ភ្នំពេញៈ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ.វ.ត.ក​) ​ហៅ​កាត់​ថា សាលាក្តី​ខ្មែរក្រហម​បានដាក់​ឱ្យ​ដំណើរការ​សេវាកម្ម​ថ្មី​ចំនួន ​២ ក្នុងការ​ស្វែងរក​ឯកសារ​ប្រវត្តិសាស្ត្រ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកសិក្សា​ស្រាវជ្រាវ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ (​អ.វ.ត.ក) ​ចុះ​ថ្ងៃទី​ ១ ខែមីនា បាន​សម្រេច​ដាក់ឱ្យ​ដំណើរការ​សេវាកម្ម​ចូល​ពិនិត្យមើល​ឯកសារ និង​ដាក់ឱ្យ​ដំណើរការ​សាកល្បង​ការចូល​ពិនិត្យមើល​មូលដា្ឋន​ទិន្នន័យ​តុលាការ ដើម្បី​បង្កើន​ការចូល​ពិនិត្យមើល​កំណត់​ហេតុ​សំណុំរឿង​សាធារណៈ​។

អ.វ.ត.ក ​បន្តថា «​សាធារណជន​ដែល​ស្វែងរក​ឯកសារ​​ជាក់លាក់​ពាក់ព័ន្ធ​នឹង​ដំណើរការ​តុលាការ​នៅ​ចំពោះមុខ​ អ.វ.ត.ក​ នៅពេលនេះ​អាចដាក់​ពាក្យស្នើសុំ​ពិនិត្យ​ឯកសារ បាន​ដោយផ្ទាល់​ពី​គេហទំព័រ​»​។

សេចក្តី​ប្រកាស​បន្តថា អ.វ.ត.ក ​នឹង​ជួយ​ក្នុងការ​ស្វែងរក​ព័ត៌មាន​ដែល​បានស្នើសុំ ហើយ​ប្រសិនបើ​ចាត់​ប្រភេទ​ជា​ឯកសារ​សាធារណៈ ឯកសារ​ពាក់ព័ន្ធ​ទាំងនេះ​នឹងត្រូវ​កំណត់​អត្តសញ្ញាណ និង​បង្ហោះ​ទៅក្នុង​​គេហទំព័រ អ.វ.ត.ក ប្រសិនបើ​មិនទាន់មាន​។

អ.វ.ត.ក បន្តទៀតថា អ្នកសិក្សា​ស្រាវជ្រាវ អ្នកស្រាវជ្រាវ និង​អ្នក​ប្រកប​វិជ្ជាជីវៈ​នានា ដែល​ត្រូវ​ការចូល​ពិនិត្យមើល​កំណត់ត្រា​សំណុំរឿង​សាធារណៈ​នៅក្នុង​បណ្ណសារ​ឌីជីថល​​របស់ អ.វ.ត.ក អាចដាក់​ពាក្យស្នើសុំ​ចូល​ពិនិត្យមើល​មូលដ្ឋាន​ទិន្នន័យ​។

អ.វ.ត.ក បាន​បញ្ជាក់ថា បន្ទាប់ពី​ដំណាក់កាល​សាកល្បង​ដំបូង ការចូល​ពិនិត្យមើល​មូលដ្ឋាន​ទិន្នន័យ​បែបនេះ​នឹងដាក់​បញ្ចូល​ជា​បណ្តើរៗ​ផងដែរ​នូវ​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត​ហើយដោយ​មានការ​បង្កើត​គេហទំព័រ​ថ្មី​មួយ​នៅក្នុង​ឆ្នាំ​ ២០២៣ ហើយ​បុគ្គល​គ្រប់រូប នឹង​អាច​ចូល​ពិនិត្យមើល​បាន​។

អ.វ.ត.ក បានឱ្យដឹងថា ទិដ្ឋភាព​ទាំង ​២ ​នេះ ត្រូវបាន​អនុវត្ត​ដោយ​ស្របទៅតាម​កិច្ចព្រមព្រៀង​បន្ថែម​ទៅនឹង​កិច្ចព្រមព្រៀង​រវាង​អង្គការ​សហប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​តម្រូវឱ្យ អ.វ.ត.ក រក្សា និង​គ្រប់គ្រង​បណ្ណសារ​របស់ខ្លួន​ ដើម្បី​ឆ្លើយតប​ទៅនឹង​សំណើ​សុំចូល​ពិនិត្យមើល​ឯកសារ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ទៅដល់​សាធារណជន​។

ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ និង​ជា​អ្នកនាំពាក្យ អ.វ.ត.ក លោក នេត្រ ភក្ត្រា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការដាក់ឱ្យ​ដំណើរការ​នេះ​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃ​ជូនដំណឹង និង​ពុំមាន​គិតថ្លៃ​​នោះទេ​។ ​លោក​ថា​៖ «​ចូល​មើល​ឯកសារ​ដោយ​ឥតគិតថ្លៃ ហើយ​សារៈប្រយោជន៍​គឺ​ដើម្បីឱ្យ​អ្នក​​ដែល​សិក្សា​ស្រាវជ្រាវ អ្នក​ចង់​​ដឹង​សិក្សា​ពី​ប្រវត្តិសាស្ត្រ​គាត់​អាច​ស្វែង​រកបាន​នៅទីនេះ​»​។

កាលពីពេល​ថ្មីៗ​នេះ សាលាក្តី​ខ្មែរក្រហម​បាន​បើក​វគ្គ​បណ្តុះបណ្តាល​លើក​ទី​ ១ ​ស្តីពី​ការគ្រប់គ្រង​បណ្ណសារ​ជាមួយ​សា្ថប័ន​ដៃគូ រយៈពេល ​៦ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១៥ ដល់​ថ្ងៃទី​ ២២ ខែកុម្ភៈ ឆ្នាំ​ ២០២២ ដើម្បី​ពង្រឹង​​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​បណ្ណសារ​នៅ​កម្ពុជា​។ ​វគ្គបណ្តុះបណ្តាល​នេះ​តាក់តែង​ដោយ​​ក្រុមប្រឹក្សា​បណ្ណសារ​អន្តរជាតិ​ដែល​រៀបចំឡើង​សំដៅ​ដោះស្រាយ​បញ្ហា​នៃ​ការគ្រប់គ្រង​បណ្ណសារ​ដែល​ប៉ះពាល់​ដល់​ស្ថាប័ន​នានា​របស់​កម្ពុជា​។

អ.វ.ត.ក គូសបញ្ជាក់ថា នេះ​គឺជា​ការបណ្តុះបណ្តាល​លើក​ទី​ ១ នៅ​កម្ពុជា​ដែលមាន​ការសម្របសម្រួល​ដោយ​ប្រធាន​អង្គភាព​បណ្ណសារ​គឺ​លោកស្រី JIMENEZ SANCHEZ ​ហើយ​អ្នកចូលរួម​ទទួលបាន​ផលប្រយោជន៍​ពី​វគ្គបណ្តុះបណ្តាល​លើ​អភិបាលកិច្ច​ល្អ​ និង​វិធីសាស្ត្រ​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ​ក្នុង​ការគាំទ្រ ការរៀបចំ និង​ការ​អនុវត្ដ​ដំណើរការ​រក្សា​បណ្ណសារ​៕