ភ្នំពេញៈ សហ​មេធាវី​របស់​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ចប់​ការបង្ហាញ និង​ពន្យល់​ភ័ស្តុតាង​ដោះ​បន្ទុក​សរុប​ចំនួន​ ៧៨ ភ័ស្តុតាង ដែល​បានដាក់​ទៅ​តំណាង​អយ្យការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​​រង់ចាំ​ការសម្រេច​ពី​ចៅក្រម​នៅក្នុង​សវនាការ​បន្ត​នៅ​ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២​។

ក្រោយ​បញ្ចប់​សវនាការ​ពេញ​មួយ​ព្រឹក​ថ្ងៃទី​ ២ ខែមីនា ឆ្នាំ​ ២០២២ លោកស្រី ម៉េង សុភារី សហមេធាវី​លោក កឹម សុខា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ សហមេធាវី​របស់លោក​ស្រី​បានដាក់​បង្ហាញ និង​ពន្យល់​ភ័ស្តុតាង​ក្នុង​គោលបំណង​ដោះ​បន្ទុក​លោក​ កឹម សុខា ពាក់ព័ន្ធ​ទៅនឹង​ការ​ចោទប្រកាន់​ពីបទ​សន្ទិដ្ឋិភាព​ជាមួយនឹង​បរទេស ឬ ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​​រាជរដ្ឋាភិបាល​កម្ពុជា គឺ​មិនមាន​នោះទេ​។

លោកស្រី​ថ្លែងថា​៖ «​យើង​បង្ហាញ​អស់ហើយ​អំពី​ភ័ស្តុតាង ដែល​ទាក់ទង​ទៅនឹង​បទ​ចោទ​ជាច្រើន ដោយ​ក្នុងនោះ​ភ័ស្តុតាង​ដែល​យើង​ដាក់ទៅ​តំណាង​អយ្យការ មាន​ចំនួន ៧៨ ភ័ស្តុតាង បានបញ្ចប់​អស់ហើយ​។ នៅ​សប្តាហ៍​ក្រោយ ចៅក្រម​នឹង​សម្រេច​ចំពោះ​ភ័ស្តុតាង​ដែល​យើង​បានបង្ហាញ ពន្យល់ និង​ការបកស្រាយ​នេះ​។ ប៉ុន្តែ បើ​ការពិភាក្សា​ពី​អង្គហេតុ​នៅ​សប្តាហ៍​ក្រោយ​ទៀត​នៅត្រង់ចំណុច​ណា​ទៀត គួរ​បន្ថែម​ភ័ស្តុតាង​ទៀត យើង​នឹង​បន្ថែម​ថ្មី​បន្ថែមទៀត​»​។

លោកស្រី ម៉េង សុភារី ថ្លែងថា សំណុំ​រឿងក្តី​របស់លោក កឹម សុខា គឺជា​រឿង​របស់​អ្នកនយោបាយ​ដែលជា​ទម្លាប់​របស់​កម្ពុជា​រាល់​ការដោះស្រាយ​រឿង​ពាក់ព័ន្ធ​នឹង​អ្នកនយោបាយ គឺ​អ្នកនយោបាយ​ជា​អ្នក​ដោះស្រាយ ចំណែកឯ​មេធាវី គឺជា​អ្នកច្បាប់​ដើរ​តាម​ជំហាន​នីតិវិធី​មួយៗ និង​ត្រូវធ្វើ​ទៅតាម​នីតិវិធី​។

លោកស្រី​ថ្លែង​ដោយមាន​ជំនឿ​ជឿជាក់ថា អ្នក​នយោបាយ​នឹង​ជជែក​គ្នា​នឹង​ដោះ​-​ស្រាយ​ដើម្បី​ផលប្រយោជន៍​ខ្មែរ​ទាំងអស់គ្នា​។

