ត​ដែលមាន​ចំណងជើង​ថា «​លោក ស៊ូ ទីរ៉ូ និង​លោក សុគន្ធ ដារ៉ារិទ្ធ ប្រធាន-​អនុប្រធាន​ស្ថានីយ​ថ្លឹង​រថយន្ត​ស្រុក​អង្គស្នួល ផ្លូវជាតិ​លេខ​ ៤ ប្រើល្បិច លេប​លុយ​អ្នក​ដឹកជញ្ជូន ប្រព្រឹត្ត​ដោយ​ពហុជំនាញ​» នោះទេ​។

លិខិត​របស់​មន្ទីរ​សាធារណការ​បញ្ជាក់ទៀតថា រថយន្ត​ដឹកទំនិញ​ទាំងអស់ ដែល​ឆ្លងកាត់​ស្ថានីយ​ជញ្ជីង​ត្រូវ​ចូល​ថ្លឹង​ទម្ងន់ គឺជា​ច្បាប់​កំណត់ គ្មាន​ការបង្ខិតបង្ខំ បំភ័យ​បន្លាច បំផ្លើស​អ្វី​ឡើយ​ ខណៈ​ជញ្ជីង​ថ្លឹង​រថយន្ត​អចល័ត ធ្វើការ​ដោយ​ស្វ័យប្រវត្តិ មាន​បំពាក់ Camera បន្ត​ផ្ទាល់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​។

លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្តកណ្តាល បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៨​ កុម្ភៈ​ថា រដ្ឋបាល​ខេត្ត​នឹង​សម្រេច​ទៅតាម​ការស្នើសុំ​នេះ ប៉ុន្តែ​ចំពោះ​ការដោះដូរ​មន្ត្រី​ថ្មី​យ៉ាងណា​នោះ គឺ​លោក​ផ្តល់​សិទ្ធិ​អាទិភាព​ទៅកាន់​មន្ទីរ​តាមរយៈ​ការសម្រេច​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

លោក​បញ្ជាក់ថា​៖ «​សំណើ​នេះ​បើ​មិនមាន​បញ្ហា​អ្វី​ទេ ឱ្យគេ​ធ្វើ​តទៅទៀត ខ្ញុំ​មិនបាន​ពិនិត្យមើល​លើ​ករណីនេះ​ផង ព្រោះ​រដ្ឋបាលខេត្ត​មិនមែន​ប្រធាន​ក្នុងការ​សម្រេច​លើ​ស្ថាប័ន​ថ្លឹង​រថយន្ត​នេះ​ទេ​។ មន្ទីរ​សាធារណការ និង​ក្រសួង​ជា​ប្រធាន ចំណែក​យើង​គ្រាន់​ជា​មន្ត្រី​ធម្មតា​ហ្នឹង ហើយ​ការងារ​នេះ គឺ​មន្ត្រី​យើង​នឹងធ្វើ​ការបន្ត​ជាមួយ​ពួកគាត់​»​។

ចំពោះ​ព័ត៌មាន​ជុំវិញ​ការប្រព្រឹត្ត​អំពើពុករលួយ​នៅតាម​ស្ថានីយ​ថ្លឹង​រថយន្ត​ទាំង​ ៥ ​នេះ លោក​ គង់ សោភ័ណ្ឌ សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​អ្វី​នោះទេ​ដោយ​រក្សា​សិទ្ធិ​ឱ្យ​មន្ទីរ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជា​អ្នក​សម្រេច​ដោះស្រាយ​ក្នុងនាម​ជា​មន្ទីរ និង​ក្រសួងសាមី​៕