ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​គេហទំព័រ​ធនធាន​អប់រំ​កម្ពុជា​ចាប់ពី​ថ្ងៃទី​ ១​ ខែមីនា តទៅ​ សម្រាប់​បម្រើ​ដល់​ការបង្រៀន និង​រៀន​តាមរយៈ​ការអប់រំ​តាមបែប​គន្លង​ថ្មី ក្នុងការ​ចាប់យក​ និង​ពង្រឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ទូលំទូលាយ ជាពិសេស​ការលើកកម្ពស់​គុណវុឌ្ឍ​គ្រូបង្រៀន​។

យោងតាម​លិខិត​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ២ ​ខែមីនា បានឱ្យដឹងថា គេហទំព័រ​ធនធាន​អប់រំ​កម្ពុជា​ OER_Cambodia មាន​តំណ oer.moeys.gov.kh ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវ​ការចាប់​ពីថ្ងៃ​ផ្សាយដំណឹង​តទៅ សម្រាប់​គាំទ្រ​ដល់​ការបង្រៀន និង​រៀន​ស្របទៅតាម​បរិបទ​នៃ​ការអប់រំ​តាមបែប​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ ៤.០ ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិភាព​។

តាមរយៈ​លិខិត​នោះ​ក្រសួង​អប់រំ​បានឱ្យដឹងថា គេហទំព័រ​នេះ​បាន​អភិវឌ្ឍ​ឡើង​ដើម្បី​លើកកម្ពស់ ជំរុញ​ការចែករំលែក និង​ប្រើប្រាស់​មាតិកា​អប់រំ​ឌីជីថល​ឱ្យ​កាន់តែ​សម្បូរបែប​សម្រាប់​បម្រើ​ដល់​ការបង្រៀន និង​រៀន​តាមរយៈ​ការអប់រំ​តាមបែប​គន្លង​ថ្មី​ក្នុង​ការចាប់យក និង​ពង្រឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ទូលំទូលាយ ជាពិសេស​ការលើកកម្ពស់​គុណវុឌ្ឍ​គ្រូបង្រៀន​ក្នុងការ​ធ្វើ​បរិវត្តកម្ម​ឌីជីថល​ក្នុង​ប្រព័ន្ធ​អប់រំ ស្រប​ពេលដែល​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​​កូវីដ​ ១៩​ នៅតែ​បន្ត​។

លិខិត​ដដែល​បន្តថា គេហទំព័រ​នេះ ផ្តល់​ភាពងាយស្រួល​ដល់​លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត អ្នកស្រាវជ្រាវ​​ក៏ដូចជា​សាធារណជន​ទូទៅ​ក្នុង​ការស្វែងរក​ឯកសារ​ឌីជីថល​តាម​កម្រិត​ថ្នាក់​​ចាប់ពី​មត្តេយ្យ​សិក្សា​រហូតដល់​កម្រិត​ឧត្តមសិក្សា​តាម​ប្រភេទ​ក្រុម​មុខវិជ្ជា​។

ក្រសួង​អប់រំ​បញ្ជាក់ថា​ «​អាច​ស្វែងរក​តាម​ប្រភេទ​នៃ​ឯកសារ​ដូចជា ពហុមេឌៀ​អន្តរកម្ម បទបង្ហាញ វីដេអូ នឹង​សំឡេង ឯកសារ​បង្រៀន​ និង​សៀវភៅ​ណែនាំ​កិច្ចតែង ការបង្រៀន រូបភាព​ផ្ទាំង​ធំ​ និង​រូបភាព​គំនូរជីវចល​អប់រំ​ល្បែង​សិក្សា​ និង​ឯកសារ​ស្រាវជ្រាវ​នានា​»​។

ជាមួយ​គ្នា​នោះ ក្រសួង​អប់រំ យុវជន និង​កីឡា​លើកទឹកចិត្ត​ដល់​បុគ្គលិក​អប់រំ និង​អ្នកសិក្សា​ស្រាវជ្រាវ ដែល​​មានបំណង​ចែករំលែក ស្នាដៃ​ស្រាវជ្រាវ​របស់​ខ្លួន ឯកសារ​បង្រៀន កិច្ចតែងការ ព្រមទាំង​ឯកសារ​អប់រំ​ផ្សេងៗ​​ទៀត តាមរយៈ​ការដាក់​ស្នើ​ឯកសារ​ទាំងអស់​សម្រាប់​ផ្តល់​ជា​ប្រយោជន៍​ដល់​អ្នកប្រើប្រាស់​។

ក្រសួង​អប់រំ​បញ្ជាក់ថា​ «​ក្រសួង​មាន​ក្រុមការងារ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា​ទាំងអស់​នោះ​មុននឹង​ផ្សព្វផ្សាយ​ជា​សាធារណៈ​ក្នុង​គេហទំព័រ​។ ​រាល់​ខ្លឹមសារ​លើ​គេហទំព័រ​នេះ​ស្ថិតក្រោម​អាជ្ញាប័ណ្ណ Creative Commons Attribution-NonCommercial-ShareAlike 3.0 License (CC- BY 3.0) ដែល​អនុញ្ញាត​ឱ្យ​ចម្លង​និង​ចែកចាយ​បន្ត លើកលែង​តែ​សម្ភារ​ដែល​​ស្ថិតក្រោម​បញ្ជី “​រក្សា​សិទ្ធិ​» ។

