កំពង់ចាមៈ​ មនុស្ស​ចំនួន ១២​ នាក់ ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត​កំព​ង់ចាម​ឃាត់​ខ្លួន​ក្នុង​ការ​បង្ក្រាប​ទីតាំង​ល្បែង​ជល់​មាន់ ​១​ កន្លែង​ នៅ​ភូមិ​ស្វាយ​កណ្តាល ​ឃុំស្វាយ​សាច់​ភ្នំ ស្រុកស្រី​សន្ធរ ខេត្ត​កំពង់​ចាម នៅ​ថ្ងៃទី​ ២ មីនា ឆ្នាំ​ ២០២២។

លោក ហេង វុទ្ធី ស្នងការរង​​នគរបាល​ខេត្តកំ​ពង់ចា​ម​ឱ្យដឹង​នៅ​ថ្ងៃទី២​មីនា​ថា ដោយ​អនុវត្ត​គោល​នយោបា​យ​ភូមិ-ឃុំ​មាន​សុវត្ថិ​ភាព​នៅតាម​ភូមិ-ឃុំ ក្នុង​មូល​ដ្ឋាន​របស់​ខេត្ត​កំពង់​ចាម​នោះ​ នៅ​ថ្ងៃទី២​មីនា ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុ​សល ស្នងការ​នគរបាល​ខេត្ត​កំពង់​ចាម​បាន​បញ្ជា​ដល់​ផែន​ព្រហ្ម​ទណ្ឌ​របស់​លោក​បង្ក្រាប​ទីតាំង​ជល់​មាន់ ១​ កន្លែង។

លោក​បានបន្តថា ការបង្ក្រាប​ទីតាំង​​ល្បែង​ជល់​មាន់​នេះ​គឺ​នគរបាល​ស្រុក​ស្រី​សន្ធរ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ស្វាយ​សាច់ភ្នំ​បង្ក្រាបនិង​ឃាត់​ខ្លួន​បាន​បុរស​ចំនួន​១២​នាក់។កា​រងារ​នេះ​មានការ​សម្រប​សម្រួល​ផ្លូវច្បាប់​ពី​លោក​សុធា​ ពិសិដ្ឋ​ ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ចាម​ផង​ដែរ​។

លោក ​វុទ្ធី​ បានបញ្ជាក់ថា៖ «ករណីនេះ​ខ្ញុំ​មិន​ទាន់​ដឹងថា​តើ​មនុស្ស​ទាំង​នោះ​នឹងត្រូវ​ធ្វើការ​អប់រំ​ឬ​អនុវត្ត​ច្បាប់​យ៉ាង​ម៉េច​ទេ​ហើយ​ក្នុង​នាម​ជា​មន្ត្រីន​គរ​បាល​យុត្តិធម៌​មិន​មាន​សិទ្ធិ​ឯណា​មួយ​ត្រូវ​អប់រំ​ជន​ដែល​ឃាត់​ខ្លួន​នោះទេ។ អ៊ីចឹង​​មាន​តែ​សួរ​ទៅ​ខាង​តុលា​ការ​ទៅ»​។

ពា​ក់ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក សុធា​ ពិសិដ្ឋ ព្រះរាជ​អាជ្ញារ​ងនៃ​អយ្យការ​អម​សា​លាដំ​បូង​ខេត្ត​កំពង់​ចាមប្រាប់​ភ្នំពេញប៉ុស្ដិ៍នៅ​ថ្ងៃទី២ ​មីនា​ថា ចំពោះ​ជនស​ង្ស័យ​ដែល​​ត្រូវបាន​សមត្ថកិច្ច​ឃា​ត់ខ្លួន​ខាង​លើ​គឺ​លោក​មិនទា​ន់​អាចប្រា​ប់ថា​តើ​ត្រូវ​អប់រំ​ពួកគេ​ឬ​យ៉ាង​ណា​ទេ​។​លោ​ក​បញ្ជា​ក់​ខ្លី​ថា៖«ក​រណីនេះ​ ចាំ​មើល​ការងារ​ជាក់​ស្តែង​សិន​»។

តាម​​កំណត់​ហេតុ​នគរ​បាលបាន​បង្ហាញថា​ កាលពី​វេលា​ម៉ោង​ជាង​១២​ថ្ងៃត្រង់​ ថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០២​២ ក​ម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្ម​ទណ្ឌ​ខេត្តកំ​ពង់ចាម សហ​ការ​ជា​មួយ​កម្លាំង​ជំនាញ​របស់​អធិការ​ដ្ឋាន​នគរបាល​ស្រុ​ក​ស្រី​សន្ធរ​និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​បង្ក្រាប​ទីតាំងលេង​ល្បែង​ជល់​មាន់​នៅក្នុង​ភូមិសាស្ត្រ​​ខាងលើ។​ចំពោះ​ល​ទ្ធផល​នៃ​ការបង្ក្រាប​នោះ​សមត្ថ​កិច្ច​ដកហូត​បាន​ម៉ូតូ​ចំនួន​ ១៨​ គ្រឿង ​រួមទាំង​សម្ភារ​​ជល់​មាន់​​មួយចំ​នួន​ទៀ​ត និង​មនុស្ស​ចំនួន​ ១​២ នាក់​ផ​ង៕