ភ្នំពេញៈ កាកបាទ​ក្រហម​កម្ពុជា​អំពាវនាវ​ឱ្យមាន​ការចូលរួម​បរិច្ចាគ​ថវិកា​តាម​សទ្ធា​ជ្រះថ្លា​ជូន​កាកបាទក្រហមកម្ពុជា​​ ដើម្បី​បន្ត​បេសកម្ម​មនុស្សធម៌​ក្នុងការ​សម្រាល​ទុក្ខលំបាក​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ និង​ងាយ​រងគ្រោះ​បំផុត​ក្នុងប្រទេស​។

ការប្រកាស​អំពាវនាវ​ក្នុង​ពេលនេះ គឺ​ស្រប​ពេល​ដែល​ឆ្នាំនេះ កាកបាទក្រហម​កម្ពុជា​បានប្រកាស​ប្រារព្ធ​ខួប​ទី​ ១៥៩​ នៃ​ទិវា​ពិភពលោក​កាកបាទ​ក្រហម ​និង​អឌ្ឍចន្ទ​ក្រហម ៨ ​ឧសភា ក្រោម​ប្រធានបទ​ «​ទាំងអស់​គ្នា​រួមជាមួយ​កាកបាទ​ក្រហម​កម្ពុជា ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​បន្ត​ពង្រឹងភាព​ធន់​សហគមន៍​» ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កាកបាទ​ក្រហម​កម្ពុជា​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ១ មីនា​ថា កាកបាទ​ក្រហម​កម្ពុជា​ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជា​ព្រះប្រធាន​កិត្តិយស និង​លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន​សូម​អំពាវនាវ ចំពោះ​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន និង​បងប្អូន​ជនរួមជាតិ​សូម​ចូលរួម​បរិច្ចាគ​ថវិកា​តាម​សទ្ធា​ជ្រះថ្លា​ជូន​កាកបាទ​ក្រហម​កម្ពុជា​ក្នុង​ឱកាស​ខួប​លើក​ទី ១៥៩ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ​ឧសភា ២០២២ ខាងមុខនេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​​បាន​បញ្ជាក់ថា​ «​ការបរិច្ចាគ​ថវិកា​​នេះ​គឺ​ដើម្បី​សមាគមជាតិ​មាន​ធនធាន​បន្ត​ផ្តល់​សេវាកម្ម​មនុស្សធម៌​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​បន្ត​ពង្រឹង​ភាពធន់​សហគមន៍​ និង​ជួយ​សម្រាល​ទុក្ខលំបាក​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត តាម​គោលការណ៍​គ្រឹះ​របស់​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម​»​។

ជាមួយ​គ្នានេះ កាកបាទ​ក្រហម​កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន​នឹងចូលរួម​យ៉ាងច្រើន​កុះករ ជួយ​ឧបត្ថម្ភ​ជា​ថវិកា សម្ភារ ដល់​កាកបាទក្រហមកម្ពុជា ពុំខាន​ឡើយ ខណៈ​ក្រុមការងារ​ទទួល​មូលនិធិ​របស់​កាកបាទ​ក្រហម​កម្ពុជា​រង់ចាំ​ទទួល​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន​រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃនេះ​តទៅ​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទ​ក្រហម​កម្ពុជា​។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរង​ទី​ ១ ​កាកបាទ​​ក្រហម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២ មីនា​ថា ការប្រកាស​អំពាវនាវ​ឱ្យមាន​ការចូលរួម​បរិច្ចាគ​ជា​ថវិកា​សម្រាប់​កាកបាទក្រហម​នេះ គឺជា​ការធ្វើឡើង​ដូច​ទៅនឹង​ឆ្នាំមុនៗ​ដែរ ដើម្បីឱ្យ​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន​បាន​ចូលរួម​ជាមួយ​កាកបាទ​ក្រហម​។

សម្រាប់​ការអំពាវនាវ​នា​​ពេលនេះ លោកស្រី អះអាងថា វា​ក៏​ជា​ពេល​មួយ​ដែល​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ជាការ​រួមចំណែក​​ជាមួយ​កាកបាទក្រហម​ក្នុង​​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត​ស្របពេល​ដែលមាន​វិបត្តិ​ជា​បន្តបន្ទាប់ ជាពិសេស​បញ្ហា​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​យើង​ប្រកាស​ពី​ពេលនេះ​ឱ្យ​ហើយ និង​មិនមាន​អ្វី​ចម្លែក​ទេ គឺ​យើង​ប្រកាស​រាល់​ឆ្នាំ​អ៊ីចឹង ឱ្យតែ​ជិត​ដល់​ខួប​នៃ​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍ​ចន្ទ​ក្រហម​ ៨ ​ឧសភា​។ បន្ទាប់ពី​យើង​ប្រកាស​ហើយ មកដល់​​ពេលនេះ មិនទាន់មាន​អ្នក​បរិច្ចាគ​ទេ តែ​ភាគច្រើន ចាប់ពី​ខែ​ ៤​ អី​មក​គឺ​យើង​មាន​លទ្ធផល​​ខ្លះៗ​ហើយ ព្រោះ​សម្បុរសជន​​យើង​តែងតែ​ចូលរួម​រាល់​ឆ្នាំ នៅពេលនោះ​»​។

គណៈកម្មាធិការ​កណ្ដាល​របស់​កាកបាទក្រហម​កម្ពុជា​កាលពី​ថ្ងៃទី​ ២៧ ខែធ្នូ​ ២០២១ ​បានប្រកាសថា ក្នុង​ឆ្នាំ ​២០២១ កាកបាទក្រហម​សម្រេចបាន​វិស័យ​អាទិភាព​ជាច្រើន​ដោយមាន​ដូចជា​ការចូល​រួម​ទទួល​ខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ​ ១៩ ​ការជួយឧបត្ថម្ភ​សម្រាល​ជីវភាព​របស់​គ្រួសារ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត​ជាង ១០​ ម៉ឺន​គ្រួសារ​។

ជាមួយ​នឹង​ការសម្រេចបាន​នេះ កាកបាទក្រហម​កម្ពុជា​​ក៏បាន​អនុម័ត​របាយ​ការណ៍​ចំណូល ចំណាយ​ឆ្នាំ​ ២០២១ ជាមួយ​នឹង​អនុសាសន៍​បន្ត​ពង្រឹង​ការធ្វើ​សវនកម្ម​ដើម្បី​ធានាបាន​ការជឿទុកចិត្ត​ពី​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន និង​អនុម័ត​ផែនការ​ចំណាយ​ជា​អាទិភាព​ឆ្នាំ ២០២២ ដែលជា​កញ្ចប់​ថវិកា​មិន​ស្ថិតនៅក្នុង​មូលនិធិ​ទទួលបាន​ពី​សប្បុរសជន ហើយ​បើ​ប្រៀបធៀប​ឆ្នាំ​ ២០២១ ថវិកា​ស្នើសុំ​ចំណាយ​សម្រាប់​ឆ្នាំ ​២០២២ មានការ​ថយចុះ​ចំនួន​ ១២,៤០ ​ភាគរយ ផងដែរ​៕