ក្រសួង​អប់រំ​អំពាវនាវ​ដល់​គណៈគ្រប់គ្រង​គ្រឹះស្ថានសិក្សា​បុគ្គលិក​អប់រំ​សិស្ស-​និស្សិត​ និង​សាធារណជន​ទាំងអស់​ចូលរួម​ប្រើប្រាស់​គេហទំព័រ​ធនធាន​អប់រំ​កម្ពុជា OER Cambodia​ ឱ្យ​​បាន​ទូលំទូលាយ និង​ចែករំលែក​ព័ត៌មាន​បន្ត​តាម​ការគួរ​។

លោក ស៊ុន ឆេ​កូ នាយក​គ្រប់គ្រង​សាលា​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ​ថ្លែង​នៅ​ថ្ងៃទី​ ២ ខែមីនា​នេះ​ថា គេហទំព័រ​នេះ​ល្អ​សម្រាប់​ការប្រើប្រាស់ ប៉ុន្តែ​​មិនទាន់​ទូលំទូលាយ ឯកសារ​មាន​តិចតួច​មិនទាន់​គ្រប់គ្រាន់​មិនមាន​ទម្រង់ Test,Quiz ​សម្រាប់​សិស្ស​នៅឡើយ​។

លោក​បន្តថា គួរ​បង្កើត​ពិន្ទុ​សម្រាប់​អ្នក​ប្រើ បង្កើត​ជា​ទម្រង់​ទទួល​មតិ​ពី​អ្នកប្រើប្រាស់ Notification Alert និង​បញ្ចូល និង​បញ្ជ្រាប​ឯកសារ​ដែល​បានធ្វើ​បច្ចុប្បន្នភាព​។ លោក​ឆេកូ បន្តទៀតថា គេហទំព័រ​ថ្មី​នេះ​មាន​ការវិវឌ្ឍ​ល្អ ក្នុង​បរិបទ 4.0 ដែល​ត្រូវតែមាន ប៉ុន្តែ​ក៏​គួរតែមាន​ជា​បណ្ណាល័យ​ធំ​ល្អ​មួយ​សម្រាប់​អ្នកស្រាវជ្រាវ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា​សម្រាប់​អ្នកចេះ និង​មានការ​យល់ដឹង​ពី​បច្ចេកវិទ្យា​មិន​ពិបាក​ប្រើ​ទេ ហើយ​ជាមួយ​គ្នា​នោះ គេហទំព័រ​នេះ គួរ​មាន Mobile App និង​មាន​សេចក្តីណែនាំ​ងាយៗ​បន្ថែមទៀត​ ដើម្បី​សម្រួល​ដល់​អ្នកប្រើប្រាស់​»​។

លោក សុខ ភាក់ គ្រូបង្រៀន​ម្នាក់​​នៅ​ខេត្ត​ត្បូងឃ្មុំ​ថ្លែង​នៅ​ថ្ងៃទី​ ២ ខែមីនា​ថា នេះ​ជា​គេហទំព័រ​ថ្មី​ដែល​ល្អ​សម្រាប់​អ្នកសិក្សា លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និស្សិត ព្រោះ​សម័យនេះ​ជា​សម័យ​ឌីជីថល និង​ផ្តោត​សំខាន់​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ប្រព័ន្ធ​អនឡាញ​ផ្សេងៗ​ច្រើន ហេតុនេះ ស្ទើរ​គ្រប់គ្នា​អាច​បើក​មើល និង​ស្រាវជ្រាវ​បាន​នៅ​កន្លែង​ដែលមាន​អ៊ីនធឺណិត​។

លោក ឡុង ហាន គ្រូបង្រៀន​នៅ​សាលា​ចំណេះ​ទូទៅ​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ​ថ្លែង​នៅ​ថ្ងៃទី​ ២ ខែ​​មីនា​ថា គេហទំព័រ​ថ្មី​របស់​ក្រសួង​អប់រំ​មាន​ប្រយោជន៍​ច្រើន​អាច​ទទួលយក​​បាន ក្នុងនោះ​ទាំង​គ្រូ​និង​សិស្ស​ក៏​ដូចជា​សាធារណជន​នឹង​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​ឯកសារ ។

លោក​ថ្លែងថា​៖ «​បើតាម​គំនិត​ខ្ញុំ​ប្រសិនបើ​ការដាក់​ឱ្យប្រើ​នេះ​វា​ទូលំទូលាយ ហើយ​មាន​អត្ថប្រយោជន៍​ច្រើន ខ្ញុំ​គិតថា អ្នកសិក្សា​ទាំងអស់​ ឬក៏​គ្រូ​ទាំងអស់​អាចមាន​ភាពងាយស្រួល​ច្រើន លើ​ការសិក្សា​ក៏ដូចជា ការ​ស្វែងរក​វិធីសាស្ត្រ បង្រៀន​ និង​រៀន​តាមរយៈ អនឡាញ​ ឬ​គេហទំព័រ​នេះ​បាន​៕