ភ្នំពេញៈ ​កំណាត់​ផ្លូវជាតិ​លេខ​ ៣ ​ប្រវែង​ជាង​ ១៣៤​ គីឡូម៉ែត្រ ចាប់ពី​រាជធានី​ភ្នំពេញ (​ចោមចៅ​) ​ដល់​ក្រុង​កំពត​ដែលជា​ជំនួយ​ឥតសំណង​របស់​ចិន​ជាង​ ២០០ ​លាន​ដុល្លារ ត្រូវបាន​សម្ពោធ​បើក​ឱ្យប្រើ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២ ​ខែមីនា ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បន្ទាប់ពី​ស្ថាបនា​អស់​ពេល ៣៤ ​ខែ​។

ក្នុង​ពិធី​សម្ពោធ​នោះ លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា សមិទ្ធផល​ដែល​បាន​កើតឡើង​លើ​ទឹកដី​កម្ពុជា​នេះ វា​បានចេញ​មកពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ជាពិសេស​ជាមួយ​ប្រទេស​ចិន​។​ លោក​បាន​បញ្ជាក់ថា ផ្លូវជាតិ​លេខ​ ៣ ​មាន​តួនាទី​សំខាន់​ណាស់ ព្រោះ​ជា​ខេត្ត​ដែល​ផលិត​អំបិល​ដែល​ជួយ​សម្រួល​ដល់​​ការចែកចាយ​អំបិល​ទៅកាន់​បណ្តា​ខេត្ត​ទូទាំង​ប្រទេស និង​ជា​ខេត្ត​ដែល​ឆ្ពោះទៅ​តំបន់​មាត់សមុទ្រ​ផងដែរ​។

បន្ថែម​ពីនេះ​លោក​បាន​សរសើរ​ចំពោះ​ការដាំ​ដើមឈើ និង​ផ្កា​នៅតាម​ទ្រូង​​ពុះ​ចែកផ្លូវ​នេះ​ដែល​អាចបង្កើត​ទៅជា​សោភណភាព​មួយ​សម្រាប់​ការធ្វើ​ដំណើរ ឬ​ភាពបៃតង​។

យ៉ាងណា​ក៏ដោយ លោក​ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់ គោរព​ច្បាប់​ចរាចរណ៍​កុំ​បើកបរ​លើស​ល្បឿន​កំណត់ និង​ចូលរួម​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដោយ​ទទូច​សុំ​កុំឱ្យ​ដឹក​លើស​ទម្ងន់​​ដែល​នៅ​ប្រទេស​របស់​យើង​ឥឡូវនេះ​​កំពុងតែ​ដាក់​ជញ្ជីង​តាមផ្លូវ ហើយ​មិន​​ដឹង​ពេលណា​យើង​ដក​ជញ្ជីង​អស់ អ៊ីចឹង​ទេ​អំពាវនាវ​ឱ្យមាន​ការយកចិត្ត​ទុកដាក់​គោរព​ច្បាប់​ចរាចរណ៍ កុំឱ្យ​ដឹក​លើស​ទម្ងន់ កុំ​បើក​ល្បឿន​លឿន​»​។

លោក ហ៊ុន សែន បានឱ្យដឹង​ដែរ​ថា បច្ចុប្បន្ន​យុទ្ធសាស្ត្រ​ធ្វើ​ផ្លូវ​ត្រូវបាន​ផ្លាស់ប្តូរ ដោយ​ពី​មុន​ធ្វើ​ឱ្យតែបាន​វែង ប៉ុន្តែ​មិនមាន​គុណភាព​។ លោក​ថា​៖ «​ប្រជាពលរដ្ឋ​ថា ធ្វើ​ផ្លូវ​មិន​ជាប់ ធ្វើ​ពីមុខ ខូច​ក្រោយ អ៊ីចឹង​បានជា​ឥឡូវនេះ​ក្នុង​ការស្ថាបនា​ផ្លូវ យើង​ក៏​ចាប់ផ្តើម​កែលម្អ​ដែលមាន​តម្លៃ​ថ្លៃ​ជាង​មុន ដូច្នេះ​​ហើយ​បានជា​យើង​ត្រូវឱ្យ​មានការ​សាងសង់​ផ្លូវ​ដែលមាន​គុណភាព ចាប់ពីពេលនេះ​តទៅ​ផ្លូវ​របស់​យើង​នឹងមាន​តម្លៃ​ថ្លៃ​ជាង ដោយសារ​យើង​ចាក់​បេតុង​កៅស៊ូ AC ដើម្បី​ធានា​គុណភាព​ប្រើប្រាស់​បានយូរ​»​។

លោក​ ហ៊ុន សែន កាត់​ខ្សែបូ សម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ​ ៣ ពីថ្ងៃ​ទី​ ២​ មីនា​។ រូបថត SPM

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​លោក វ៉ាង វិនធាន បាន​ថ្លែង​ដែរ​ថា ការដាក់​សម្ពោធ​ផ្លូវ​នេះ​បានបង្ហាញ​ឱ្យឃើញ​ពី​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ចិន និង​កម្ពុជា​។ ​លោក​ថា​៖ «​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវថ្នល់ ទាក់ទង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ​យើង​បានឃើញ​សមិទ្ធផល​ជាច្រើន​ដែល​ត្រូវបាន​សាងសង់ និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ហើយ​នៅ​ថ្ងៃ​អនាគត ប្រទេស​ចិន​នឹង​ផ្តល់ជំនួយ​ដល់​កម្ពុជា​តាម​លទ្ធភាព​របស់ខ្លួន​ដែល​អាច​ធ្វើបាន​ ដើម្បី​កែលម្អ​បណ្តាញ​ផ្លូវ​ទូទាំងប្រទេស​កម្ពុជា​»​។