លោកស្រី ម៉េង សុភារី ថ្លែងថា ភ័ស្តុតាង​ដែល​បាន​ពន្យល់​នៅក្នុង​សវនាការ​ថ្ងៃទី ២ មីនា​នេះ ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​ភាពមិនប្រក្រតី​នៅក្នុង​បញ្ជី​បោះឆ្នោត និង​បាតុកម្ម​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​កាលពី​ឆ្នាំ ២០១៣ កន្លងមកនេះ ក្នុង​គោលបំណង​ទាមទារ​ឱ្យមាន​ការបង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ទៅលើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។

ក្រៅពីនេះ ក៏មាន​ភ័ស្តុតាង​ដោយ​យក​ពី​របាយការណ៍​មកពី​អង្គការ​លីកាដូ អង្គការ​តម្លាភាព​កម្ពុជា និង​អង្គការ​មួយចំនួន​ទៀត ដែល​ធ្វើ​ក្នុង​កិច្ចការ​បោះឆ្នោត ឆ្នាំ​ ២០១៣ ដែល​បង្ហាញ​ពី​ភាពមិនប្រក្រតី​នៅ​ចំណុច​ជាច្រើន ដែល​ទាំងអស់នេះ គឺជា​មូលដ្ឋាន​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទា​ឱ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ធ្វើការ​ស៊ើបអង្កេត​ការបោះឆ្នោត​ឆ្នាំ ២០១៣ នោះ​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក ផ្លង់ សុផល អ្នកនាំពាក្យ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ នៅក្រោយ​បញ្ចប់​សវនាការ ថ្ងៃទី​ ២ ខែមីនា ឆ្នាំ ២០២២ ។

លោកស្រី ចក់ សុភាព នាយិកា​អង្គការ​សិទ្ធិមនុស្ស​កម្ពុជា​ដែល​បាន​ចូលទៅ​តាមដាន និង​ឃ្លាំមើល​នៅក្នុង​បន្ទប់​សវនាការ​របស់​លោក កឹម សុខា នេះ​ថ្លែងថា ក្នុង​សវនាការ​នេះ មេធាវី​ការពារ​លោក កឹម សុខា បាន​បន្ត​បង្ហាញ​ភ័ស្តុតាង​ចំនួន​ ៨ គឺ​សំណុំ​ឯកសារ​លេខ​ ២១ ដល់​ ២៨ ដែលមាន​របាយការណ៍​របស់​អង្គការ​ ខុម ហ្វ្រែល (​ជាង​ ៨ ​ទំព័រ​) និង​អង្គការ​លីកាដូ​ (១៩​ ទំព័រ​) ដាច់ដោយឡែក ដែល​ផ្តោតលើ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ភាពមិន​ប្រក្រតី​នៃ​ការបោះឆ្នោត​ឆ្នាំ​ ២០១៣​។

លោកស្រី​បន្តថា មេធាវី​ត្រូវ​ចំណាយពេល​អាន​របាយ​ការណ៍​គ្រប់​ទំព័រ ដូចនេះ​ចំណាយពេល​ច្រើន ដែល​មិនអាច​បញ្ចប់​ដំណើរការ​សន្និដ្ឋាន​លើ​សំណុំ​ភ័ស្តុតាង​ដែល​បានដាក់​បន្ថែម​លេខ​ ៣​ និង​លេខ​ ៤ ​ឡើយ ដោយ​សវនាការ​នឹង​បន្ត​សម្រេច​លើ​សំណុំ​ភ័ស្តុតាង​នៅ​សវនាការ​បន្ទាប់​នៅ​ថ្ងៃទី​ ៩ ខែមីនា ឆ្នាំ​ ២០២២​។ លោកស្រី​ថា​៖ «​សវនាការ​នាពេល​ព្រឹក​នេះ មិនមាន​ភាពតានតឹង​ឌឺដង​ដូច​សព្វដង​ទេ ដោយ​ចៅក្រម​បាន​កាត់​ភ្លាមៗ​ស្នើឱ្យ​ភាគី​បង្ហាញ​ភ័ស្តុតាង និង​មិន​មានការ​ពោល​ថែមថយ​ដែល​នាំឱ្យ​ឆ្លងឆ្លើយ​គ្នា​វែងឆ្ងាយ​»៕

វីដេអូ៖