ទាក់ទង​នឹង​ការស្ថាបនា​ផ្លូវ​នេះ រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល បាន​សម្ដែង​ការអរគុណ​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ចិន​ដែល​បានផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ជំនួយឥតសំណង និង​ជំនួយ​បច្ចេកទេស​ជា​បន្ដបន្ទាប់​ ដើម្បី​ចូលរួម​ស្ដារ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា​។

លោក​បាន​ថ្លែងថា កំណាត់​ផ្លូវ​នេះ​​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការលើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការធ្វើដំណើរ​របស់​ពលរដ្ឋ ជាពិសេស​ការធ្វើដំណើរ​កម្សាន្ត​ទៅ​ខេត្តកំពត និង​ខេត្ត​កែប​​ដែលជា​ខេត្ត​គោលដៅ​ទេសចរណ៍​ដ៏សំខាន់​សម្បូរ​ដោយ​ធនធាន ទេសភាព​​ធម្មជាតិ មាន​តំបន់​ជ្រលង​ភ្នំ និង​តំបន់​​ឆ្នេរ​ដ៏ស្រស់ត្រកាល ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។

លោក​បន្តថា​៖ «​បន្ថែម​ពីលើ​នេះ​ខ្សែផ្លូវ​នេះ​មាន​ភាពរឹងមាំ ធំ​ទូលាយ ដែល​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ​ព្រមទាំង​បញ្ចៀស​​បានការ​កកស្ទះ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ៤​ បាន​មួយកម្រិត​បន្ថែម​ទៀតផង​ដែរ​»​។

លោក​រដ្ឋមន្ត្រី​បន្តទៀតថា កំណាត់​ផ្លូវជាតិ​លេខ​ ៣ ក៏​ជា​ផ្នែក​មួយ​នៃ​ច្រករបៀង​ប៉ែក​ខាងត្បូង តាម​មាត់សមុទ្រ​នៃ​មហាអនុតំបន់​មេគង្គ តភ្ជាប់​ផ្លូវ​អាស៊ាន​ហាយវេ​លេខ​ ១២៣ (AH123) ​ពី​ប្រទេស​ថៃ​មក​កម្ពុជា​តាមរយៈ​ផ្លូវជាតិ​លេខ​ ៤៨ ហើយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​ ៤ ត្រង់​ចំការ​ហ្លួង​។ ​ផ្លូវជាតិ​លេខ​ ៣ ត្រង់ចំណុច​ផ្លូវបំបែក​វាលរេញ និង​បន្តទៅ​ប្រទេស​វៀតណាម​តាមរយៈ​ផ្លូវជាតិ​លេខ​ ៣៣ កាត់​តាម​កំពង់ត្រាច​ចេញទៅ​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម ព្រែកចាក​ (​កំពត​)-​សាសៀរ​ (​ហាទៀង​) ដែល​នឹង​ជួយ​ជំរុញ​កំណើន​​នៃ​ទំហំ​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ជិតខាង​។

សូមជម្រាបថា កំណាត់​ផ្លូវជាតិ​លេខ​ ៣ ចាប់ពី​ចោមចៅ​ទៅដល់​ក្រុង​កំពត ត្រូវបាន​ស្តារ​ម្តង​រួចមកហើយ​នៅ​ឆ្នាំ​ ២០០៨-២០១១ ប៉ុន្តែ​ដោយ​សង្កេតឃើញថា កំណើន​ចរាចរណ៍​មានការ​កើនឡើង រាជរដ្ឋាភិបាល​​បានសម្រេច​អនុញ្ញាត​ឱ្យ​ពង្រីក​កំណាត់​ផ្លូវ​នេះ ដោយ​ក្រាល​បេតុង​កៅស៊ូ AC ឡើងវិញ​។

តាម​គម្រោង​សាងសង់ កំណាត់​ផ្លូវជាតិ​លេខ ​៣ ​នេះ​មាន​ប្រវែង​​សរុប ១៣៤,៨២៦ ​គីឡូម៉ែត្រ បាន​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ​២៤,៥ ​ម៉ែត្រ​ក្នុងនោះ​ខ្សែ​ផ្លូវ​ឆ្លងកាត់​រាជធានី​-​ភ្នំពេញ​ប្រវែង​ ១២ ​គីឡូម៉ែត្រ ខេត្ត​កណ្តាល​ប្រវែង​ ១១ ​គីឡូម៉ែត្រ ខេត្ត​កំពង់ស្ពឺ​ប្រវែង​ ៣០ ​គីឡូម៉ែត្រ ខេត្ត​តាកែវ​ប្រវែង ​៣០​ គីឡូម៉ែត្រ និង​ខេត្តកំពត​ប្រវែង​ ៥១​ គីឡូម៉ែត្រ​។

គម្រោង​នេះ អនុវត្ដ​ការសាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​ (CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ក្វាងចូវវ៉ានអាន ដោយ​​ប្រើពេល​សាងសង់​អស់​ ៣៤​ ខែ គិត​ចាប់ពី​ខែតុលា ឆ្នាំ​ ២០១៨ ដល់​អំឡុង​ខែកក្កដា ឆ្នាំ​ ២០២១​។ ​ចំណែក​ឯការចំណាយ​ថវិកា​វិញ​អស់​សរុប​ប្រមាណ​ ២១៥,៣៨៨​ លាន​ដុល្លារ​អាមេរិក​ដែលជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រា​ប់​ការដោះស្រាយ​ផលប៉ះពាល់ និង​ពន្ធអាករ​​ផ្សេងៗ​៕